ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, May 25, 2013

ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង នៃ​របប​ខ្មែរ​ក្រហម នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​សារមន្ទីរ​ទួលស្លែង ប្រតិកម្ម​ទៅ​នឹង​សម្ដី​របស់​លោក កឹម សុខា ដែល​បាន​ចាត់​ទុក​គុក​ទួលស្លែង ជា​គុក​សិប្បនិមិត្ត រៀបចំ​ដោយ​វៀតណាម។ ប៉ុន្តែ​រឿង​នេះ​ត្រូវ​លោក កឹម សុខា បដិសេធ។

ដោយ សុ ជីវី
2013-05-25
 
ជុំ​ម៉ី305
AFP Photo 
លោក ជុំ ម៉ី អតីត​អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង ក្នុង​ពេល​ឆ្លើយ​បំភ្លឺ​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០០៩។
ជន​រងគ្រោះ និង​ជា​អតីត​អ្នក​ទោស​គុក​ទួលស្លែង ឬ​មន្ទីរ​ឃុំឃាំង ស២១ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម ប្រកាស​ទាមទារ​អោយ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ នូវ​សម្ដី​ដែល​លោក​បាន​លើក​ឡើង​ពី​តួនាទី​មន្ទីរ​ឃុំឃាំង​មួយ​នេះ។

លោក ប៊ូ ម៉េង បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​បរិវេណ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ថា លោក​ជា​សាក្សី​ដែល​នៅ​រស់​រួច​ខ្លួន​ពី​អំពើ​ទារុណកម្ម​ក្នុង​មន្ទីរ​ ឃុំឃាំង មាន​ការ​ឈឺ​ចាប់ នៅ​ពេល​ដែល​ដឹង​ថា លោក កឹម សុខា ហៅ​មន្ទីរ​ឃុំឃាំង​នេះ​ថា​ជា​គុក​សិប្បនិមិត្ត។ លោក​ទាមទារ​ឲ្យ​លោក កឹម សុខា មក​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ជន​រងគ្រោះ​នៅ​ក្នុង​សារមន្ទីរ​ទួលស្លែង។

អតីត​អ្នក​ទោស​ម្នាក់​ទៀត លោក ជុំ ម៉ី មាន​ប្រសាសន៍​ថា ក្រុម​ជន​រងគ្រោះ​ទុក​រយៈពេល​ឲ្យ ១០​ថ្ងៃ ដើម្បី​អោយ​លោក កឹម សុខា ទៅ​សុំ​ទោស​នៅ​សារមន្ទីរ​ទួលស្លែង។

ប្រតិកម្ម​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម បាន​លើក​ហេតុផល​ថា លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​ក្នុង​ខេត្ត កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ថា គុក​ទួលស្លែង ជា​សិប្បនិមិត្ត ហើយ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ជា​ឆាក​ល្ខោន​ដែល​យួន​កុម្មុយនិស្ត​បាន​រៀបចំ​ទុក។ ប្រការ​នេះ ត្រូវ​ជន​រងគ្រោះ​ចាត់​ទុក​ថា​ជា​ការ​បំភ័ន្ត​សាធារណជន ជា​ការ​មាក់ងាយ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​ជន​រងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ជា​ពិសេស​អ្នក​ស្លាប់​នៅ​ក្នុង​គុក​ទួលស្លែង។

យ៉ាង​ណា ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​តប​ថា លោក​ពុំ​ដែល​បដិសេធ​ចំពោះ​អំពើ​ទារុណកម្ម ការ​សម្លាប់​រង្គាល និង​រឿងរ៉ាវ​ផ្សេង​ទៀត​នៃ​របប​ខ្មែរ​ក្រហម​ឡើយ ព្រោះ​លោក​ក៏​ជា​ជន​រងគ្រោះ​នៃ​របប​នេះ​ដែរ។ លោក កឹម សុខា បន្ត​ថា អ្វី​ដែល​លោក​លើក​ឡើង​កន្លង​មក ទាក់ទិន​នឹង​របប​ខ្មែរ​ក្រហម គឺ​ជា​ការ​វិភាគ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​មាន​ជា​ប្រវត្តិសាស្ត្រ ពី​អ្វី​ដែល​នៅ​ពី​ក្រោយ​ការ​បង្កើត​អោយ​មាន​របប​កម្ពុជា​ប្រជាធិបតេយ្យ។

មន្ទីរ ស២១ ឬ​គុក​ទួលស្លែង ត្រូវ​គេ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល​ឃុំឃាំង​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ និង​សម្លាប់​អ្នក​ទោស​ចំនួន​ជាង ១​ម៉ឺន​នាក់ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ដែល​មន្ទីរ​នេះ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ កាំង ហ្គេចអ៊ាវ ហៅ ឌុច។ បច្ចុប្បន្ន ឌុច ជា​អតីត​មេ​គុក​ទួលស្លែង ត្រូវ​សាលា​ក្តី​ខ្មែរ​ក្រហម កាត់​អោយ​ជាប់​ទោស​មួយ​ជីវិត ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​នៅ​មន្ទីរ​ឃុំឃាំង ស២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
Source http://www.rfa.org/khmer/news/politics/kr-victims-call-for-kemsokha-appology-05252013081030.html

0 comments:

Post a Comment

Thank you for your comments!













Search