ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, May 17, 2013
រូប​កាសែត
បុរស​វ័យ​៣២​ឆ្នាំ កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ៧ ឧសភា ២០០៧។

AFP Photo

ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​នេះ គឺ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​​លើក​ទី​២០។ អ្នក​កាសែត​មួយ​ចំនួន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា ច្បាប់​និង​គោលការណ៍​មួយ​ចំនួន​សម្រាប់​ការ​ការពារ​សុវត្ថិភាព​អ្នក​កាសែត​ នៅ​កម្ពុជា សព្វថ្ងៃ​នៅ​​តែ​​​មាន​បញ្ហា​នៅ​ឡើយ ជា​ពិសេស​​ច្បាប់​សារព័ត៌មាន​ដែល​​ចែង​​​ពី​បទ​បរិហារកេរ្តិ៍ ​មិន​បាន​បញ្ជាក់​ន័យ​​​ច្បាស់​លាស់ បណ្ដាល​​​​ឲ្យ​អ្នក​សារព័ត៌មាន​​ងាយ​ប្រឈម​​គ្រោះ​ថ្នាក់។

នេះ​មិន​មែន​ជា​លើក​​ដំបូង​ទេ​ដែល​ក្រុម​អ្នក​កាសែត និង​អង្គការ​អន្តរជាតិ​នានា ទាមទារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ ចំណែក​ការ​រឹត​បន្តឹង​សេរីភាព​សារព័ត៌មាន​​របស់​រដ្ឋាភិបាល ក៏​មិន​មែន​មាន​តែ​ក្នុង​រដ្ឋាភិបាល​ជំនាន់​នេះ​ដែរ គឺ​កើត​​មាន​តាំង​ពី​ជំនាន់​មុនៗ​​មក​ម្ល៉េះ។

ហេតុ​អ្វី​បាន​ជា​អ៊ីចឹង? ព្រោះ​ថា ការ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន ដូច​ជា​កាសែត វិទ្យុ ទូរទស្សន៍ ជាដើម មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ក្នុង​សង្គម​ជាតិ​​​​នីមួយៗ ដូច្នេះ​ហើយ​ទើប​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​​​គ្រប់​ជំនាន់ តែងតែ​ប្រុង​ប្រយ័ត្ន​ជានិច្ច។ ទន្ទឹម​ការ​​​រឹត​បន្តឹង​នេះ​ដែរ ​រដ្ឋាភិបាល​គ្រប់​ជំនាន់​ក៏​តែង​​ព្យាយាម​កៀរគរ​សារព័ត៌មាន​ឲ្យ​គាំទ្រ​ ខ្លួន​ដែរ។

មើល​ទៅ​​សេរីភាព​សារព័ត៌មាន​នៅ​ស្រុក​​ខ្មែរ​ប្រហែល​ជា​មិន​​​អាច​ប្រសើរ ​បាន​ទេ ដោយសារ​​កត្តា​​​មួយ​ចំនួន ដូច​ជា​វប្បធម៌​ខ្មែរ គឺ​អ្នក​តូច​គោរព​កោត​ខ្លាច​អ្នក​ធំ។ ដូច​សុភាសិត​ខ្មែរ​​អប់រំ​កូន​ចៅ​​ថា «ពង​មាន់​កុំ​ជល់​នឹង​ថ្ម» ឬ​ក៏ «អ្នក​ធំ​ថា អ្នក​តូច​តវ៉ា អ្នក​ធំ​ធាក់»។ ទាំង​នេះ​បង្ហាញ​ថា ​សង្គម​ខ្មែរ​បាន​ដិតដាម​នូវ​​វប្បធម៌​គាប​សង្កត់ និង​​គោរព​កោត​ខ្លាច មិន​ថា​តែ​អ្នក​ដឹក​​នាំ​ក្នុង​ស្ថាប័ន​សង្គម​ទេ សូម្បី​តែ​ក្នុង​គ្រួសារ​ក៏​ដូច្នេះ​ដែរ។ ហើយ​វប្បធម៌​នេះ​បាន​ចាក់​ឫស​យ៉ាង​​ជ្រៅ​​នៅ​ក្នុង​សង្គម​​យូរ​លង់​មក​ហើយ ហើយ​នេះ​​ជា​កត្តា​រួម​ផ្សំ​​មួយ​​​​បន្ទច់បង្អាក់​​សេរីភាព​បញ្ចេញ​មតិ​ ដែរ។

ម្យ៉ាង​ទៀត ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ដោយ​ប្រើ​ច្បាប់​សារព័ត៌មាន ជា​កត្តា​មួយ​​នាំ​ឲ្យ​​​ប៉ះ​ពាល់​សេរីភាព​សារព័ត៌មាន​​ដែរ ជា​ពិសេស​ត្រង់​ចំណុច​បរិហារ​កេរ្តិ៍ ព្រោះ​​មិន​បាន​ចែង​ន័យ​ច្បាស់លាស់ ដែល​​ងាយ​​ធ្វើ​ឲ្យ​​​​អ្នក​សារព័ត៌មាន​​ជាប់​ទោស។ ជាក់​ស្ដែង​មាន លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​​ស្រាប់ បើ​ទោះ​បី​ពេល​នេះ លោក ម៉ម សូណង់ដូ ត្រូវ​​បាន​គេ​​ដោះលែង​ហើយ​ក្ដី។

មូល​ហេតុ​​ទាំង​នេះ​ហើយ​ដែល​អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ឈ្មោះ​ថា ហ្វ្រីដឹម ហោស (Freedom House) បាន​ចាត់​ទុក​ថា សេរីភាព​សារព័ត៌មាន​កម្ពុជា ឆ្នាំ​២០១៣ ធ្លាក់​ចុះ ដោយ​ដាក់​ចំណាត់​ថ្នាក់​​ស្ថិត​​ក្នុង​ប្រភេទ​ប្រទេស​មាន​ពណ៌​ក្រហម ជា​ប្រទេស​គ្មាន​សេរីភាព​​សារព័ត៌មាន​ទាំង​ស្រុង។ ហើយ​របាយ​ការណ៍​នេះ ត្រូវ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​តប​វិញ​ថា មិន​មាន​ការ​ពិត។

បើ​និយាយ​អំពី​ការ​គាប​សង្កត់ ការ​គំរាម​កំហែង​អ្នក​សារព័ត៌មាន​នោះ គឺ​កើត​មាន​ច្រើន​ជំនាន់​មក​ហើយ ​តាំង​​​ពី​ជំនាន់​អាណានិគមនិយម​​បារាំង មក​ម្ល៉េះ ​វា​ហាក់​​ក្លាយ​​ជា​ប្រពៃណី​​​​ទៅ​ហើយ។

គេ​នៅ​ចាំ​បាន​ថា ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ លោក ខៀវ សំផន អតីត​មេ​ខ្មែរ​ក្រហម ដែល​​កាល​នោះ​បង្កើត​កាសែត​មួយ​ឈ្មោះ​ជា​​ភាសា​បារាំង ថា ឡបស្ហ៊ើវាទ័រ (L’Observateur) ប្រែ​ថា «អ្នក​សង្កេត​ការ» ត្រូវ​បាន​​ប៉ូលិស​របប​សង្គម​​រាស្ត្រ​និយម វាយ​​សម្រាត​ខោ ហើយ​ថត​រូប ដោយសារ​​រិះគន់​​​​របប​សង្គម​និយម​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ ក្រៅ​​ពី​នេះ​​មាន​កាសែត​មួយ​ចំនួន​ត្រូវ​បិទ​ទ្វារ ហើយ​ អ្នក​កាសែត​ខ្លះ​ត្រូវ​​គេ​ចាប់​ដាក់​គុក​ដែរ។

រដ្ឋាភិបាល​ក្រោយ​មក​ទៀត​ក៏​ដូច​គ្នា។ ជំនាន់​លោក​សេនា​ប្រមុខ លន់ នល់ ដែល​ជា​របប​សេរី​ផង​នោះ នៅ​​តែ​ជា​រដ្ឋាភិបាល​​​បិទ​សិទ្ធិ​សេរីភាព​​សារព័ត៌មាន។ រដ្ឋាភិបាល​លោក លន់ នល់ បាន​​បង្កើត​ច្បាប់​សារព័ត៌មាន​​នៅ​ឆ្នាំ​១៩៧២ ដោយ​ចែង​​ត្រង់ៗ​តែម្ដង ហាម​អ្នក​កាសែត​រិះគន់​រូប​លោក​ផ្ទាល់ រួម​ទាំង​ថ្នាក់​ដឹក​​ជាន់​​ខ្ពស់​ដទៃ​ទៀត។ ដូច​ជា​មាត្រា ៣២ ចែង​ថា ហាម​ប្រើ​សារព័ត៌មាន​ប្រមាថ​ដូច ប្រធានាធិបតី​នៃ​សាធារណរដ្ឋ អនុ​ប្រធានាធិបតី និង​មេដឹកនាំ​ដទៃ​ៗ​ទៀត។
ក្នុង​របប​​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ កាសែត​ប្រហែល ២០ បាន​បើក​ តែ​បិទ​ទ្វារ​​វិញ​ដោយ​ខ្លួន​ឯង នៅ​សល់ ៤ ឬ ៥ ប៉ុណ្ណោះ​ ដោយ​សារ​តែ​មិន​អាច​​ទ្រាំ​ទ្រ​នឹង​​ការ​គាប​សង្កត់​ពី​សំណាក់​រដ្ឋាភិបាល​ បាន។ ច្បាប់​សារព័ត៌មាន​ក្នុង​របប លន់ នល់ មិន​ត្រឹម​ហាម​សរសេរ​ប៉ះពាល់​ថ្នាក់​ដឹក​នាំ​ទេ តែ​ថែម​ទាំង​ជំរុញ​អ្នកសារព័ត៌មាន​​ឲ្យ​​សរសេរ​អំពី​​គោលនយោបាយ និង​ចំណាត់​ការ​ល្អ​របស់​​រដ្ឋាភិបាល​​ទៀត​ផង។

សាហាវ​ជាង​នេះ​​ទៅ​ទៀត​នោះ គឺ​របប​​​​ខ្មែរ​ក្រហម ដែល​​​​គេ​ហៅ​ឈ្មោះ​​របប​នយោបាយ​​ផ្លូវការ​ថា «កម្ពុជា​ប្រជាធិបតេយ្យ» ដឹក​នាំ​ដោយ ប៉ុល ពត។ ពេល​វាយ​ឈ្នះ​របប លន់ លន់ ឆ្នាំ​១៩៧៥ ភ្លាម កុំ​ថា​ឡើយ​ត្រឹម​​​​​​គាប​សង្កត់​សេរីភាព​សារព័ត៌មាន ឬ​បិទ​បណ្ដាញ​សារព័ត៌មាន​ទាំង​ស្រុង​នោះ រដ្ឋាភិបាល​ខ្មែរ​ក្រហម​ដឹក​នាំ​ដោយ ប៉ុល ពត ​ដែល​គេ​ហៅ អង្គការ​នោះ បាន​កាប់​​សម្លាប់​អ្នក​សារព័ត៌មាន​ស្ទើរ​ផុត​ពូជ។

ក្នុង​របប ប៉ុល ពត ​ដែល​មេដឹកនាំ​របប​នោះ​​ចាត់​ទុក​សារព័ត៌មាន​ជា បិសាច​នៃ​ពួក​បស្ចឹម​ប្រទេស បំផ្លាញ​របប​នយោបាយ​ផ្ដាច់​ការ​របស់​ខ្លួន។ ប៉ុល ពត កម្ទេច​​បណ្ដាញ​ព័ត៌មាន​​ទាំង​អស់ ទុក​តែ​ស្ថានីយ​វិទ្យុ​របស់​រដ្ឋ​មួយ​គត់ ដែល​ឃោស​នា​​ឲ្យ​អង្គការ​រដ្ឋាភិបាល​របស់​ខ្លួន។ ចំណែក​ប្រជាពលរដ្ឋ​ធម្មតា រស់​នៅ​​រួម ដេក​រួម ហូប​បាយ​រួម ធ្វើ​ការ​រួម មិន​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​អ្វី​ទាំ​អស់ ក្រៅ​​​តែ​ស្ដាប់​​មេក្រូ​ដែល​សមមិត្ត​កម្មាភិបាល​ចាក់​​ផ្សាយ​តាម​ការដ្ឋាន ឬ​ស្ដាប់​​​​បទ​ឧទ្ទេសនាម​​កម្មាភិបាល​​​​ខ្មែរ​ក្រហម តាម​រយៈ​កិច្ច​ប្រជុំ​​តែ​ប៉ុណ្ណោះ។ អ្នក​ណា​​ហ៊ាន​និយាយ​ការ​ពិត ឬ​បញ្ចេញ​មតិ​​រិះគន់​របប​នោះ នឹង​ត្រូវ​បាត់​​ខ្លួន ឬ​យក​ទៅ​វ៉ៃ​ចោល​តែម្ដង គ្មាន​តុលាការ​​​ជំនុំ​ជម្រះ​​ទេ។

