ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, May 28, 2013

លោក កឹម សុខា បដិសេធ​​ការ​ចោទ​របស់​លោក ហ៊ុន សែន

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស និង​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​បំផ្លើស​ការ​ពិត​មក​លើ​ថ្នាក់ដឹកនាំ​ គណបក្ស​​​របស់​ខ្លួល ផ្ដើម​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយ ដែន អយុធ្យា
2013-05-28
កឹម សុខា ៣០៥
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​សមាជ​បក្ស​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Van Vichar

ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​បាន​វាយ​ប្រហារ​ធ្ងន់ៗ ចំពោះ​បុគ្គល​ដែល​​និយាយ​ថា កម្ពុជា​មិន​មាន​របប​ខ្មែរ​ក្រហម ឬ​គ្មាន​ការ​សម្លាប់​មនុស្ស។
គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​ឧសភា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ច្រាន​ចោល និង​ថ្កោល​ទោស​ចំពោះ​បុគ្គល ឬ​ក្រុម​ណា​ដែល​ព្យាយាម​ញុះញង់​បំបែក​បំបាក់​ខ្មែរ​បំផ្លើស​បំភ្លៃ​ការ​ពិត​ មក​លើ​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​គំនិត​ទុច្ចរិត ដើម្បី​កេង​ចំណេញ​នយោបាយ ឬ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ​នេះ។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា ថ្មីៗ​នេះ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​តាម​រយៈ​វេទិកា​សាធារណៈ ពិធី​សម្ពោធ​សមិទ្ធផល ឬ​ការ​ចេញ​ថ្លែងការណ៍​ពី​នេះ​ពី​នោះ ដោយ​ប្រើ​ពាក្យ​សម្ភី​ថែមថយ​មក​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ អាច​នាំ​ឲ្យ​​មាន​ភាព​វឹកវរ ឬ​អស្ថិរភាព​ក្នុង​សង្គម។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ។ លោក​ថា រូប​លោក​មិន​ដែល​បាន​និយាយ​ថា កម្ពុជា​គ្មាន​របប​ខ្មែរ​ក្រហម និង​គ្មាន​ការ​សម្លាប់​នៅ​គុក​ទួលស្លែង​នោះ​ទេ។

លោក កឹម សុខា៖ «គឺ​ខ្ញុំ​ដឹង​ថា មាន​របប​ហ្នឹង ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា របប​ហ្នឹង​ជា​អ្នក​សម្លាប់​ខ្មែរ អ្នក​ធ្វើ​ទារុណកម្ម​ខ្មែរ។ ទី​២ រឿង​ឧក្រិដ្ឋកម្ម​នៅ​ទួល​ស្លែង ក៏​ដូច​ជា​នៅ​កន្លែង​ផ្សេង​ទៀត ក៏​ខ្ញុំ​អត់​ដែល​បដិសេធ​ថា​អត់​មាន​ដែរ យើង​ដឹង​ថា​មាន។ ប៉ុន្តែ​អ្វី​ដែល​យើង​សោកស្ដាយ​ត្រង់​ថា គេ​អ្នក​ធ្លាប់​ធ្វើ​ខ្មែរ​ក្រហម គេ​បែរ​ជា​មក​ចោទ​យើង​ថា ខ្មែរ​ក្រហម​ទៅ​វិញ ហ្នឹង​ហើយ​ដែល​ពាក្យ​ខ្មែរ​គេ​ហៅ​ថា ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ»

