ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Saturday, May 4, 2013
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម នេះរបស់បដិច្ចសមុប្បាទ
យ៉ាង
ណាម៉ិញ, ដោយសារមានពពកនៅក្នុងអាកាស ទើបមានភ្លៀងធ្លាក់ចុះ ។
ដោយមានភ្លៀងធ្លាក់ចុះ ទើបផ្លូវ ក្លាយទៅជារអិល ។
ដោយផ្លូវរអិល, ទើបមានមនុស្សដើរទៅដួល ។
មនុស្សរអិលដួលនោះបានត្រូវរបួស ។
យើងមើលឃើញភ្លៀងបង្អុរចុះមក
ព្រោះតែមានពពកនៅក្នុងអាកាស, ផ្លូវក្លាយទៅជារអិល
ព្រោះតែមានភ្លៀងបង្អុរ ចុះ, មនុស្សនោះដួល ក៏ព្រោះតែផ្លូវរអិល,
របួសរបស់គាត់កើតមានដោយសារតែតែការដួល ។
ដូច្នេះ ប្រសិនបើមិនមានពពកនៅក្នុងអាកាសទេ
នោះក៏ពុំអាចមានភ្លៀងធ្លាក់, នៅពេលនោះ ផ្លូវក៏មិនរអិល, ហេតុ
នេះមនុស្សក៏មិនអាចដួល ហើយមនុស្សក៏មិនអាចរងរបួសដែរ ។
តើក្រឹត្យក្រមនោះ ប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
នៅក្នុងខ្សែសង្វាក់នេះ យើងឃើញថា
ឧប្បត្តិហេតុមួយកើតឡើងអាស្រ័យដោយឧប្បត្តិហេតុដែលបានកើតមានមុន
នេះ ហើយបណ្ដាលអោយឧប្បត្តិហេតុថ្មីកើតមានបន្តបន្ទាប់ ។
អ្វីៗទាំងអស់ នៅក្នុងលោកយើងនេះអាចត្រូវបានគេពន្យល់
តាមខ្សែសង្វាក់មួយនៃហេតុ និងផលដូចនេះ ។
គ្មានអ្វីកើតមានឡើងដោយមិនអាស្រ័យអ្វីមួយដែលបានកើតមានពីមុន
ទេ ហើយគ្មានអ្វីមួយដែលមានដើមហេតុ អាចត្រូវបានគេយល់ថា
មិនបណ្ដាលអោយមានអ្វីមួយទៀតបន្តវេននោះទេ ។ ដូច្នេះ
អភិក្រមចេះតែបន្តគ្មានទីបំផុត ។ អ្វីៗទាំងអស់
អាចត្រូវបានសារត្រឡប់ទៅដល់អ្វីដែលបណ្ដាលអោយមានដើមហេតុ, ហើយ
អ្វីៗទាំងអស់អាចត្រូវបានតាមដានរហូតដល់អ្វីដែលកើតមានបន្ទាប់
នោះ ហើយដែលកើតមានឡើងអាស្រ័យដោយ អ្វីៗដែលមានមុនបន្ទាប់នោះ ។
តើវិទ្យាសាស្ត្រធ្វើដូចម្ដេចដែរ ?
