ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 6, 2013
សភា​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៤ នៅ​ថ្ងៃ​ទី​៧ មិថុនា ស្អែក​នេះ ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង និង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ កម្ពុជា​ប្រជាធិបតេយ្យ និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត ក៏​ប៉ុន្តែ​សភា​មិន​បាន​អញ្ជើញ​ឲ្យ​​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​រួម​នោះ ​ទេ។
 ដោយ ទីន ហ្សាការីយ៉ា
2013-06-06
តំណាង​រាស្ត្រ​សម​រង្ស៊ី ៣០៥
សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ធ្វើ​ពហិការ​
មិន​ចូល​ប្រជុំ​សភា ដោយ​ឈរ​នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា 
ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ វិច្ឆិកា ២០០៩
RFA/Sok Serey


ទន្ទឹម​នេះ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា បាន​សម្រេច​ដក​តួនាទី និង​បង្កក​ប្រាក់​ខែ​សមាជិក​សភា​ទាំង​អស់ ហើយ​គ្រោង​នឹង​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្អែក​នេះ។
ក្រុម​អ្នក​វិភាគ​និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​សភា​អនុម័ត​ដក​តួនាទី និង​បង្កក​ប្រាក់ខែ​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​អង្គ​ប្រជុំ​នៅ​ ថ្ងៃ​ទី​៧ មិថុនា នោះ ហាក់​បី​ដូច​ជា​ការ​រំលាយ​សភា​ទាំង​មូល ហើយ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា ថ្វីត្បិត​តែ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាត្រា១ ២០ បាន​កំណត់​ថា សមាជិក​គណបក្ស​នយោបាយ​មួយ​ទៅ​ចូល​គណបក្ស​ថ្មី​មួយ​ផ្សេង​ទៀត ត្រូវ​បាត់បង់​តួនាទី​សភា​ជា​ស្វ័យប្រវត្តិ​ក្ដី ប៉ុន្តែ​លោក​អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា រដ្ឋសភា​ត្រូវ​មាន​តំណាងរាស្ត្រ​យ៉ាង​តិច​ចំនួន ១២០​រួប។ បញ្ហា​នេះ លោក​បញ្ជាក់​ថា ប្រសិន​បើ​សភា​បើក​កិច្ចប្រជុំ​ថ្ងៃ​ទី​៧ មិថុនា ហើយ​អនុម័ត​ច្បាប់​ផ្សេងៗ​ទៀត ដោយ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​នោះ មាន​ន័យ​ថា សភា​មិន​គ្រប់​លក្ខណៈ​នោះ​ទេ។

ការ​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា បាន​សម្រេច​និង​អនុម័ត​នូវ​របៀបវារៈ​ចំនួន ៦ កាល​ពី​ថ្ងៃ​ទី​៥ មិថុនា ក្នុង​នោះ​មាន​របៀបវារៈ​ចំនួន​ពីរ​ដែល​សំខាន់​នោះ គឺ​របៀបវារៈ ទី​១ ការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ ប្រជាធិបតេយ្យ និង​របៀប​វារៈ​ទី​៦ នឹង​អនុម័ត​លើ​សំណើ​សុំ​បង្កក​ប្រាក់​ខែ​របស់​អតីត​សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី ចំនួន ២៥​រូប គណបក្ស​សិទ្ធិ​មនុស្ស ៣​រូប និង​គណបក្ស នរោត្តម រណឫទ្ធិ មួយ​រូប​ទៀ ដែល​បាន​ក្លាយ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ទន្ទឹម​នឹង​នេះ ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​៦ មិថុនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ​ចំនួន ២៨​រូប មិន​ត្រូវ​បាន​សភា​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ ថ្ងៃ​ទី​៧ មិថុនា ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា បើ​សិន​ជា​សភា​អនុម័ត​ដក​តួនាទី និង​បង្កក​ប្រាក់​ខែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ មាត្រា ៧៦ បាន​ចែង​ថា រដ្ឋសភា​ត្រូវ​មាន​តំណាងរាស្ត្រ​យ៉ាង​តិច ១២០​រូប​នោះ។ សេចក្ដី​ថ្លែងការណ៍​បាន​ហៅ​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ រដ្ឋ​សភា​នេះ​ថា ជា​ទង្វើ​ខុស​ច្បាប់ ពីព្រោះ​ថា តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋ​សភា​នៅ​សល់ ៩៥​រូប​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​តិច​ជាង​ចំនួន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។ ទង្វើ​នេះ​ជា​ការ​រំលាយ​រដ្ឋ​សភា​មុន​នីតិកាល។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត​ ឡៅ​ ម៉ុងហៃ​ មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​នេះ ហាក់​ដូច​ជា​កំពុង​ដើរ​ផ្ទុយ​ពី​ប្រទេស​ប្រជាធិបតេយ្យ។ លោក ឡៅ ម៉ុងហៃ បាន​បញ្ជាក់​ថា ប្រសិន​បើ​សភា​បាន​អនុម័ត​ដូច​នឹង​ការ​ស្នើ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សភា​ផ្ដាច់ការ​ទៅ​វិញ​ទេ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ មិថុនា។

ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា លោក​បណ្ឌិត ជាម យៀប បាន​ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ថា លោក​បាន​ដាក់​លិខិត​ទៅ​ប្រធាន​សភា និង​ដាក់​ទៅ​លោក​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​បង្កក​ប្រាក់​ខែ​សមាជិក​សភា​គណបក្ស​ប្រឆាំង។ លោក ជាម យៀប បាន​លើក​ហេតុ​ផល​ថា ការ​ស្នើ​សុំ​នេះ ពី​ព្រោះ​សមាជិក​សភា​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​តួនាទី​ជា​តំណាងរាស្ត្រ​ត្រូវ​បាត់បង់ ដោយសារ​សមាជិក​សភា​ទាំង​នេះ​បាន​ចូល​រួម​គណបក្ស​ថ្មី ផ្អែក​តាម​ច្បាប់​ការ​បោះ​ឆ្នោត។

ម្យ៉ាង​វិញ​ទៀត មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​៦ មិថុនា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​មក​លើ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ដែល​អាច​នឹង​កើត​មាន ដោយសារ​តែ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ របស់​ខ្មែរ​ក្រហម ដែល​មាន​ការ​អំពាវនាវ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​នោះ ច្បាប់​នេះ​នឹង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​តាម​រយៈ​ការ​ដាក់​ កំហិត​មិន​ត្រឹមត្រូវ​មក​លើ​ការ​ពិភាក្សា​ជា​សាធារណៈ ការ​ស្រាវជ្រាវ និង​ការ​អប់រំ​អំពី​សម័យ​ខ្មែរ​ក្រហម និង​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ការ​បង្រ្កាប​មតិ​របស់​អ្នក​ប្រឆាំង​ក្លាយ​ទៅ​ជា​ ស្រប​ច្បាប់។

នៅ​ថ្ងៃ​ទី​៦ មិថុនា ដដែល​នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​ប្រធាន​សភា លោក ហេង សំរិន ដើម្បី​សុំ​ពន្យារ​ពេល​ការ​ពិភាក្សា និង​អនុម័ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​យោង​លើ​ការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល។

នៅ​ក្នុង​លិខិត​ស្នើ​សុំ​ពន្យារ​ពេល​នោះ បាន​អះអាង​ថា ការ​រៀបចំ​ឲ្យ​មាន​ច្បាប់​នេះ ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់ ព្រោះ​តែ​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​យក​មក​ធ្វើ​ការ​គាប​សង្កត់ និង​មួលបង្កាច់​ដល់​គណបក្ស​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ។ ហើយ​ថា រដ្ឋ​សភា​គួរ​តែ​ទុក​ពេល​វេលា​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​នេះ​មាន​គុណភាព ដើម្បី​ធានា​មិន​ត្រឹមតែ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​បដិសេធ​មិន​ទទួល​ស្គាល់​ នូវ​អំពើ​ប្រល័យ​ពូជ​សាសន៍​របស់​ពួក​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ដាក់​មាត្រា​មួយ​ចំនួន​ទៀត ដើម្បី​ហាម​ឃាត់​មិន​ឲ្យ​គណបក្ស​នយោបាយ​របស់​ក្រុម​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​ សាសន៍​នេះ ត្រូវ​បាន​បន្ត​ការងារ​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​សង្គម​ខ្មែរ​បន្ត​ទៀត ទោះ​ជា​ក្នុង​រូបភាព​ណា​ក៏ដោយ។ ត្រូវ​កំណត់​កុំ​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​អាច​ទទួល​បាន​តំណែង​ធំៗ​ ក្នុង​កិច្ចការ​រដ្ឋ ដូច​ជា​តំណែង​ប្រធាន​ព្រឹទ្ធ​សភា រដ្ឋ​សភា ឬ​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ [source]http://www.rfa.org/khmer/news/politics/opposition-mps-face-removed-06062013075622.html

0 comments:

Post a Comment

Thank you for your comments!













Search