ជាង​នេះ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​ដល់​សាធារណៈ​មតិ​ជាតិ​និង​អន្តរជាតិ ពី​គោល​បំណង​ឥត​ងាករេ​ចំនួន ៦​ចំណុច​របស់​ខ្លួន ក្នុង​ការ​សង្គ្រោះ បម្រើ ការពារ​ជាតិ​មាតុភូមិ​ខ្មែរ ដោយ​បញ្ជាក់​ថា បក្ស​សង្គ្រោះ​ជាតិ​គោរព​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។ ការពារ​ឯករាជភាព អធិបតេយ្យ បូរណភាព​ទឹក​ដី​ខ្មែរ គោរព​នីតិរដ្ឋ ប្រជាធិបតេយ្យ សេរី ពហុ​បក្ស គាំទ្រ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ដើម្បី​សង្គម គាំទ្រ​សីលធម៌​សង្គម អហិង្សា ផ្សះផ្សា​ជាតិ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ មិន​គុំកួន​សងសឹក​ខ្មែរ និង​គាំទ្រ​ការ​បង្កើត​ច្បាប់​ស្ដីពី​ការ​ដាក់​ទោស​លើ​បុគ្គល​ណា​ដែល​និយាយ​ ថា មិន​មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា។

ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​ឧសភា ចង់​បង្កើត​ឲ្យ​មាន​ច្បាប់​កាត់​ទោស​បុគ្គល​ដែល​និយាយ​ថា កម្ពុជា​គ្មាន​របប​ខ្មែរ​ក្រហម ឬ​ខ្មែរ​ក្រហម​មិន​សម្លាប់​មនុស្ស។
ការ​ថ្លែង​របស់​ប្រមុខ​ដឹកនាំ​ដូច្នេះ គឺ​ដើម្បី​ប្រតិកម្ម​ទៅ​នឹង​សម្ដី​លោក កឹម សុខា ដែល​បក្ស​ប្រជាជន​ចោទ​លោក​ថា លោក​និយាយ​​ថា គុក​ទួល​ស្លែង​ជា​គុក​សិប្បនិម្មិត ឬ​​វៀតណាម​ជា​អ្នក​បង្កើត ​​ទោះ​បី​លោក កឹម សុខា ​បដិសេធ​​ថា មិន​បាន​និយាយ​ពាក្យ​នេះ​​ក្ដី។

បញ្ហា​នេះ​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជា​តំណាង​រាស្ត្រ​រៀប​ចំ​សេចក្ដី​ ស្នើ​ច្បាប់​មួយ​ឡើង ដើម្បី​ដាក់​ទោសទណ្ឌ​​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​និយាយ​ថា កម្ពុជា​មិន​មាន​របប​ខ្មែរ​ក្រហម ឬ​របប​ខ្មែរ​ក្រហម​មិន​បាន​សម្លាប់​មនុស្ស៖ «គួរ​តែ​ត្រូវ​ធ្វើ​ច្បាប់​ មួយ​ដាក់​កំហិត​អ្នក​ណា​ថា​គ្មាន​របប​ប្រល័យ​ពូជ​សាសន៍ គឺ​ត្រូវ​មាន​ទោស​យ៉ាង​ម៉េច គឺ​សេចក្ដី​ស្នើ​ច្បាប់​របស់​រដ្ឋ​សភា ដើម្បី​ធានា​ថា របប​មួយ​នេះ​មិន​អាច​វិល​មក​វិញ»

លោក ហ៊ុន សែន បាន​ចោទ​លោក កឹម សុខា ថា ជា​អ្នក​មិន​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម និង​បង្ក​ឲ្យ​ប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស​មាន​ការ​​ឈឺ​ចាប់។ ត្រង់​ចំណុច​នេះ លោក កឹម សុខា បាន​ប្រតិកម្ម​ថា រូប​លោក​ក៏​ជា​ជន​រង​គ្រោះ​ម្នាក់​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដែរ។ ដូច្នេះ​លោក​មិន​ដែល​បាន​និយាយ​ថា មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម​កើត​មាន​នៅ​កម្ពុជា ដូច​ការ​ចោទ​របស់​លោក ហ៊ុន សែន ទេ។

