ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, June 2, 2013
ដោយ វណ្ណ វិចារ
2013-06-02
ផ្អែក​តាម​របាយការណ៍​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា បើ​សិន​គណបក្ស​កាន់​អំណាច​បាន​សំឡេង​ឆ្នោត​ក្រោម ៥០% លោក​នឹង​ចុះ​ចេញ​ពី​តំណែង។

របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​របស់​អាមេរិក បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ត្រូវ​បាន​សាកសួរ​ចំនួន ២​ពាន់​នាក់ ក្នុង​នោះ ៧៩% ប្រាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​រដ្ឋាភិបាល​ក្នុង​ផ្លូវ​វិជ្ជមាន និង​ថា​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន បាន​កើន​ឡើង​ជា​លំដាប់​តាំង​ពី​ឆ្នាំ​២០០៦ មក។ តាម​រយៈ​របាយការណ៍​លោក ហ៊ុន សែន សន្មត​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ឆ្នោត ហើយ​បើ​ឈ្នះ​ក៏ដោយ ឲ្យ​តែ​សន្លឹក​ឆ្នោត​បាន​តិច​ជាង ៥០% លោក​នឹង​លា​លែង​ចេញ​ពី​តំណែង​ភ្លាម។

ក្នុង​ទិវា​កុមារ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដែល​ប្រារព្ធ​ធ្វើ​នៅ​កោះ​ពេជ្រ លោក ហ៊ុន សែន ថ្លែង​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ពិនិត្យ​លទ្ធភាព​ពង្រីក​ មន្ទីរពេទ្យ​បង្អែក​នៅ​តាម​ទី​ជនបទ និង​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ផ្សេង​ទៀត បញ្ចូល​បញ្ហា​មួយ​ចំនួន​ទៅ​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​៣ ទៀត​ផង។ លោក​បន្ត​ថា រឿង​ចាញ់​ឆ្នោត​គឺ​មិន​មាន​ឡើយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក លោក ហ៊ុន សែន បញ្ជាក់​ថា សូម្បី​តែ​របាយការណ៍​ស្ទង់​មតិ​ដែល​វិទ្យាស្ថាន​អន្តរជាតិ​មួយ​នេះ​ស្ទង់​ មតិ​ពី​គណបក្ស​ប្រឆាំង ក៏​លោក​មាន​នៅ​ក្នុង​ដៃ​ដែរ ដោយសារ​មាន​មន្ត្រី​បក្ស​ប្រឆាំង​បាន​ផ្ដល់​របាយការណ៍​នេះ​ឲ្យ​លោក៖ «គេ​ ហៅ​ថា ភាព​ឡើង​របស់​ខ្លួន ខ្ញុំ​បាន​និយាយ​ហើយ​ថា បើ​ដាំ​ក្បាល​ចុះ​ក្រោម ៥០% ខ្ញុំ​នឹង​ប្រកាស​អាសន្ន ហើយ​នឹង​ចុះ​ចេញ​ពី​តំណែង។ត្រូវ ៧៩% បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ៧៧% លោក​ឯង​នៅ​តែ​ចាញ់​អ៊ីចឹង។ ខ្ញុំ​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ លោក​ឯង​គ្មាន​ទៅ​រួច​ទេ អា ៧៥ និង ៥០ ក៏​ទៅ​មិន​រួច​ដែរ»

លោក​បន្ត​ថា មន្ត្រី​គណបក្ស​ប្រឆាំង​គ្រាន់តែ​អាច​ធ្វើ​ជា​រដ្ឋមន្ត្រី ប្រធាន​រដ្ឋ​សភា ឬ​នាយករដ្ឋមន្ត្រី​ឧទាហរណ៍​ចាប់​តាំង​ពី​ពេល​នេះ​ដល់​ថ្ងៃ​តែប៉ុណ្ណោះ។ ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ​ធ្វើ​ឡើង​តប​នឹង​ប្រសាសន៍​របស់ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ថា លោក ហ៊ុន សែន ខិតខំ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង ដោយសារ​ខ្លាច​ចាញ់​ឆ្នោត។

លោក កឹម សុខា ថែម​ទាំង​បបួល​លោក ហ៊ុន សែន ឡើង​វេទិកា​ជជែក​វែកញែក​ទល់​មុខ​គ្នា​តាម​កញ្ចក់​ទូរទស្សន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ឃើញ​ពី​សក្ដានុពល​របស់​បក្ស​ទាំង​ពីរ ដូច​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ជឿន​លឿន​ទៀត​ផង។ តែ​មន្ត្រី​គណបក្ស​ប្រជាជន​ប្រាប់​ថា មិន​ចាំបាច់​មាន​វេទិកា​បែប​នេះ​ទេ។

ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ រំពឹង​ថា គណបក្ស​ដែល​ទទួល​អាសនៈ​ច្រើន​ក្នុង​រដ្ឋ​សភា​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​បក្ស​សង្គ្រោះ​ជាតិ​និង​បក្ស​ប្រជាជន​កម្ពុជា។ បើ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេង​ក្រោម ៥០% បាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ហេតុ​នេះ​លោក ហ៊ុន សែន បើ​មិន​ចុះ​ចេញ​ពី​តំណែង​ក៏​មិន​កើត​ដែរ។ លោក​បន្ត​ថា បើ​បក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​បោះ​បង់​ចោល​ដែរ ដោយសារ​គោលនយោបាយ​បក្ស​ប្រឆាំង​មិន​ចាត់​ទុក​ខ្មែរ​ណា​ជា​សត្រូវ​ទេ
លោក​បញ្ជាក់​ថា តាម​ការ​ស្ទង់​មតិ​របស់ អាយ.អ.អាយ បង្ហាញ​ថា មនុស្ស​ចំនួន ៥៤% បាន​គិត​ថា នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កាលៈទេសៈ​ដែល​បក្ស​កាន់​អំណាច​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​ ស្រុង៖ «ក៏​ប៉ុន្តែ​ឥឡូវ​ហ្នឹង​គេ​និយាយ​តែ​គេ គេ​បំភ្លៃ​បំផ្លើស​រឿង​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ឱកាស​បាន​បក​ស្រាយ​ជូន​ប្រជាពលរដ្ឋ អ៊ីចឹង​វា​អត់​មាន​យុត្តិធម៌។ អ៊ីចឹង​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ ក៏​សាង​វប្បធម៌​ប្រជាធិបតេយ្យ ថ្នាក់​ដឹកនាំ​ប្រជាជន​ត្រូវ​មាន​សេចក្ដី​ក្លាហាន​ឡើង​មក​ជជែក​វែក​ញែក​ ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កញ្ចក់​ទូរទស្សន៍​នូវ​បញ្ហា​ ជាតិ​សំខាន់ៗ ដើម្បី​ឲ្យ​ពលរដ្ឋ​វិនិច្ឆ័យ​និង​សម្រេច»
ក្រុម​អ្នក​វិភាគ​បញ្ហា​នយោបាយ​នៅ​កម្ពុជា មួយ​ចំនួន​ចាត់​ទុក​ថា ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ជា​ការ​បញ្ជាក់​ពី​ជំនឿ​ចិត្ត​របស់​លោក​ ក្នុង​ការ​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​កាន់​អំណាច​ទំនង​ជា​នៅ​តែ​អាច​ជាប់​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ខាង ​មុខ​មែន ដោយសារ​តែ​គណបក្ស​កាន់​អំណាច​មាន​ឥទ្ធិពល​ខ្លាំង​លើសលប់​ជាង​គណបក្ស​ ប្រឆាំង។

ឥទ្ធិពល​ដែល​អាច​អូសទាញ​សំឡេង​ឆ្នោត​បាន​ច្រើន​នោះ មាន​ជាអាទិ៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​លើសលប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ កាន់​អំណាច ការ​ចែក​អំណោយ សារ៉ុង ប៊ីចេង ក្រមា ឲ្យ​ពលរដ្ឋ ការ​រំលឹក​ពី​ថ្ងៃ​៧ ខែ​មករា ដើម្បី​ឲ្យ​ពលរដ្ឋ​សង​គុណ ការ​ព្រមាន​ថា នឹង​មាន​សង្គ្រាម​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មិន​ទាន់​ឯករាជ្យ ល្បិច​រំខាន​គ្រប់​បែប​យ៉ាង​ទៅ​លើ​វេទិកា​ផ្សព្វផ្សាយ​របស់​បក្ស​ប្រឆាំង ការ​ដាក់​ចារកម្ម​បង្កប់​ក្នុង​បក្ស​ប្រឆាំង និង​ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ គ្រប់គ្រាន់​សម្រាប់​វិភាគ​ថា ពួក​គាត់​គួរ​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​សន្យា​កាល​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ ថា បើ​សិន​ជា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដី​នៅ​តែ​ឡើង​ថ្លៃ​ប្រទេស​នៅ​តែ​មាន​សន្តិភាព។ ប៉ុន្តែ​ពេល​បោះ​ឆ្នោត​រួច​មិន​បាន​ប៉ុន្មាន​ផង ហាងឆេង​ដី​ស្រាប់​តែ​ចុះ​ថោក ពលរដ្ឋ​ខ្លះ​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​រក​ស៊ី​ដី​ថែម​ទៀត ហើយ​កងទ័ព​ថៃ ក៏​នៅ​តែ​ឈ្លាន​ពាន​តំបន់​ព្រំដែន និង​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​មួយ​ដង​ជា​ពីរ​ដង។

ក្រៅ​ពី​នេះ ទំហំ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​កាន់​តែ​ធំ ដោយ​ផ្ទៃ​ដី​ជាង ២​លាន​ហិកតារ​ត្រូវ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស វិនិយោគ​បង្កើត​បាន​ជា​ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង ដែល​មក​ទល់​ពេល​នេះ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។

សង្គម​ស៊ីវិល​រំលឹក​ថា លោក​នាយករដ្ឋមន្ត្រី ក៏​ធ្លាប់​ប្ដេជ្ញា​ចិត្ត​ថា បើ​សិន​ជា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​មិន​បាន​សុខ​ចិត្ត​កាត់​ក្បាល តែ​បទល្មើស​នៅ​តែ​មាន ព្រៃ​ឈើ​កាន់​តែ​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុង ​អាណត្តិ​ទី​៤ នេះ ឡូត៍​នេសាទ​បាន​បំផ្លាញ​ធនធាន​ជលផល​យ៉ាង​ច្រើន ហើយ​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​ក្រុម​ឈ្លួញ​អ្នក​មាន​ជា​គ្នីគ្នា​ មន្ត្រី​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ម្យ៉ាង​ទៀត ម្ចាស់​ឡូត៍​ក៏​រក​ត្រី​លែង​បាន​ទៀត ទើប​លោក ហ៊ុន សែន បាន​លុប​ឡូត៍​នេសាទ​ទូទាំង​ប្រទេស​ទាំង​អស់ ដើម្បី​បង្កើន​ទិន្នផល​ត្រី​ឡើង​វិញ ហើយ​ការ​លុប​ឡូត៍​នេសាទ​នេះ ត្រូវ​បាន​ទទួល​ការ​សរសើរ​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
[source] http://www.rfa.org/khmer/news/analysis/pm-pledges-to-step-down-if-cpp-wins-less-than-50percent-06022013074412.html
 

0 comments:

Post a Comment

Thank you for your comments!













Search