វិទ្យាសាស្ត្រដោយឡែកគ្រាន់តែតាមដាន
ឬលំអាននៃព្រឹត្តិការណ៍មួយដោយពិពណ៌នារៀបរាប់ឡើងវិញ នូវ
បាតុភូតទាំងឡាយជាបញ្ច្រាស
ឬបណ្ដោយដែលព្រឹត្តិការណ៍នោះចងភ្ជាប់ទៅនឹងបាតុភូតទាំងនោះ ។
យ៉ាងណាម៉ិញ, ភូតគោមសាស្ត្របានប្រាប់យើងថាៈ
ការដុះដាលដ៏ល្អនៃដើមឈើមួយដើមគឺ អាស្រ័យលើការដាក់
ជីដ៏សមស្រប ហើយជីសមស្របគឺអាស្រ័យដោយបតិដ្ឋាភាគ (Constituants)
នោះៗ តាមលំដាប់លំដោយ ។ រូបវិទ្យាប្រាប់យើងអោយដឹងថា
ចលនារបស់ម៉ាស៊ីន ពឹងផ្អែកលើអនុភាពនៃចំហាយ ឯចំហាយពឹងផ្អែកលើទឹក
និងភ្លើង ។
សិគាលោវាទសូត្រ
សិគាលោវាទសូត្រនេះ
មានទម្រង់ជារបៀបសន្ទនារវាងព្រះពុទ្ធ និងយុវជនសិគាលៈ ឬ
ជារបៀបបច្ឆា-វិសច្ជនា យ៉ាងពីរោះ, អ្នកម្ខាងលើកឡើងនូវសំណួរ
ម្ខាងទៀតឆ្លើយនូវបញ្ហាកម្ម ។
ផ្ទៃរឿង
ដូចដែលខ្ញុំបានប្រាប់មកហើយ យ៉ាងនេះ ៖
ថ្ងៃមួយនោះ ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់កំពុងគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ ។
ពេលនោះ យុវជនមួយរូបឈ្មោះសិគាលៈ
ជាបុត្រនៃគ្រួសារមួយតែងភ្ញាក់ពីព្រលឹម
ហើយចេញដើរទៅក្នុងក្រុងរាជ គ្រឹះ ដោយមានសក់
និងសម្លៀកបំពាក់ទទឹកជោគ
លើកដៃទាំងពីរប្រណមឡើងថ្វាយបង្គំទិសទាំង ៦ គឺ ទិសខាងកើត
ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងខាងលើ។
នៅព្រឹកថ្ងៃនោះ
ព្រះបរមគ្រូទ្រង់យាងទៅបិណ្ឌបាត្រក្នុងក្រុងរាជគ្រឹះ ។
ព្រះអង្គបានទតឃើញសិគាលៈ កំពុងថ្វាយ បង្គំទិសដូច្នេះ
ទ្រង់បានមានព្រះតម្រាស់សួរថាៈ
-
ម្នាលយុវជន! ហេតុអី្វបានជាអ្នកក្រោកពីព្រលឹម ហើយធ្វើដំណើរចេញមកក្រុងរាជគ្រឹះ មានសក់ និង សម្លៀកបំពាក់ទទឹកជោគ ហើយថ្វាយបង្គំទិសដូច្នេះ ?
-
បពិត្រព្រះអង្គដ៏ចម្រើន ឳពុកខ្ញុំព្រះអង្គ មុនពេលគាត់អនិច្ចកម្ម បាននិយាយប្រាប់ខ្ញុំព្រះអង្គថាៈ ម្នាលកូនប្រុស ឯងគប្បីថ្វាយបង្គំទិសទាំង ៦ ។ ដោយគោរពតាមបណ្ដាំឳពុកខ្ញុំព្រះអង្គនោះ ទើបខ្ញុំព្រះអង្គក្រោកពីព្រលឹម ចេញមកកាន់ក្រុងរាជគ្រឹះ ថ្វាយបង្គំទិសទាំងឡាយ ។
-
ម្នាលយុវជន! ក្នុងសាសនាតថាគត គេមិនថ្វាយបង្គំទិសទាំង ៦ បែបនេះទេ ។
-
បពិត្រព្រះអង្គដ៏ចម្រើន ក្នុងសាសនាព្រះអង្គនេះ តើគេថ្វាយបង្គំទិសទាំង ៦ ដូចម្ដេចវិញ ? សូមព្រះអង្គមេត្តា សម្ដែងប្រាប់ខ្ញុំព្រះអង្គផង ។
-
បើដូច្នេះ យុវជន អ្នកចូរប្រុងស្ដាប់អោយមែនទែន តថាគតនឹងសម្ដែងប្រាប់ៈ ម្នាលយុវជន ! សាវ័កតថាគត បានវៀរចាកមិច្ឆាជីវៈ ៤ យ៉ាងអស់មួយជីវិត មិនធ្វើនូវអំពើបាប ដែលកើតមានអំពីអគតិ ៤យ៉ាងអស់មួយជីវិត មិនប្រព្រឹត្តអបាយមុខ ៦យ៉ាងដែលនាំអោយហិនហោចអស់ទ្រព្យសម្បត្តិអស់មួយជីវិត ។ សាវ័កតថាគត ដែលបានលះបង់នូវអំពើអាក្រក់ ១៤យ៉ាងនេះ ឈ្មោះថាជាអ្នកគោរពនូវទិសទាំង ៦ ។
ក- ដូចម្ដេចហៅថា មិច្ឆាជីវៈ ?
-
ការមិនសម្លាប់, ការមិនលួច, ការមិនប្រព្រឹត្តខុសក្នុងកាម គឺខុសនឹងគន្លងធម៌លើបុត្រ ភរិយាអ្នកដទៃ, និងការមិនពោលពាក្យកុហក ។
ខ- ដូចម្ដេចហៅថា ធ្វើអំពើបាប បណ្ដាលមកពីអគតិ ៤យ៉ាង ?
