ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, May 25, 2013

ព្រះចៅ​អធិការ​វត្ត​នៅ​ស្វាយរៀង​ត្រូវ​គេ​សម្លាប់​សង្ស័យ​ជា​រឿង​នយោបាយ

ព្រះចៅ​អធិការ​វត្ត​ថ្នាញ សង្កាត់​បាទី នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​ឃាត​កាល​ពី​អាធ្រាត្រ​ថ្ងៃ​ទី២៣ ឧសភា នៅ​ក្នុង​ទី​អារាម​នោះ។ មន្ត្រី​បក្ស​នយោបាយ សន្និដ្ឋាន​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល និង​សមត្ថកិច្ច​មូលដ្ឋាន ថា​ករណី​នេះ​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

ដោយ សេក បណ្ឌិត
2013-05-24
 មន្ត្រី​បក្ស​នយោបាយ សង្គម​ស៊ីវិល និង​សមត្ថកិច្ច កំពុង​សកម្ម​ស្វែង​រក​ការ​ពិត ជុំវិញ​រឿង​ឃាតកម្ម​លើ​ព្រះតេជព្រះគុណ កែវ តូច ជា​ព្រះចៅ​អធិការ​វត្ត​ថ្នាញ ស្ថិត​នៅ​ក្នុង​សង្កាត់​បាទី ក្រុង​បាវិត នៅ​ថ្ងៃ​សុក្រ ទី២៤ ឧសភា។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ប្រចាំ​ខេត្ត​ស្វាយរៀង លោក រៀល ខេមរិន មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​សុគត​របស់​ព្រះអង្គ​នេះ គឺ​ជា​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន ហើយ​នឹង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៖ «ក្នុង​ករណី​ហ្នឹង យើង​មក​ដល់​ទី​កន្លែង​ដែល​យើង​មក​ឃើញ​ហ្នឹង គឺ​មិន​ឆ្ងាយ​ពី​កុដិ​ដែល​លោក​សុគត​ហ្នឹង ៦ ទៅ ៧​ម៉ែត្រ មាន​ទួល​ដី​ខ្សាច់ មាន​ស្នាម​ជើង​មនុស្ស​ជាច្រើន​ប្រតាយប្រតប់​គ្នា ហើយ​នៅ​លើ​សាកសព​ព្រះអង្គ​ហ្នឹង យើង​ឃើញ​មាន​ស្លាកស្នាម ដូចជា ជាំ​ក ខាង​ឆ្វេង​លើ​ចិញ្ចើម​រយះ លលាដ​ក្បាល​ទ្រុត និយាយ​រួម​ទៅ​លើ​ផ្ទៃ​មុខ​របស់​ព្រះអង្គ​ជាំ​ទាំងអស់»
លោក​បន្ត​ថា ព្រះតេជព្រះគុណ កែវ តូច មាន​ព្រះជន្ម ៧៨​វស្សា គឺ​ជា​ឪពុក​បង្កើត​របស់​លោក កែវ មន្ថា ដែល​ទើប​តែង​តាំង​ជា​មន្ត្រី​សំខាន់​មួយ​រូប​ប្រចាំ​សង្កាត់​បាទី ទីក្រុង​បាវិត របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ផ្ទះ​របស់​គាត់​ក៏​ទើប​នឹង​លើក​ស្លាក​គណបក្ស​នា​ពេល​ថ្មីៗ​នេះ។
ក្រៅ​ពី​ព្រះសង្ឃ​សុគត នៅ​មាន​គ្រូ​បង្រៀន​ម្នាក់​ទៀត ឈ្មោះ សំ វុទ្ធី ដែល​ស្នាក់នៅ​ក្នុង​កុដិ​ជាមួយ​ព្រះតេជព្រះគុណ កែវ តូច នោះ ក៏​បាន​បាត់​ខ្លួន​នៅ​យប់​មាន​ឃាតកម្ម ថ្ងៃ​ទី២៣ ឧសភា នោះ​ដែរ។
ស្ត្រី​ជា​គូ​ដណ្ដឹង​របស់​លោកគ្រូ សំ វុទ្ធី គឺ កញ្ញា ប៊ិន សាវេត ឲ្យ​ដឹង​ថា មុន​បាត់​ខ្លួន​នៅ​ម៉ោង ៧​កន្លះ​យប់ ថ្ងៃ​ទី២៣ ឧសភា អ្នក​ទាំង​ពីរ​បាន​ទូរស័ព្ទ​និយាយ​ជាមួយ​គ្នា ហើយ សំ វុទ្ធី បាន​ប្រាប់​ថា​កំពុង​រៀបចំ​កន្លែង​ដេក​នៅ​កុដិ​របស់​ព្រះចៅ​អធិការ​នោះ បន្ទាប់​មក​ទូរស័ព្ទ​ក៏​ដាច់។ រហូត​ដល់​ម៉ោង​ប្រមាណ ៨​យប់ ថ្ងៃ​ដដែល