ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 27, 2013

អ្នក​ឃ្លាំមើល៖ បក្ស​ខ្លះ​ជា​បក្ស​រណប​បក្ស​កាន់​អំណាច

អ្នក​ឃ្លាំមើល៖ បក្ស​ខ្លះ​ជា​បក្ស​រណប​បក្ស​កាន់​អំណាច
ក្រុម ​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ។ ពួក​គេ​អះអាង​ថា គណបក្ស​នយោបាយ​មួយ​ចំនួន កំពុង​ស៊ី​ឈ្នួល​របស់​គណបក្ស​កាន់​អំណាច ដើម្បី​បំបែក​សំឡេង​ក្រុម​បក្ស​ប្រឆាំង។
 
ដោយ តាំង សារ៉ាដា
2013-06-27 RFA
អង្គការ ​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឯករាជ្យ​មួយ បាន​ស្រាវជ្រាវ​ឃើញ​ថា គណបក្ស​មួយ​ចំនួន​ក្នុង​ចំណោម​គណបក្ស​ទាំង ៨ ដែល​ចុះ​បញ្ជី​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ​នោះ កំពុង​ធ្វើ​ជា​គណបក្ស​រណប​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (Nicfec) លោក ហង្ស ពុទ្ធា អះអាង​ថា មាន ​គណបក្ស​តូចៗ​មួយ​ចំនួន​បាន​ទទួល​លុយ​ពី​គណបក្ស​កាន់​អំណាច ដើម្បី​ដំណើរ​ការ​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​កំពុង​មាន​សក្ដានុពល។
លោក ហង្ស ពុទ្ធា៖ «ខ្ញុំ ​ធ្លាប់​បាន​វិភាគ និង​មាន​ការ​បែងចែក​ប្រភេទ​គណបក្ស។ ក្រៅ​តែ​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ជំទាស់​ដែល​កំពុង​មាន​សក្ដានុពល​សព្វ​ថ្ងៃ​នេះ ក៏​មាន​គណបក្ស​តូចៗ​មួយ​ចំនួន​ធ្វើ​ជា​គណបក្ស​រណប។ គណបក្ស​រណប​នេះ គឺ​ជា​គណបក្ស​ដែល​ទទួល​ថវិកា​ពី​គណបក្ស​ណា​មួយ ដូច្នេះ​គណបក្ស​រណប​នោះ មិន​មាន​គោលជំហរ​ពិត​ប្រាកដ​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បង្កើត​ឡើង​គ្រាន់​តែ​ជា​រណប ឬ​គ្រាន់​តែ​ជា​ទទួល​គាំទ្រ ឬ​ចាំ​ទទួល​បញ្ជា​ការងារ​ពី​គណបក្ស​ណា​មួយ»