លោក កឹម សុខា បាន​បដិសេធ​​ខ្សែអាត់​​សំឡេង​ដែល​បង្ហោះ​ដោយ​គណបក្ស​កាន់​​អំណាច​មួលបង្កាច់​រូប​លោក​ខុស​ការ​ពិត៖ «សូម ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ស្គាល់​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​ធ្លាប់​ធ្វើ​ខ្មែរ​ក្រហម។ តើ​មេដឹកនាំ​បក្ស​ណា​ដែល​មាន​ប្រវត្តិ​ចេញ​មក​ពី​បក្ស​កុម្មុយនិស្ត​ ឥណ្ឌូចិន ដែល​មាន​ប្រវត្តិ​មក​ពី​បក្ស​កុម្មុយនិស្ត​នៅ​ស្រុក​ខ្មែរ​ហ្នឹង? អ៊ីចឹង​បង​ប្អូន​លោក​ស្គាល់​ច្បាស់​ហើយ សុំ​បង​ប្អូន​ពិចារណា។ មួយ​ទៀត​ខ្ញុំ​ចង់​ប្រាប់ អ្វី​ដែល​មេដឹកនាំ​គណបក្ស​ប្រជាជន គឺ​សារ​ដែល​គេ​ផ្សាយ​នេះ គឺ​ខុស​ទាំង​ស្រុង ខុស​តាំង​ពី​ថ្ងៃ​ខែ។ គេ​ថា ខ្ញុំ​និយាយ​ហ្នឹង​នៅ​ខេត្ត​ព្រៃវែង ថ្ងៃ​ទី​១៨ ខែ​ឧសភា ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ខ្ញុំ​នៅ​ឯ​ខេត្ត​កំពង់ចាម ហើយ​សុន្ទរកថា​ខ្ញុំ​នៅ​ខេត្ត​កំពង់ចាម អត់​មាន​អី​និយាយ​ដូច​គេ​បំផ្លើស​ហ្នឹង​ទេ​បាទ!»

យ៉ាង​ណា​ក៏ដោយ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ បាន​ចាត់​ទុក​សារ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​របស់​ឥស្សរជន​នយោបាយ ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ថា​ជា​ព្រឹត្តិការណ៍​ដើម្បី​បង្កើន​កម្ដៅ​នយោបាយ ឬ​ក៏​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បោះ​ឆ្នោត​អាប់អួ។

លោក​ផ្ដល់​វិភាគ​ថា អ្នក​នយោបាយ​ទាំង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង ប្រសិន​បើ​បាន​ធ្វើ​កំហុស​អ្វី​មួយ​ប៉ះពាល់​ដល់​ពលរដ្ឋ ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ពី​កំហុស​ឆ្គង​និង​សុំ​ទោស​ពលរដ្ឋ៖ «សារ​នីមួយៗ​ ដែល​បាន​លើក​ឡើង យើង​អត់​បាន​ព្យាយាម​ថា ធ្វើ​ម៉េច​ឲ្យ​សារ​នោះ​វិជ្ជមាន ឲ្យ​សារ​នោះ​មាន​ទំនាក់ទំនង​ដល់​ប្រជាពលរដ្ឋ ឲ្យ​សារ​នោះ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​គិត​របស់​ប្រជាពលរដ្ឋ​ទេ។ យើង​ច្រើន​តែ​ចំណាយ​ពេល​វេលា ចំណាយ​ធនធាន​ដើម្បី​រក​កំហុស​អ្នក​ដទៃ​ទៅ​វិញ។ អា​ហ្នឹង​ខ្ញុំ​ថា មិន​សូវ​ជា​ល្អ ទាំង​គណបក្ស​ប្រឆាំង និង​ទាំង​គណបក្ស​កាន់​អំណាច»

កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រី​ឯ​ពេល​វេលា​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ៨ បាន​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ source http://www.rfa.org/khmer/news/politics/cnrp-reacts-to-cpp-accusation-05282013065433.html
 

0 comments:

Post a Comment

Thank you for your comments!













Search