អ្នក​សារព័ត៌មាន​និង​បុគ្គលិក​រោង​ពុម្ព​ជាង ៣០០​នាក់ ត្រូវ​គេ​សម្លាប់​ក្នុង​របប ប៉ុល ពត។ ក្រោយ​​កងទ័ព​វៀតណាម ផ្ដួល​រំលំ​របប ប៉ុល ពត ពី​អំណាច​ឆ្នាំ​១៩៧៩ គេ​ឃើញ​មាន​អ្នក​កាសែត​តែ​​ពីរ​បី​នាក់​ប៉ុណ្ណោះ​សល់​ពី​ស្លាប់។ គិតៗ​​​ទៅ មេដឹកនាំ​ប៉ុន្មាន​ជំនាន់​មក​នេះ មិន​ខុស​ពី​ពាក្យ​ស្លោក​​​ខ្មែរ​​​ថា​ទេ គឺ «អ្នក​ធំ​ថា អ្នក​តូច​តវ៉ា អ្នក​ធំ​ធាក់»។ មែន! អ្នក​កាសែត​គេ​ធាក់​តែ​រហូត។

ប្រទេស​កម្ពុជា បាន​​ឆ្លង​កាត់​របត់​នយោបាយ​ជា​ច្រើន​ជំនាន់ ដូច​ជា​របប​​នាយ​ទុន​សង្គម​សក្ដិភូមិ អាណា​និគម​​បារាំង រាជា​និយម របប​សាធារណរដ្ឋ ​របប​កុម្មុយនិស្ត ប៉ុល ពត ប្រកាន់​លទ្ធិ​ម៉ៅ បន្ទាប់​មក​គឺ​​របប​លោក ហេង សំរិន ដែល​ជា​របប​កុម្មុយនិស្ត​​បែប​ម៉ាកឡេនីន ក្រោម​ការ​ត្រួតត្រា​របស់​កង​ទ័ព​​​វៀតណាម ​ហើយ​ក្រោយ​​មក​គឺ​​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២។

នៅ​ក្នុង​របប​លោក ហេង សំរិន ក្រោយ​ឆ្នាំ​១៩៧៩ គេ​អាច​និយាយ​បាន​ថា ជា​ការ​រស់​ឡើង​វិញ​នៃ​​សារព័ត៌មាន បន្ទាប់​ពី​របប ប៉ុល ពត បាន​បំផ្លាញ​ធនធាន​សារព័ត៌មាន និង​​វិស័យ​អ្វី​​ទាំង​អស់​​​​ដល់​ចំណុច​សូន្យ​រួច​មក។ ក៏​ប៉ុន្តែ សារព័ត៌មាន​ជំនាន់​នោះ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​បែប​កុម្មុយនិស្ត​ទាំង​​ ស្រុង មិន​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពិត ក្រៅ​តែ​ពី​ការ​សរសើរ​បក្ស។

ឆ្នាំ​១៩៩៣ កម្ពុជា​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​ខ្មែរ​ដែល​រៀប​ចំ​ឡើង​ ដោយ​អង្គការ​សហប្រជាជាតិ ហៅ​ថា អ៊ុនតាក់ (UNTAC)។ ចាប់​តាំង​ពី​ពេល​នោះ​មក កម្ពុជា​​ប្រកាន់​យក​របប​នយោបាយ​ដឹក​នាំ​ប្រទេស​បែប​លទ្ធិ​ប្រជាធិបតេយ្យ​​ ហើយ​រដ្ឋធម្មនុញ្ញ ​ធានា​ឲ្យ​ប្រើ​ប្រាស់​​​របប​សារព័ត៌មាន​សេរី ជំនួស​ការ​គ្រប់​គ្រង​បែប​កុម្មុយនិស្ត​​វិញ។

មក​ដល់​​​ពេល​នេះ​មាន​រយៈ​ពេល​ ២០​ឆ្នាំ​ហើយ ​ដំណើរ​ឈ្មោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​បក​ស្រាយ​ខុស​គ្នា។ ខ្លះ​ថា ប្រជាធិបតេយ្យ​អាស្រ័យ​កុម្មុយនិស្ត។ ទោះ​យ៉ាង​ណា លទ្ធិប្រជាធិបតេយ្យ​​​នៅ​កម្ពុជា ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ច្រើន​​ហើយ​ដែរ។ ក៏​ប៉ុន្តែ កម្ពុជា​នៅ​មាន​ផ្លូវ​ដ៏​ឆ្ងាយ​ត្រូវ​ដើរ​បន្ត​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ។ ក្នុង​ដំណើរ​នេះ សារព័ត៌មាន​​មាន​តួនាទី​យ៉ាង​សំខាន់ ជា​យាន​ចម្លង​ទៅ​កាន់​ត្រើយ​​​ប្រជាធិបតេយ្យ គឺ​ជា​សារព័ត៌មាន​សេរី ឯករាជ្យ និង​អាជីព​​​​ផ្សាយ​ព័ត៌មាន​ពិត មិន​​លម្អៀង ​បម្រើ​ផលប្រយោជន៍​សង្គម សម​ជា​ស្ថាប័ន​អំណាច​ទី​៤។

ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កន្លង​ទៅ​នេះ ក្នុង​​ដំណាក់​កាល​កម្ពុជា ផ្លាស់​ប្ដូរ​ពី​របប​កុម្មុយនិស្ត​មក​ប្រជាធិបតេយ្យ សារព័ត៌មាន​​ខ្មែរ​មាន​ចម្រុះ​គ្នា គឺ​មាន​សារព័ត៌មាន​ឯករាជ្យ សារព័ត៌មាន​របស់​បក្ស​ឯកជន ក្រុមហ៊ុន ហើយ​​ជួនកាល​សារព័ត៌មាន​ខ្លះ បាន​​ទៅ​ហួស​ព្រំដែន​​នៃ​វិជ្ជាជីវៈ ខ្វះ​ក្រម​សីលធម៌ ធ្វើ​ឲ្យ​ប៉ះ​​ពាល់​សង្គម ក្រុម​អ្នក​នយោបាយ ឬ​ថ្នាក់​ដឹក​នាំ​ជាដើម។

២០​ឆ្នាំ​​កន្លង​ទៅ​នេះ ​សារព័ត៌មាន​ខ្លះ​​ដួល​រលំ​ដោយ​ហេតុផល​​ផ្សេងៗ ដូចជា ខ្វះ​វិជ្ជាជីវៈ បញ្ហា​​​សេដ្ឋកិច្ច​ នយោបាយ ការ​គំរាម​កំហែង​ជាដើម។ អ្នក​កាសែត​​ប្រហែល ១០​នាក់​ត្រូវ​គេ​សម្លាប់ អ្នក​កាសែត​ខ្លះ​​ទៀត​ប្ដូរ​​មុខ​របរ ខ្លះ​កំពុង​ជាប់​បណ្ដឹង​តុលាការ​នៅ​ឡើយ ក្នុង​ពេល​ដែល​សារព័ត៌មាន​ខ្លះ​ទៀត​​​បាន​ជោគជ័យ អនុវត្ត​តាម​​​វិជ្ជាជីវៈ មាន​​ក្រមសីលធម៌​​​ខ្ជាប់ខ្ជួន និង​​​ឯករាជ្យ ក៏​ប៉ុន្តែ​ប្លែក​ត្រង់​ថា 
 សារព័ត៌មាន​ទាំង​​នោះ​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​ជន​បរទេស។

កម្ពុជា​សព្វថ្ងៃ​មាន​កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ បោះ​ពុម្ព​ជា​ភាសា​ខ្មែរ​ចំនួន​ជាង ៦០០​អង្គភាព។ មាន​វិទ្យុ អេហ្វអឹម ជាង ១០០​ស្ថានីយ ទូរទស្សន៍​ជាតិ និង​ឯកជន ជិត ២០។

