ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, June 23, 2013
ដោយ វណ្ណ វិចារ
2013-06-23
បាតុកម្ម កឹម សុខា ៦១០
ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី ឈរ​លើក​បដា​ទាមទារ​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សុំ​ទោស​អតីត​អ្នក​ទោស​គុក​ទួលស្លែង នា​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​៩ មិថុនា ឆ្នាំ​២០១៣។
RFA/Van Vichar
ប្រទេស​កម្ពុជា ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន ៤​ដង​ទៅ​ហើយ។ នៅ​សល់​រយៈពេល​ជាង​១​ខែ​ទៀត ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នឹង​ចូល​មក​ដល់។ អ្នក​នយោបាយ​គណបក្ស​ធំ​ពីរ គឺ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចាប់​ផ្ដើម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ សំណាក់​ប្រជាពលរដ្ឋ។
តើ​មធ្យោបាយ​ប្រជែង​គ្នា​របស់​គណបក្ស​ទាំង​ពីរ​មាន​ផលប្រយោជន៍​ឬ​ទេ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ?

មិន​ខុស​ពី​ការ​បោះ​ឆ្នោត​មុនៗ​ទេ គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ​ដើម្បី​ស្រូប​ទាញ​ ប្រជាប្រិយភាព​របស់​ខ្លួន។ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​ប្រារព្ធ​សមាជ​រួម​បញ្ចូល​គ្នា ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ រួច​មក គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប្រើប្រាស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ស្ថាប័ន​រដ្ឋ ទៅ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។
អង្គភាព​នេះ​បាន​ផ្សព្វផ្សាយ​ខ្សែ​អាត់​សំឡេង​ដែល​ជា​ការ​ទិតៀន​គ្នា​ទៅ​ វិញ​ទៅ​មក​របស់​លោក សម រង្ស៉ី និង​លោក កឹម សុខា កាល​ពី​មិន​ទាន់​ជាគ្នា ព្រម​ទាំង​ដាក់​ឈ្មោះ​ខ្សែ​អាត់​នោះ​ថា អាយ៉ៃ​ឆ្លើយឆ្លង និង​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​យក​ទៅ​ប្រាប់​ពលរដ្ឋ​ថា មេ​បក្ស​ប្រឆាំង​ទាំង​២ មិន​អាច​រួបរួម​គ្នា​បាន​ទេ។
មុខ​របួស​គណបក្ស​ប្រឆាំង​ប៉ង់សឺម៉ង់ (រុំ​របួស) មិន​ទាន់​ជិត​ស្រួល​បួល​ផង ត្រូវ​គណបក្ស​កាន់​អំណាច​យក​ឈើ​ចាក់​បន្ថែម​ទៀ ក្រោយ​ការ​ចាក់​ផ្សាយ​អំពី​ការ​ធ្លាប់​បែក​បាក់​គ្នា​រវាង​មេ​បក្ស​ទាំង​ពីរ ​មិន​បាន​ប៉ុន្មាន​ផង លោក កឹម សុខុន ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក កឹម សុខា ចាប់​ផ្ដើម​វាយ​ប្រហារ​ទៅ​លើ​បង​របស់​ខ្លួន ដោយ​មាន​ខ្លឹមសារ​សំខាន់ គឺ​ធ្វើ​យ៉ាង​ម៉េច​កុំឲ្យ​ពលរដ្ឋ​ជឿ​លើ​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ។ សំដី​របស់​លោក កឹម សុខុន បាន​ត្រូវ​គេ​យក​ទៅ​ផ្សព្វផ្សាយ​ស្ទើរ​គ្រប់​កញ្ចក់​ទូរទស្សន៍​ក្នុង​ ប្រទេស។ ល្បិច​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ប្រើប្រាស់​ម្ដង​រួច​ទៅ​ហើយ​កាល​ទសវត្ស ​១៩៩០ ដែល​គណបក្ស​នេះ​យក​ព្រះអង្គម្ចាស់ នរោត្ដម ចក្រពង្ស់ ទៅ​បង្អាប់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក កឹម សុខុន ក៏​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ផ្ដល់​រង្វាន់​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ កណ្ដាល សន្តិសុខ​​ក្រសួង​មហាផ្ទៃ ពាក់​ផ្កាយ​ពីរ។
បន្ទាប់​ពី​ប្អូន​ប្រុស​លោក កឹម សុខា បាន​តំណែង​រួច​មក គណបក្ស​កាន់​អំណាច​នៅ​តែ​យក​ទឹក​អាស៊ីដ​ទៅ​លាង​មុខ​របួស​បក្ស​ប្រឆាំង​ដែល​ កំពុង​រីក​នោះ។ គណបក្ស​ប្រជាជន​លាតត្រដាង​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា ដែល​មាន​ពាក្យ​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម​បង្កើត។គ្រាន់​តែ​លឺ​ពាក្យ​នេះ​ភ្លាម លោក ជុំ ម៉ី ដែល​ជា​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រឆាំង​ស្រាប់​ផង​នោះ ក៏​បាន​ប្រកាស​តិះដៀល​លោក កឹម សុខា ថា​ជា​អ្នក​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​ទាមទារ​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​នេះ សូម​អភ័យទោស​ជា​សាធារណៈ។