គណបក្ស ​ទាំង ៨ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជឿ​ថា ពិត ​ជា​មាន​គណបក្ស​តូចតាច​ដើរ​ស៊ី​ឈ្នួល​របស់​គណបក្ស​កាន់​អំណាច​មែន។ លោក​បញ្ជាក់​ថា លោក​កម្រ​ឃើញ​គណបក្ស​ទាំង​នោះ​ចេញ​ឃោសនា​តាម​មូលដ្ឋាន និង​មិន​សូវ​មាន​គំនិត​បែប​យុទ្ធសាស្ត្រ​ក្នុង​កិច្ចការ​ប្រទេស​ជាតិ​នោះ​ ឡើយ៖ «នៅ ​យើង​ឯ​ណេះ​អ្នក​ដែល​ទទួល​ជំនួយ​ពី​គេ​បង្កើត​គណបក្ស​អ៊ីចឹង ដូច​ជា​ទៅ​ស៊ី​ឈ្នួល​គេ​អ៊ីចឹង​ទៅ វា​អត់​មាន​គំនិត​ខ្លួន​ឯង​បាទ! សព្វថ្ងៃ​គណបក្ស​តូចតាច​មួយ​ដែល​គ្នា​គ្មាន​មធ្យោបាយ​ផង​នោះ តាម​មើល​អត់​បាន​ចេញ​ឃោសនា ផ្សព្វផ្សាយ​ឲ្យ​បាន​រំពង ដូច​ជា​គណបក្ស​ធំៗ»
ក្រុម ​អ្នក​រិះគន់​និយាយ​ថា ក្នុង​រយៈពេល ៤​អាណត្តិ​មក​នេះ គេ​តែង​ឃើញ​គណបក្ស​តូចៗ​មួយ​ចំនួន​តែង​លេច​មុខ​ក្នុង​រដូវ​បោះ​ឆ្នោត​ ប៉ុណ្ណោះ។
គណបក្ស​តូចៗ​ដែល​លេច​មុខ​មក​តែ​ក្នុង​រដូវ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ទី​៥​នេះ រួម​មានគណបក្ស ​សញ្ជាតិ​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។
មជ្ឈដ្ឋាន ​ជា​ច្រើន​មាន​ការ​សង្ស័យ​ថា ក្នុង​ចំណោម​គណបក្ស​ទាំង​នេះ អាច​មាន​គណបក្ស​មួយ​ចំនួន​ទទួល​ការ​បណ្ដាក់​ទុន​ពី​ខាង​បក្ស​កាន់​អំណាច ដើម្បី​បំបែក​សំឡេង​ក្រុម​ប្រឆាំង។
អ្នក ​នាំ​ពាក្យ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ លោក​នៅ​មិន​ទាន់​រក​ឃើញ​ឯកសារ​ជាក់លាក់​ណា​មួយ​ដែល​គណបក្ស​នយោបាយ​មួយ​ចំនួន ​ទទួល​លុយ​ដើម្បី​ស៊ី​ឈ្នួល​បក្ស​កាន់​អំណាច​នោះ​ទេ៖ «គណបក្ស ​ខ្លះ​ឈរ​ឈ្មោះ​បី​បួន​ប្រាំ​អាណត្តិ​មក​ហើយ​នៅ​តែ​មិន​បាន​សំឡេង ខ្លះ​បាន​សំឡេង​បន្តិចបន្តួច ប៉ុន្តែ​នៅ​តែ​មាន​បង្កើត​គណបក្ស ហើយ​អត់​ឃើញ​មាន​ធ្វើ​សកម្មភាព​អ្វី​សោះ ហើយ​ដល់​ពេល​កៀរគរ​បោះ​ឆ្នោត​ស្រាប់​តែ​លេច​មុខ​តែម្ដង»
ទាក់ទិន ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នៃ​គណបក្ស​តូច​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង ៨ ក្នុង​បញ្ជី​បោះ​ឆ្នោត​អះអាង​ថា គណបក្ស​របស់​ខ្លួន​បង្កើត​ឡើង​ដោយ​ភាព​ស្អាតស្អំ​ផ្អែក​តាម​ឆន្ទះ​របស់​ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ និង​ក្នុង​ប្រទេស។
អ្នកស្រី ឌុក ថាច អនុ​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​មាន​ប្រសាសន៍​ថា ថវិកា​សម្រាប់​គណបក្ស​របស់​អ្នកស្រី​បាន​មក​ពី​ការ​រៃ​អង្គាស​ពី​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ជប៉ុន និង​ប្រទេស​អូស្ត្រាលី៖ «គណបក្ស ​របស់​ខ្ញុំ​នេះ និយាយ​ជា​រួម​ទៅ​សូម​ជម្រាប​លោក​ថា គឺ​សុទ្ធតែ​ចេញ​ពី​បេះដូង​ដ៏​ស្អាត​ហើយ​បរិសុទ្ធ ហើយ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឈប់​ក្រ។ ពួក​នាង​ខ្ញុំ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ហ្នឹង គ្មាន​បាន​ទទួល​ប្រាក់​ពី​គណបក្ស​ណា​មួយ​ទេ អត់​សោះ។ សូម្បី​តែ​មួយ​កាក់​មួយ​សេន​ក៏​អត់​ដែរ កុំ​ថា​ឡើយ​មួយ​ដុល្លារ។ នេះ​ខ្ញុំ​សូម​ជម្រាប​លោក​ដោយ​ស្មោះ»
ទោះ ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នកស្រី ឌុក ថាច មិន​អាច​ប្រាប់​បាន​ទេ​ថា តើ​ថវិកា​របស់​បក្ស​ខ្មែរ​ឈប់​ក្រ​មាន​ចំនួន​ប៉ុន្មាន​សម្រាប់​ប្រើប្រាស់​ លើ​ដំណើរការ ឃោសនា​រក​សំឡេង​ឆ្នោត​ទាំង​មូល​បាន​នោះ​ទេ។
ក្រុម ​អ្នក​វិភាគ​ខ្លះ​និយាយ​ថា ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​នយោបាយ​ដែល​គ្មាន​តម្លាភាព គឺ​ជា​ប្រភព​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមធម៌​ក្នុង​ការ​ឃោសនា​រក​ សំឡេង​ឆ្នោត អាច​មាន​វិបត្តិ​នយោបាយ និង​អាច​ធ្វើ​ឲ្យ​ខ្វះ​តុល្យភាព​នយោបាយ។
ប្រធាន ​អង្គការ និចហ្វិក លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា សម្រាប់​បញ្ហា​ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព​ពី​គ្រប់​គណបក្ស​នោះ កម្ពុជា​ត្រូវ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ៖ «អ៊ីចឹង ​យើង​ចង់​ឲ្យ​មាន​ច្បាប់​នេះ​ឡើង គឺ​ចង់​ឲ្យ​គណបក្ស​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ហាញ​ដោយ​ តម្លាភាព​ថា ខ្លួន​បាន​ប្រើប្រាស់​ថវិកា​ចំនួន​ប៉ុន្មាន ហើយ​ថវិកា​ទាំង​អស់​នោះ​បាន​មក​ពី​ប្រភព​ណា​មក ហើយ​និង​មាន​របាយការណ៍​ប្រចាំ​ឆ្នាំ​ជូន​ដល់ គ.ជ.ប ឬ​ក្រសួង​មហាផ្ទៃ»
ឆ្លើយ ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ​នៃ គ.ជ.ប មាន​ប្រសាសន៍​ថា បើ​ទោះ​បី​កម្ពុជា គ្មាន​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​នេះ ក៏​កម្ពុជា​នៅ​តែ​ដំណើរ​ការ​បោះ​ឆ្នោត​ទៅ​តាម​បែប​ប្រជាធិបតេយ្យ​ដដែល៖ «នេះ ​គ្រាន់​តែ​ជា​គំនិត​ផ្ទាល់​របស់​គាត់​ប៉ុណ្ណោះ។ គ.ជ.ប គ្រាន់​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​ទេ បើ​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​យើង​ធ្វើ ហើយ​ប្រទេស​មួយ​ចំនួន​ដែល​គេ​រៀបចំ​ការ​បោះ​ឆ្នោត​មុន​យើង គេ​ក៏​អត់​ទាន់​មាន​ច្បាប់​ហ្នឹង​ដែរ។ អ៊ីចឹង​វា​មិន​មែន​ទាល់តែ​មាន​បង្ហាញ​អា​ហ្នឹង​វា​មាន​តម្លាភាព​នោះ​ទេ វា​គ្រាន់​តែ​ជា​គំនិត​មួយ​ដើម្បី​រួម​ចំណែក​បន្ថែម​ឲ្យ​កាន់​តែ​មាន​ តម្លាភាព​ក្នុង​ការ​បង្ហាញ​ចំណូល​ចំណាយ​ក្នុង​ការ​បោះ​ឆ្នោត​ប៉ុណ្ណឹង»
បើ ​ទោះ​បី​ជា​កម្ពុជា នៅ​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​មែន ប៉ុន្តែ​កម្ពុជា​មាន​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាត្រា ២៧ ចែង​ថា ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ គឺ​ជា​ចំណូល​ដែល​បាន​មក​ពី​វិភាគទាន​របស់​សមាជិក​បក្ស និង​ចំណូល​ផ្សេងៗ​របស់​បក្ស​ដែល​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​ស្រប​ច្បាប់៕

0 comments:

Post a Comment

Thank you for your comments!













Search