២០​ឆ្នាំ​កន្លង​ទៅ ​​ឃើញ​ថា វិស័យ​សារព័ត៌មាន​ខ្មែរ​បាន​អភិវឌ្ឍន៍​​​តាម​វិជ្ជាជីវៈ​បាន​ច្រើន បើ​ទោះ​បី​​ជួប​ឧបសគ្គ និង​ការ​លំបាក​ច្រើន​ក៏ដោយ ដូច​ជា​កញ្ញា ឈាង បុប្ផា អ្នក​យក​ព័ត៌មាន​កាសែត កាំបូដ ស័រ (Cambodge Soir) ក្នុង​ចំណោម​អ្នក​​សារព័ត៌មាន ៣៤​រូប មក​ពី​ប្រទេស ១៩ ទទួល​រង្វាន់​​ប្រកប​​ដោយ​កិត្យានុភាព​របស់​អ្នក​និពន្ធ ហែលមែន/ហាំម៉េត (Hellman/Hammett) ឆ្នាំ​២០០៨ នៅ​ទីក្រុង​ញីវយ៉ក ក្នុង​សេចក្ដី​ក្លាហាន​ក្នុង​ការ​ប្រឈម​ធ្វើ​ទុក្ខបុកម្នេញ​​នយោបាយ។
លោក សំ រិទ្ធ អ្នក​សារព័ត៌មាន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ទទួល​រង្វាន់​ពី​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នា​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ស្ដី​អំពី​សិទ្ធិ​នារី និង​មាន​អ្នក​សារព័ត៌មាន​ខ្មែរ​ខ្លះ​​បាន​ទទួល​រង្វាន់​ស្នាដៃ​​ផ្សេង​គ្នា​ ដែរ។ តែ​នៅ​សល់​ពេល​វែង​ឆ្ងាយ​​ទៀត ​​ដែល​​អ្នក​សារព័ត៌មាន​នឹង​​ត្រូវ​ប្រឈម ​​និង​​​​បង្កើន​​គុណភាព​វិជ្ជាជីវៈ​របស់​ខ្លួន។

នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៣ នេះ ឃើញ​ថា អង្គការ​សហប្រជាជាតិ រួម​​ទាំង​អង្គការ​សារព័ត៌មាន​​ផ្សេងៗ ​​លើ​សកលលោក រួម​​​ទាំង​កម្ពុជា​ផង ព្យាយាម​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល​​​ណា​ដែល​​គាប​សង្កត់​សេរីភាព​ សារព័ត៌មាន សុំ​​​​ឲ្យ​បន្ធូរ​ដៃ ដោយ​​ជ្រើស​យក​ប្រធាន​បទ​មួយ​​ហៅ​ថា «និយាយ​ដោយ​សុវត្ថិភាព»។

សេរីភាព​សារព័ត៌មាន​នឹង​ធូរ​ស្រាល ឬ​រឹតតែ​តានតឹង​ជាង​​សព្វថ្ងៃ​នេះ ឬ​យ៉ាង​នោះ អា​ស្រ័យ​ទៅ​លើ​កត្តា​ថា តើ​កម្ពុជា​អាច​ហ៊ាន​ផ្លាស់ប្ដូរ​ទម្លាប់ «ពង​មាន់​កុំ​ជល់​នឹង​​ថ្ម» បាន​ឬ​ទេ? គឺ​មាន​ន័យ​ថា រិះគន់​ក្នុង​ន័យ​ស្ថាបនា។ ឯ​កត្តា​សំខាន់​មួយ​ទៀត​នោះ ថា​តើ​ថ្នាក់​ដឹក​នាំ​​​​រដ្ឋាភិបាល​ហ៊ាន​ទទួល​ស្គាល់​ថា សារព័ត៌មាន​សេរី ឯករាជ្យ ពិត​ជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ដែរ​នោះ​ ដែរ ឬ​ទេ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 source from:http://www.rfa.org/khmer/news/analysis/cam-press-freedom-05052013010811.html

0 comments:

Post a Comment

Thank you for your comments!













Search