-
គឺអំពើបាបដែលកើតមកពីការស្រឡាញ់រាប់អាន (ឆន្ទាគតិ), ការខឹងក្រោធ ស្អប់ (ទោសាគតិ), ការល្ងង់ខ្លៅ (មោហាគតិ), និងការភ័យខ្លាច (ភយាគតិ) ។
គ- ដូចម្ដេចខ្លះហៅថា អបាយមុខ ៦យ៉ាង ?
-
គឺការប្រព្រឹត្តល្បែងស្រាជានិច្ច, ការដើរលេងតាឡទីច្រកល្ហកខុសពេលវេលា, ការប្រព្រឹត្តល្បែងស្រី, ការប្រព្រឹត្តល្បែងភ្នាល់គ្នា, ការសេពគប់មិត្តអាក្រក់ និងការខ្ចិលច្រអូស ។
-
ការប្រព្រឹត្តល្បែងស្រា រមែងមានទោស ៦យ៉ាង ៖ ហិនហោចទ្រព្យសម្បត្តិដែលមានហើយ, បង្កើតការឈ្លោះវិវាទ, នាំអោយមានកើតរោគបានដោយងាយ, ខូចចរិយាសណ្ដាប់ធ្នាប់, មិនមានការអៀនខ្មាសក្នុងការលែងខ្លួន និងនាំអោយខ្សោយប្រាជ្ញា ។
-
ការដើរលេងខុសពេលវេលា នាំអោយមានទោស ៦យ៉ាង៖ នាំអោយមានអសន្តិសុខដល់ខ្លួន, ដល់បុត្រ-ភរិយា, ដល់ទ្រព្យសម្បត្តិ, នាំអោយគេសង្ស័យថាជាមនុស្សប្រព្រឹត្តចោរកម្ម ជាដើម, ការចោទប្រកាន់ខុសបែបបទ អាចធ្លាក់មកលើខ្លួន, ហើយនឹងមានគ្រោះថ្នាក់ដទៃទៀតជាច្រើនដែលត្រូវជួបប្រទះ ។
-
ការប្រព្រឹត្តល្បែងស្រី មានទោស ៦យ៉ាង៖ នាំអោយគិតតែដើររករោងរាំ, រោងចម្រៀង, រោងដន្ត្រី, រោងល្ខោន, រោងល្បែងឆាបឃ្មោះ, និងរោងល្បែងស្គរ ឆៃយ៉ាំ ។
-
ការប្រព្រឹត្តល្បែងភ្នាល់គ្នា មានទោស ៦យ៉ាង៖ អ្នកឈ្នះតែងតែព្រួយបារម្ភចំពោះគំនុំចិត្តអ្នកចាញ់ , អ្នកចាញ់នឹង ស្ដាយទ្រព្យរបស់ខ្លួនដែលបានចេញទៅនោះ, ទ្រព្យសម្បត្តិដែលធ្លាប់មានមកហើយនោះ នឹងវិនាសបាត់បង់ទៅ វិញ, ពាក្យសម្ដីគ្មានតម្លៃនៅក្នុងតុលាការ, ត្រូវមិត្តភ័ក្ត្រ និងអ្នករាជការមើលងាយមើលថោក, មិនមាននរណាម្នាក់ ចង់ទាក់ទងអោយកូនចៅមានគូរស្រករជាមួយ ព្រោះគេនិយាយថា មនុស្សល្បែង មិនអាចចិញ្ចឹមភរិយារបស់ខ្លួនបានឡើយ ។
-
ការសេពគប់បាបមិត្ត មានទោស ៦យ៉ាង៖ អាចក្លាយទៅជាអ្នកល្បែង, អ្នកលេងស្រី, អ្នកប្រមឹក, អ្នកឆបោក, អ្នកលួចប្លន់, ជាមនុស្សមានមិត្តភ័ក្ត្រច្រើនតែជាមនុស្សកំណាច ។
-
មនុស្សទម្លាប់ខ្លួនអោយខ្ជិលច្រអូស មានទោស ៦យ៉ាង៖ មនុស្សនោះតែងតែនិយាយថាៈ ត្រជាក់ពេកធ្វើការមិន កើត, ក្ដៅពេក, ព្រឹកពេក, យប់ពេក, ឃ្លានពេក, ឆ្អែតពេក, ធ្វើការមិនកើត ។ ម្ល៉ោះហើយ កិច្ចការដែលត្រូវធ្វើ ប៉ុន្មានឥតបានធ្វើទាំងអស់ ។ ទ្រព្យសម្បត្តិថ្មីៗ គ្មានចូល ហើយទ្រព្យសម្បត្តិដែលបានរកមកហើយ ត្រូវចាយវាយអស់ ។