បន្ទាប់​ពី​គ្មាន​ការ​សូម​អភ័យទោស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បង្ហើប​មុន​លោក ជុំ ម៉ី ដោយ​ទំនង​ជា​ដឹង​មុន​ថា អាច​នឹង​មាន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ ភ្លាមៗ​នោះ លោក ជុំ ម៉ី ​ក៏​បាន​ចេញ​លិខិត​មួយ​ស្នើ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោក​ឈរ​ឡើង ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​លោក កឹម សុខា។ មនុស្ស​ជាង ៣​ម៉ឺន​នាក់់ សុទ្ធ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស ចេញ​ធ្វើ​បាតុកម្ម​ព្រមៗ​គ្នា យក​ញត្តិ​ដាក់​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។
ស្រប​គ្នា​នោះ លោក ហ៊ុន សែន បញ្ជា​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អនុម័ត​ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យ ​ពូជ​សាសន៍​ខ្មែរ​ក្រហម​យ៉ាង​ឆាប់​រហ័ស ទោះ​បី​ជា​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ថា មិន​បាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ក៏ដោយ។
ឃើញ​មុខ​របួស​គណបក្ស​ប្រឆាំង​កាន់​តែ​ដុនដាប​ទៅៗ លោក ហ៊ុន សែន ក៏​បាន​ជួយ​អង្អែល​លេង​បន្តិចៗ ដោយ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ត​ទៅ​ទៀត។ តែ​ធាតុ​ពិត​គណបក្ស​ប្រឆាំង​មិន​បាន​ធូរ​ស្រាល​ប៉ុន្មាន​ទេ។ ផ្អាក​បាតុកម្ម​មែន តែ​លោក កឹម សុខា បែរ​ជា​ត្រូវ​ដើរ​ជាន់​បន្លា​បន្ថែម​ទៀត។ បណ្ដឹង​ចំនួន ២ បាន​ទៅ​ដល់​ដៃ​តុលាការ​ខេត្ត​ស្វាយរៀង និង​តុលាការ​រាជធានី​ភ្នំពេញ។ ករណី​ទី​១ ជា​បណ្ដឹង​របស់​ស្ត្រី​ម្នាក់ ឈ្មោះ សំ ផល្លា ជា​ម្ដាយ​របស់​ស្ត្រី​ដែល​អះអាង​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​អំឡុង​ពេល​លោក កឹម សុខា ចុះ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ ករណី​ទី​២ ជា​បណ្ដឹង​លោក ជុំ ម៉ី ប្ដឹង​ប្រឆាំង​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នូវ​ពាក្យ​ដែល​លោក កឹម សុខា ទំនង​ជា​បាន​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម បង្កើត។
ចំណែក​ឯ​គណបក្ស​ប្រឆាំង​វិញ ចាប់​ពី​បង្រួបបង្រួម​គ្នា​ជា​ផ្លូវការ​មក គណបក្ស​នេះ​ផ្តើម​ដោយ​គោលនយោបាយ​ដូចការ​បាញ់​គ្រាប់​កាំភ្លើង ដែល​គណបក្ស​កាន់​អំណាច​មិន​ធ្លាប់​ហ៊ាន​បាញ់​ទាល់តែសោះ។
គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង មាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​មាន​អាយុ​ចាប់​ពី ៦៤ ឡើង​ទៅ​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ កម្មករ ផ្ដល់​សេវា​សុខភាព​មិន​បង់​ប្រាក់​ចំពោះ​ជន​ក្រីក្រ ផ្ដល់​ការ​អប់រំ និង​បញ្ចុះ​តម្លៃ​ប្រេងសាំង ជី​កសិកម្ម អគ្គីសនី ជាដើម។
ពេល​បាញ់​កាំភ្លើង​តូច​បើក​ផ្លូវ​ហើយ គណបក្ស​ប្រឆាំង​បាញ់​កាំភ្លើង​ធំ​តែម្ដង គឺ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដើម្បី​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប) តាម​អនុ​សាសន៍​សង្គម​ស៊ីវិល និង​អនុសាសន៍​របស់​តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ អង្គការ​សហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi)។ បាតុកម្ម​ទី​១​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ដើម្បី​យក​ញត្តិ​ទៅ​ដាក់​ជូន គ.ជ.ប។ កង​កម្លាំង​សន្តិសុខ​រាប់​ពាន់​នាក់ បាន​ដាក់​ពង្រាយ​ដើម្បី​ទប់ស្កាត់​និង​បង្រ្កាប ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ហែ​ក្បួន​ឡើយ ដោយ​គ្រាន់​តែ​រង់ចាំ​ប្រគល់​ញត្តិ​ឲ្យ គ.ជ.ប នៅ​នឹង​ទីលាន​សេរីភាព​ប៉ុណ្ណោះ។
បាតុកម្ម​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ការ​សាក​ល្បង​ពី​សន្ទស្សន៍​នៃ​ការ​គាំទ្រ និង​វាស់​ស្ទង់​ពី​ទំហំ​ទប់ទល់ និង​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ប៉ុណ្ណោះ។ ពេល​នោះ​មន្ត្រី គ.ជ.ប បាន​បដិសេធ​មិន​ធ្វើ​ការ​ផ្លាស់ប្ដូរ​អ្វី​បន្តិច​ឡើយ ហើយ​ចាត់​ទុក​ថា ញត្តិ​គណបក្ស​ប្រឆាំង​មិន​មាន​តម្លៃ។
គណបក្ស​ជំទាស់​ប្រកាស​ធ្វើ​បាតុកម្ម​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ស្រប​ពេល​ដែល​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ការ​ជួប​ជុំ​នោះ​មាន​មនុស្ស​ជាង ៥​ពាន់​នាក់​ចូល​រួម ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​សហគមន៍​អឺរ៉ុប និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ ​នៅ​កម្ពុជា។ ហើយ​មាន​តែ​សកម្មជន​បក្ស​ប្រឆាំង ១០០​នាក់​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ហែ​ក្បួន។ ប៉ុន្តែ​ដល់​ពេល​ហែ​ក្បួន​ពិតប្រាកដ សកម្មជន​គណបក្ស​ប្រឆាំង​ជាង ៥​ពាន់​នាក់​បាន​ទម្លុះ​រនាំង​សមត្ថកិច្ច​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​តាម​ បំណង។
មន្ត្រី​បក្ស​ប្រឆាំង​ចូល​ជួប​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ និង​មន្ត្រី​សហគមន៍​អឺរ៉ុប សុំ​ឲ្យ​ភាគី​អន្តរជាតិ​ទាំង​ពីរ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប និង​អន្តរាគមន៍​យក​លោក សម រង្ស៉ី ចូល​ស្រុក​វិញ។ រី​ឯ​លោក សម រង្ស៉ី គេ​មិន​រំពឹង​ថា នឹង​បាន​ចូល​ស្រុក​វិញ​នោះ ក៏​បាន​ដើរ​ប្រកូកប្រកាស​ប្រាប់​អន្តរជាតិ​ឲ្យ​ជួយ។ រហូត​ដល់​រដ្ឋាភិបាល​ថៃ ​ដឹក​នាំ​ដោយ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​ស្រុក​ថៃ ទៀត ក្រោម​ហេតុផល​រក្សា​ទំនាក់ទំនង​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។
ក្រៅ​ពី​ប្រើ​កាំភ្លើង​ធំៗ បាញ់​លើ​គណបក្ស​ប្រជាជន គណបក្ស​ប្រឆាំង​ថែម​ទាំង​ប្រើ​គ្រាប់​បែក​បោក​បន្ត​កន្ទុយ​គ្នា​ទៀត។ បក្ស​កាន់​អំណាច​ត្រូវ​បាន​គណបក្ស​ប្រឆាំង​លាតត្រ​ដាង​នៅ​ឆាក​អន្តរជាតិ​លើ​ បញ្ហា​មួយ​ចំនួន ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​បំពាន​ដីធ្លី និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ជាដើម។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស គណបក្ស​ប្រឆាំង​បាន​រិះគន់​ពី​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍ ដែល​ផ្ដោត​សំខាន់​លើ​អន្តោប្រវេសន៍​ពី​ប្រទេស​វៀតណាម។
បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​សប្ដាហ៍​មុន ថែម​ទាំង​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​បណ្ដឹង​នេះ ចោទ​លោក ហ៊ុន សែន ថា បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្រប​​ច្បាប់។
សកម្មភាព​របស់​គណបក្ស​ធំៗ​ពីរ​មុន​ការ​បោះ​ឆ្នោត​នេះ ទំនង​ជា​ចេតនា​ក្នុង​ការ​យក​ឈ្នះ​គ្នា​ម្ខាងៗ ដោយ​វាយ​ប្រហារ​ចំ​ជីពចរ​រសើបៗ​របស់​គូប្រជែង​ប៉ុណ្ណោះ។ ព្រឹត្តិការណ៍​ទាំង​នោះ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ជក់ចិត្ត ប៉ុន្តែ​មិន​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​នោះ ​ឡើយ។ ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ចំណេះ​ដឹង​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​ថា​តើ​គួរ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត