ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, June 26, 2013
ដោយ វណ្ណ វិចារ
2013-06-26
បោះឆ្នោត ២០១៣ ៦១០
គណបក្ស​នយោបាយ​ចំនួន​៦ ចូលរួម​វេទិកា​ពិភាក្សា​គោល​នយោបាយ​ស្ដីពី​ការ​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​ បញ្ចេញ​មតិ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Vann Vichar
គណបក្ស​នយោបាយ​ចំនួន​៦ សន្យា​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា បើ​សិន​ជា​ជាប់​ឆ្នោត។ គណបក្ស​ទាំង​នោះ ភាគ​ច្រើន​សន្យា​ជំរុញ​ឲ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដែល​គំរាម​កំហែង​ដល់​សេរី​ភាព​និយាយ​ស្តី។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា​គោល​នយោបាយ​មួយ​ស្ដីពី​ការ​លើក​កម្ពស់​ សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា នា​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣ ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ចូលរួម​វេទិកា​ពិភាក្សា​នយោបាយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​ចូល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ សុទ្ធ​តែ​បញ្ជាក់​ជំហរ​ចង់​ឲ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដើម្បី​លើក​ស្ទួយ​ការ​បញ្ចេញ​មតិ។
គណបក្ស​ទាំង​នោះ​កត់​សម្គាល់​ឃើញ​ថា ពលរដ្ឋ​នៅ​តែ​រង​ការ​គំរាម​កំហែង រំលោភ​សិទ្ធិ ការ​បង្ក្រាប​ដោយ​ហិង្សា​ពេល​តវ៉ា​ជាដើម។ ចំណែក​អ្នក​សារព័ត៌មាន​វិញ ក៏​នៅ​ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​ការ​គំរាម​កំហែង និង​មាន​ករណី​ឃាតកម្ម​ថែម​ទៀត។
បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ចាន់រិទ្ធិ មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ នឹង​ជំរុញ​ឲ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​ព្រហ្មទណ្ឌ ដែល​និយាយ​ពី​បទ​ញុះញង់ និង​បទ​បរិហារកេរ្តិ៍​ជាដើម។ លោក​បន្ត​ថា ពលរដ្ឋ​កំពុង​តែ​រង​នូវ​ការ​គាប​សង្កត់​គ្រប់​បែប​យ៉ាង ដូច​ជា​ការ​ប្រើប្រាស់​ហិង្សា ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ចាប់​ដាក់​គុក និង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ទៀត​ផង។ លោក​ចោទ​ថា រដ្ឋាភិបាល​ព្យាយាម​បំបិទ​ព័ត៌មាន​គ្រប់​បែប​យ៉ាង មិន​អនុញ្ញាត​ឲ្យ​សាធារណជន​ដឹង​ឮ​នោះ​ទេ សូម្បី​តែ​អ្នក​តំណាង​រាស្ត្រ​ក៏​ពិបាក​ស្វែង​រក​ព័ត៌មាន​ដែរ។
ទន្ទឹម​នឹង​នេះ ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ដែល​ជា​អណិកជន​ខ្មែរ​មក​ពី​អាមេរិក នោះ ក៏​បាន​សន្យា​ថា​នឹង​នាំ​មក​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដោយ​បំពាក់​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស។ ហើយ​ពលរដ្ឋ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ថ្លៃ​ទូរស័ព្ទ​ប្រើប្រាស់​នោះ​ទេ។ ចំណែក​ឯ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា បង្ហាញ​ចេតនា​ចង់​ឲ្យ​លុប​បំបាត់​ច្បាប់​ស្ដីពី​ការ​ហាមប្រាម​ធ្វើ​ បាតុកម្ម។ ដោយ​អ្នកស្រី​យល់​ថា ការ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​មិន​គួរ​ត្រូវ​បាន​បង្ក្រាប ឬ​កម្រិត​ឡើយ ហើយ​អាជ្ញាធរ​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ការពារ​សុវត្ថិភាព​របស់​បាតុករ។ ចំពោះ​តំណាង​គណបក្ស​ពីរ​ផ្សេង​ទៀត គឺ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស សញ្ជាតិ​កម្ពុជា បាន​ថ្លែង​គាំទ្រ​សេរី​ភាព​បញ្ចេញ​មតិ​ដែរ ប៉ុន្តែ​មិន​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​មក​បង្ហាញ​នោះ​ទេ។
ទោះ​យ៉ាង​ណា​ក្តី តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​សមាជិក​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ លោក ហ៊ឹម សុធី មាន​ប្រសាសន៍​ថា សេរី​ភាព​បញ្ចេញ​មតិ​សព្វថ្ងៃ​មាន​ភាព​ប្រសើរ​ឡើង​ដោយ​កន្លែង ហើយ​បើ​សិន​ជា​កម្ពុជា មិន​មាន​សេរី​ភាព​បញ្ចេញ​មតិ​ក៏​មិន​អាច​មាន​វេទិកា​ពិភាក្សា​នយោបាយ​នេះ​ ដែរ។ លោក​បន្ត​ថា បើ​បក្ស​លោក​ឈ្នះ​ឆ្នោត​ម្តង​ទៀត លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ថា តើ​អាណត្តិ​កន្លង​ទៅ​ដែល​លោក​ឈរ​បំពេញ​ការងារ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​នោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​បែប​ណា​នោះ​ទេ។
ផ្ទុយ​ទៅ​វិញ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បែរ​ជា​ឲ្យ​តម្លៃ​ទៅ​លើ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ។ លោក​ចាត់​ទុក​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​បំផុត​ក្នុង​សង្គម​ ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​ពលរដ្ឋ​មិន​ចូលរួម​ទេ​នោះ ពួក​គេ​ក៏​មិន​បាន​សេរី​ភាព​ដែរ។ ហើយ​គណបក្ស​របស់​លោក​មិន​សន្យា​លើក​ស្ទួយ​សេរី​ភាព​បញ្ចេញ​មតិ​ទេ តែ​សុំ​ឲ្យ​ពលរដ្ឋ​ចូលរួម​ស្វែង​យល់ និង​ទាមទារ​សេរី​ភាព​ដោយ​ខ្លួន​ឯង។
នៅ​ក្នុង​វេទិកា​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ចូលរួម​នោះ​ទេ ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​ថា គណបក្ស​កាន់​អំណាច​រវល់។ ប៉ុន្តែ មន្ត្រី​បក្ស​កាន់​អំណាច​តាំង​ពី​តូច​ដល់​ធំ សុទ្ធ​តែ​ធ្លាប់​បាន​អះអាង​ថា សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា សម្បូរ​បែប​ហើយ។ លោក ហ៊ុន សែន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ ក៏​ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា កម្ពុជា មាន​សេរី​ភាព​បញ្ចេញ​មតិ​ពេញលេញ មិន​មាន​ការ​គាប​សង្កត់​ទេ សូម្បី​តែ​យុវជន​គណបក្ស​ប្រឆាំង​ហ៊ាន​ដាក់​ពាក្យ​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ ដែរ។
ទោះ​ជា​បែប​ណា​ក្តី លទ្ធផល​សង្ខេប​ស្ដីពី​កិច្ច​ពិភាក្សា​តុ​មូល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា ដែល​រៀបចំ​ឡើង​ចំនួន ៤​លើក តាំង​ពី​ខែ​មករា ឆ្នាំ​២០១៣ មក បង្ហាញ​ថា សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា កំពុង​តែ​ត្រូវ​រង​ការ​គំរាម​កំហែង។ កិច្ច​ពិភាក្សា​រក​ឃើញ​ថា បុគ្គល​ដែល​ហ៊ាន​រិះគន់​ពី​បញ្ហា​អសកម្ម​របស់​អាជ្ញាធរ ឬ​រិះគន់​អ្នក​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល ទទួល​ការ​យាយី ដូច​ជា​ការ​ចាប់​ខ្លួន ការ​ធ្វើ​ឃាត​ជា​ដើម។ ការ​មិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ ក៏​ធ្វើ​ឲ្យ​មនុស្ស​មិន​ហ៊ាន​និយាយ​ដែរ។ មិន​តែ​ប៉ុណ្ណោះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មេធាវី សកម្មជន​ការពារ​ដីធ្លី សុទ្ធ​តែ​ត្រូវ​រង​នូវ​ការ​បំភ័យ​ទាំង​ផ្លូវ​ច្បាប់ និង​ការ​បំភ័យ​ពី​ជន​មិន​ស្គាល់​មុខ។
កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា ក្រុម​ពលរដ្ឋ​ដែល​ធ្លាប់​មាន​បញ្ហា​ដីធ្លី​ជិត ១​ពាន់​នាក់ បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​តុលាការ​កាត់​ក្តី​ដោយ​ យុត្តិធម៌។ ហើយ​សង្គម​ស៊ីវិល បញ្ជាក់​ថា មនុស្ស​ចំនួន​ជាង ៥០០​នាក់ ដែល​សុទ្ធ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ការពារ​ដីធ្លី និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល ត្រូវ​បាន​អ្នក​មាន​លុយ​មាន​អំណាច ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក​ដោយ​ភាព​អយុត្តិធម៌។ ប៉ុន្តែ មិន​មាន​មន្ត្រី ក្រសួង​យុត្តិធម៌​ណា​ម្នាក់​ចេញ​មុខ​មក​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

0 comments:

Post a Comment

Thank you for your comments!













Search