-
មិត្តមិនគួរសេពគប់មាន ៤ពួក៖ក- មិត្តល្មោភប្រាក់កាសៈចាយបន្តិចបន្តួច តែសម្លឹងយកប្រយោជន៍ច្រើន, ធ្វើការអ្វីដោយសារសេចក្ដីខ្លាច និងគិតតែ ពីប្រយោជន៍ផ្ទាល់ខ្លួន ។ខ- មិត្តបានតែមាត់ៈដល់ពេលមានកិច្ចការពឹងពាក់ម្ដងម្កាល ដោះដៃថាយ៉ាងនេះ យ៉ាងនោះ ។គ- មិត្តចាក់បណ្ដោយៈយល់ស្របទាំងអស់ក្នុងការធ្វើការអាក្រក់ ហើយប្រឆាំងជានិច្ចក្នុងការធ្វើត្រូវ សរសើរយើងតែនឹងមុខ និយាយដើមប្រាប់អ្នកដទៃពីក្រោយខ្នង ។ឃ- មិត្តជួយបំផ្លាញៈតាំងខ្លួនជាមិត្តរបស់យើង ពេលណាយើងមានលុយផឹកស៊ី ពេលយើងដើរលេង ខុសពេលតាមច្រក ពេលយើងទៅមើលកុនល្ខោន ឬទៅដើរលេងស្រី ឬក៏ក្នុងពេលដែលយើងកំពុងប្រព្រឹត្ត ល្បែងភ្នាល់ ។
-
មិត្តគួរសេពគប់រកមាន ៤ពួក៖ក- មិត្តឧបត្ថម្ភៈជួយថែទាំយើង ក្នុងពេលដែលយើងគ្មានអ្នកថែទាំ, ជួយថែរក្សាទ្រព្យសម្បត្តិយើង ក្នុងពេលដែលយើងមិននៅ, ជាពំនឹងរបស់យើង ក្នុងពេលដែលយើងមានភ័យ និងជួយរំលែកការងារដ៏លំបាកៗ បើយើងត្រូវការពឹងពាក់ ។ខ- មិត្តរួមសុខទុក្ខៈប្រាប់យើងនូវរឿងអាថ៌កំបាំងរបស់ខ្លួនគេ, បិទបាំងនូវអាថ៌កំបាំងរបស់យើង មិនបោះបង់ យើង នៅពេលដែលយើងមានការលំបាក ហ៊ានលះបង់សូម្បីជីវិតរបស់ខ្លួន ចំពោះជីវិតរបស់យើង ។គ- មិត្តមគ្គុទេសក៍ៈហាមឃាត់យើងមិនអោយធ្វើនូវអំពើខុស, រួបរួមជាមួយនឹងយើងក្នុងអំពើត្រូវ, ប្រាប់យើងនូវរឿងរ៉ាវដែលយើងមិនដែលធ្លាប់បានឮ, បង្ហា្ញញយើងនូវផ្លូវទៅរកសេចក្ដីសុខ ។ឃ- សមានមិត្តៈមិនត្រេកអរចំពោះគ្រោះថ្នាក់របស់យើង, រីករាយចំពោះការចំរុងចម្រើនរបស់យើង, ហាមឃាត់នរណាមួយដែលនិយាយអាក្រក់អំពីយើង, សរសើរបុគ្គលណាដែលនិយាយល្អពីយើង ។
ម្នាល់យុវជន, មាតាបិតា ទុកជាទិសខាងកើត,
គ្រូបង្រៀន ជាទិសខាងត្បូង, ភរិយា និងបុត្រធីតា ជាទិសខាងលិច,
មិត្តសំម្លាញ់ ជាទិសខាងជើង, អ្នកបម្រើ និងកម្មករ
ជាទិសខាងក្រោម, គ្រូឧបជ្ឈាយ៍ និងព្រាហ្មណ៍ ជាទិសខាងលើ ។
-
កូនគួប្បីសង្គ្រោះមាតាបិតាដោយន័យ ៥យ៉ាង៖- ត្រូវតែទំនុកបម្រុងលោកវិញ ព្រោះលោកបានទំនុកបម្រុងខ្លួនយើងពីមុនមក- ត្រូវតែជួយធ្វើការ សម្រាលភារៈរបស់លោក- ត្រូវរក្សាទុកនូវវង្សត្រកូល និងប្រពៃណីរបស់គ្រួសារ- ត្រូវតែធ្វើខ្លួនអោយសមគួរ ល្មមជាអ្នកទទួលនូវកេរមរតក,- ធ្វើបុណ្យទានឧទ្ទិសកុសលជូនលោក
-
ក្នុងន័យដូចគ្នា, មាតាបិតាគប្បីសង្គ្រោះបុត្រធីតាដោយន័យ ៥យ៉ាង៖- ហាមឃាត់កូនមិនអោយធ្វើអំពើអាក្រក់- ណែនាំកូនអោយធ្វើតែអំពើល្អ- អប់រំកូនអោយមានការងារមុខរបរសមរម្យ- រៀបចំអាពាហ៍ពិពាហ៍អោយកូន, និង- ប្រគល់កេរមរតកតាមការគួរ ។
-
សិស្សត្រូវឧបត្ថម្ភគ្រូ ដោយន័យ ៥យ៉ាង៖- ដោយការក្រោកទទួល- ធ្វើគារវកិច្ច- ចាំបម្រើគ្រូ- យកចិត្តទុកដាក់ក្នុងការរៀនសូត្រ- ចាត់ចែងទឹកក្ដៅ ទឹកត្រជាក់ គក់ច្របាច់ ។
-
គ្រូគប្បីសង្គ្រោះសិស្សដោយន័យ ៥យ៉ាង៖- ប្រៀនប្រដៅសិស្សដោយល្អ- បង្រៀនសិស្សដោយល្អ- បង្រៀនសិស្សគ្រប់មុខវិជ្ជាដែលខ្លួនចេះ- ប្រកាសគុណសម្បត្តិរបស់សិស្សក្នុងកណ្ដាលទីប្រជុំ- រក្សាការពារសិស្សគ្រប់មធ្យោបាយទាំងអស់ ។
-
ស្វាមីគប្បីសង្គ្រោះភរិយាដោយន័យ ៤យ៉ាង៖- ស្រឡាញ់រាបអានដ៏ស្មោះ- ពោលពាក្យទន់ភ្លន់ មិនមើលងាយមើលថោក- មិនក្បត់ ប្រគល់តំណែងជាស្រីមេផ្ទះពេញលក្ខណៈ- ផ្ដល់គ្រឿងអលង្ការផ្សេងៗ តាមការគួរ ។
-
ភរិយាគប្បីសង្គ្រោះស្វាមីដោយន័យ ៥យ៉ាង៖- ចាត់ចែងធ្វើការគ្រប់យ៉ាងដោយផ្ចិតផ្ចង់- រាប់អានញាតិខាងស្វាមី និងញាតិខាងខ្លួនដោយស្មោះស្មើ- ថែររក្សាទ្រព្យសម្បត្តិដែលស្វាមីរកមកទុកអោយគង់វង្ស- មិនក្បត់ចិត្តនឹងស្វាមី- ប៉ិនប្រសប់ និងប្រឹងប្រែងជានិច្ចធ្វើការគ្រប់យ៉ាងរបស់ខ្លួន ។
-
នាយចៅហ្វាយគប្បីសង្គ្រោះកម្មករដោយន័យ ៥យ៉ាង៖- តម្រូវអោយធ្វើការងារតាមសមគួរដល់កម្លាំង- ផ្ដល់អាហារ និងតម្លៃឈ្នួលតាមគួរ- ជួយព្យាបាល ក្នុងគ្រាមានជំងឺ- ចែករំលែកនូវវត្ថុចម្លែកៗ- អនុញ្ញាតច្បាប់សម្រាកតាមការគួរ ។
-
កម្មករគប្បីសង្គ្រោះចៅហ្វាយនាយដោយន័យ ៥យ៉ាង៖- ក្រោកពីដេកមុននាយចៅហ្វាយ- ប្រកបការងារមុនចៅហ្វាយនាយ- រីករាយទទួលតែវត្ថុអ្វីដែលអោយដល់ខ្លួន- ធ្វើការរបស់ខ្លួនដោយយកចិត្តទុកដាក់- និយាយសរសើរកិត្តិគុណរបស់នាយចៅហ្វាយក្នុងទីទាំងពួង ។
សិគាលោវាទសូត្រនេះមាននៅក្នុងគម្ពីរទីឃនិកាយ
ជាសូត្រខ្លីៗតែងាយយល់ ជាសូត្រស្ដីអំពីការរស់នៅដ៏ប្រសើរ
នៅក្នុងសង្គមមនុស្ស ។ សូត្រនេះមានអត្ថន័យ
និងគុណប្រសើរវិសេសសម្រាប់មនុស្សទូទៅ ហើយអាចយកមកអនុវត្តន៍
បានគ្រប់កាលៈទេសៈទាំងអស់ ។ ប្រពៃណី
និងការរស់នៅរបស់មនុស្សតែងប្រែប្រួលពីសតវត្សមួយទៅសតវត្សមួយ
តែគោលធម៌សំខាន់ៗ នៃចរិយាត្រូវ និងខុស ពុំប្រែប្រួលឡើយ ។
ឱវាទដ៏ប្រសើរនេះ នៅតែមានសេចក្ដីពិតរស់រវើកគ្រប់
ពេលវេលាទាំងអស់ ចំពោះមុនស្សទូទៅ ។ សិគាលោវាទសូត្រនេះ
ទាក់ទងទៅនឹងសង្គមមនុស្សទាំងស្រុង ។
ព្រះឱវាទរបស់ព្រះអង្គក្នុងសូត្រនេះ ងាយស្ដាប់
ងាយយល់ ហើយមានភាពពិតឥតល្អៀងផង ពីទិដ្ឋភាពគ្រប់យ៉ាង
នៃជីវិតប្រចាំថ្ងៃរបស់មនុស្សទូទៅ ។ ត្រង់នេះ
បញ្ជាក់អោយឃើញថាព្រះពុទ្ធ ព្រះអង្គបានស្គាល់យ៉ាងច្បាស់
នូវជីវិតរបស់ មនុស្ស, ជាអ្នកប្រាកដនិយម
មានព្រះទ័យពោរពេញទៅដោយមេត្តា និង ករុណា
ដែលជាកល្យាណមិត្តរបស់មនុស្ស ទាំងអស់ ។
បញ្ហាគ្រប់យ៉ាងនៃមនុស្សលោក
អាចរលុបរលាយសាបសូន្យទៅបាន
ប្រសិនបើពិភពលោកសិក្សាក្នុងសូត្រនេះ
ហើយប្រតិបត្តិតាមដោយម៉តចត់ ។ សិគាលោវាទសូត្រនេះ
ជាធម៌សម្រាប់ដោះស្រាយបញ្ហាសង្គម បញ្ហាសេដ្ឋកិច្ច និង
បញ្ហាសីលធម៌ ។ សិគាលោវាទសូត្រនេះ
ប្រសើរដាច់គេក្នុងចំណោមវណ្ណកម្មផ្សេងៗ ខាងសាសនា ក្នុងពិភពលោក ។
សូត្រនេះគ្មានលាយឡំនឹងទិដ្ឋ (ជំនឿផ្សេងៗ)
ឬបរមត្ថវិជ្ជាអាថ៌កំបាំងឡើយ
ព្រោះឱវាទក្នុងសូត្រនេះមានន័យភ្លឺច្បាស់លាស់
បំផុត
ប្រៀបដូចជាដុំត្បូងដែលគេបានច្នៃហើយយ៉ាងបរិសុទ្ធ ។ សូត្រនេះ
ជាពុទ្ធវចនៈផ្ទាល់ ដែលព្រះអង្គបានសំដែងប្រាប់ដល់មនុស្ស
ក្នុងពិភពលោកទាំងមូល ។
ប្រមូលរៀបរៀងដោយ ម៉ែន ប្រាង និងអាំ ឆន
ពិនិត្យ និងកែសម្រួលដោយ ឱម ខែម
ដកស្រង់ចេញពីទស្សនាវដ្ដី “កម្ពុជសុរិយា” ផ្សាយអក្សរសាស្រ្តសាសនា និងអក្សរសាស្ត្រទូទៅ
បោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ឆ្នាំទី ៤៨ លេខ ១ ខែ មករា-កុម្ភៈ-មីនា
ព.ស. ២៥៣៨ គ.ស. ១៩៩៤
បោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ឆ្នាំទី ៤៨ លេខ ១ ខែ មករា-កុម្ភៈ-មីនា
ព.ស. ២៥៣៨ គ.ស. ១៩៩៤
Source from http://khmerpoem.com
Subscribe to:
Post Comments
(Atom)