បាន​ជួប​និយាយ​គ្នា​តាម​ទូរស័ព្ទ​ម្តង​ទៀត ប៉ុន្តែ​ការ​សន្ទនា​នោះ​មិន​ទាន់​ចប់​ផង ទូរស័ព្ទ​ខ្សែ​ម្ខាង​ទៀត​របស់​លោកគ្រូ សំ វុទ្ធី ក៏​លែង​ឮ​សំឡេង​ឆ្លើយ​តប ហើយ​ក៏​ដាច់​ការ​ទាក់ទង​គ្នា​រហូត ដោយ​មិន​ដឹង​ពី​មូលហេតុ៖ «និយាយ​ ឆ្លងឆ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង​ណា ក៏​បាត់​មាត់​គាត់​ទៅ ហើយ​អា​ដាច់​ចុង​ក្រោយ​ហ្នឹង មុន​ដាច់​ឮ​សំឡេង​គេ​ខ្ទប់​មាត់​គាត់ ហើយ​បាន​ដាច់​ទូរស័ព្ទ ដាច់​ភ្លាម​ខ្ញុំ​ចុច​ទៅ​វិញ​ភ្លាម តែ​អត់​មាន​អ្នក​លើក​ទេ ដល់​ហើយ​ទូរស័ព្ទ​ហ្នឹង​ក៏​ចុច​លេង​ចូល​ទៅ»
រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ ទី២៤ ឧសភា លោកគ្រូ សំ វុទ្ធី នោះ​នៅ​បន្ត​បាត់​ខ្លួន​នៅ​ឡើយ។
មន្ត្រី​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក ពិន ប៊ុនរ័ត្ន មាន​ប្រសាសន៍​ថា តាម​ការ​ស៊ើប​អង្កេត​របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី២៤ ឧសភា លោក​សន្និដ្ឋាន​ជា​បឋម​ថា នេះ​ជា​ករណី​ឃាតកម្ម ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​បញ្ហា​គំនុំ ឬ​អ្វី​នោះ​ទេ៖ «គេ​សម្លាប់​ព្រះសង្ឃ​នោះ​ហើយ គេ​លើក​យក​ទៅ​ដាក់​កន្លែង​ដូច​ដើម កន្លែង​លោក​សិង​វិញ​ទៅ អត់​មាន​រើ​កកាយ​អ្វី​ទាំងអស់»
ស្នងការ​រង​ប៉ូលិស​ក្រុង​បាវិត លោក ហែម សាបាន មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ឃាតកម្ម ប៉ុន្តែ​ករណី​នេះ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៖ «ខ្ញុំ​សន្និដ្ឋាន​មិន​ទាន់​បាន​ទេ​បាទ! ចាំ​ស្រាវជ្រាវ​ចប់​សិន ឥឡូវ​មិន​ទាន់​ចប់​ទេ នៅ​មាន​អាថ៌កំបាំង​នៅ​ឡើយ»
គេ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា បុរស សំ វុទ្ធី ដែល​បាត់​ខ្លួន​នោះ​ជា​ជន​រងគ្រោះ ឬ​ក៏​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​ដៃ​ដល់​ក្នុង​រឿង​ឃាតកម្ម​នេះ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។
មន្ត្រី​សិទ្ធិ​មនុស្ស និង​បក្ស​នយោបាយ សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ឃាតកម្ម​ដែល​កើត​មាន​នៅ​ពេល​បោះឆ្នោត​ ខិត​ជិត​ចូល​មក​ដល់​បែប​នេះ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​នេះ នៅ​ខេត្ត​ស្វាយរៀង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជន​មិន​ស្គាល់​មុខ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​មាន ២​ករណី​មក​ហើយ និង​ការ​លួច​ទម្លាក់​ស្លាក​គណបក្ស​នេះ​ជាច្រើន​ករណី​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
source http://www.rfa.org/khmer/news/politics/Chief-monk-was-killed-05242013094631.html

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត