ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, July 12, 2013
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​ប្រទាន​ការ​លើក​លែង​ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវ​ការ​ហើយ និង​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​បាន​វិល​ចូល​ប្រទេស​វិញ មុន​ការ​បោះឆ្នោត​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។
 ដោយ ម៉ម មុនីរតន៍
2013-07-12
រង្ស៊ី​ហ៊ុនសែន
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)
 និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) 
នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ 
នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។
AFP Photo

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រស់នៅ​ដោយ​និរទេស​ខ្លួន​អស់​រយៈពេល ៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៩ អាច​វិល​ចូល​ប្រទេស​វិញ​បាន​ដោយ​ពុំ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទោស​តាម​ផ្លូវ​ ច្បាប់​ទៀត​ឡើយ។
ព្រះរាជក្រឹត្យ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី១២ កក្កដា ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ហើយ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​សម្រេច​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវ​ការ​តាម​ការ​ស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​ទណ្ឌិត ហើយ​ការ​លើក​លែង​ទោស​នោះ គឺ​ឲ្យ​ផុត​ពី​អំណាច​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី១ មីនា ឆ្នាំ​២០១១ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​សាល​ដីកា​ស្ថាពរ​របស់​សាលា​ឧទ្ធរណ៍ ចុះ​ថ្ងៃ​ទី២០ កញ្ញា ឆ្នាំ​២០១១។
ចំណែក​លិខិត​ចុះ​ថ្ងៃ​ទី១២ កក្កដា របស់​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​មាន​ឆន្ទៈ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខាង​មុខ​នេះ ប្រព្រឹត្តិ​ទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ត្រូវ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម។ លិខិត​ស្នើសុំ​លើក​លែង​ទោស​លោក សម រង្ស៊ី របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​ជិត​មួយ​ខែ បន្ទាប់​ពី​លោក សម រង្ស៊ី ស្នើសុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី១៣ មិថុនា ដើម្បី​អាច​ឲ្យ​លោក​បាន​វិល​ចូល​ប្រទេស​កម្ពុជា វិញ មុន​ការ​បោះឆ្នោត​ត្រូវ​ចាប់​ផ្ដើម។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​ទស្សនវិស័យ​សន្តិភាព​ដ៏​ស៊ី​ជម្រៅ។ លោក​បន្ត​ថា ជាង​នេះ​ទៅ​ទៀត កិច្ច​អន្តរាគមន៍​នេះ​ផ្អែក​លើ​យន្តការ​មួយ​ចំនួន​ជា​អាទិ៍ យោង​លើ​សំណើ​របស់​លោក សម រង្ស៊ី សុំ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ និង​ជា​ចេតនា​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​របស់​លោក សម រង្ស៊ី ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ហើយ​ជា​ពិសេស គណបក្ស​ប្រជាជន​កម្ពុជា មាន​គោល​នយោបាយ​កសាង​សន្តិភាព​ជា​មូលដ្ឋាន​របស់​ខ្លួន។
លោក ផៃ ស៊ីផាន៖ «៣​ចំណុច​នៅ​ក្នុង​សាច់​រឿង​ហ្នឹង គឺ​ចំណុច​ទី១ ឯកឧត្ដម សម រង្ស៊ី បាន​ទទួល​ទោស​សុំ​ព្រះរាជទាន​ឲ្យ​ព្រះករុណា​សុំ​ព្រះរាជទាន​ទោស​រាល់​ការ​ វិនិច្ឆ័យ​ទោស​របស់​តុលាការ​កម្ពុជា ដើម្បី​ឲ្យ​ជន​ក្លាយ​មាន​សេរី។ ហើយ​ចំណុច​ទី​ពីរ ឯកឧត្ដម សម រង្ស៊ី លោក​បាន​លើក​ឡើង​អំពី​គុណធម៌​របស់​សម្ដេច​ក្នុង​កាយ​វិការ​បង្រួបបង្រួម​ ជាតិ ពង្រឹង​ផ្ទៃ​ក្នុង​កម្ពុជា តាម​រយៈ​ប្រសាសន៍​របស់​សម្ដេច​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី១០-១១ នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​ពោធិ៍សាត់។ អា​ហ្នឹង​ចំណុច​ទី​ពីរ សំខាន់។ ហើយ​ចំណុច​ទី​៣ យើង​សង្កេត​ឃើញ​ថា សម្ដេច​លោក​មាន​សីលធម៌ និង​គុណធម៌​នយោបាយ​ប្ដេជ្ញា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ រាជាណាចក្រ​កម្ពុជា»
គិត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​លើក​លែង​ទោស​ចំនួន ៤​ដង ក្នុង​ជីវិត​នយោបាយ​របស់​លោក។
លោក សម រង្ស៊ី និយាយ​តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុ​អាស៊ីសេរី ពី​ប្រទេស​បារាំង ជា​ទី​ដែល​លោក​រស់នៅ​ដោយ​និរទេស​ខ្លួន​នោះ​ថា កិច្ច​អន្តរាគមន៍​លើក​នេះ​ពុំ​មាន​ការ​ចរចា​លក្ខខណ្ឌ​ណា​មួយ​ក្រៅ​ឆាក​នោះ​ ឡើយ​ជាមួយ​លោក ហ៊ុន សែន ហើយ​លោក​ក៏​មិន​ទាន់​ប្រាកដ​ថា​នឹង​វិល​ចូល​ប្រទេស​កម្ពុជា វិញ​នៅ​ពេល​ណា​ប្រាកដ​នោះ​ដែរ៖ «ខ្ញុំ​ត្រូវ​រៀបចំ​ខ្លួន រៀបចំ​ឯកសារ រៀបចំ​ការងារ​មួយ​ចំនួន​ចប់​សព្វគ្រប់។ ជា​ពិសេស ខ្ញុំ​រង់ចាំ​លិខិត​ឆ្លង​ដែន​ថ្មី​របស់​ខ្ញុំ ដែល​មិន​ទាន់​នៅ​ក្នុង​ដៃ​ខ្ញុំ​ទេ។ ពេល​ណា​ខ្ញុំ​បាន​លិខិត​ឆ្លង​ដែន​ថ្មី ពេល​នោះ​ខ្ញុំ​នឹង​កំណត់​ថ្ងៃ​ធ្វើ​ដំណើរ​បាន​ភ្លាម​បាទ។ ប៉ុន្តែ​មិន​យូរ​ទេ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​បាទ»
លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា លោក សម រង្ស៊ី នៅ​តែ​ពុំ​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ឡើយ បើ​ទោះ​ជា​លោក​ត្រូវ​បាន​វិល​ចូល​ប្រទេស​កម្ពុជា ដោយ​ពុំ​មាន​ទោស​ក៏ដោយ។ លោក​អះអាង​ថា ប្រសិន​បើ​មាន​ការ​ប្រែប្រួល​នៅ​នាទី​ចុង​ក្រោយ​សម្រាប់​ជីវិត​នយោបាយ​របស់​ លោក សម រង្ស៊ី លុះត្រា​តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត។ ក៏ប៉ុន្តែ លោក​បញ្ជាក់​ថា ទោះ​ជា​បែប​ណា ស្ថានការណ៍​នៅ​ពេល​នេះ​ពុំ​អាច​ថយ​ក្រោយ​បាន​ឡើយ។
លោក ទេព នីថា៖ «ច្បាប់​បោះឆ្នោត​ដែល​នៅ​ជា​ធរមាន គឺ​មិន​អាច​ទេ​បាទ ព្រោះ​ថា​ឈ្មោះ​គាត់​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​ហើយ។ ហើយ​គាត់​ពុំ​មាន​សិទ្ធិ​បោះឆ្នោត​ទេ។ ហើយ​ក្នុង​ករណី​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គឺ​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​បាន​ទេ។ ហើយ​ម្យ៉ាង​ទៀត ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក៏​ដូច​ជា​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ត្រូវ​បាន​បញ្ចប់​អស់​ហើយ យើង​នៅ​ចាំ​តែ​ថ្ងៃ​បោះឆ្នោត​ប៉ុណ្ណោះ។ អ៊ីចឹង​ទេ គឺ​តាម​ច្បាប់​ដែល​ធរមាន​បច្ចុប្បន្ន មិន​អាច​ធ្វើ​បាន​ទេ។ វា​មិន​ដឹង​ជា​កែប្រែ​របៀប​ម៉េច​ទេ ព្រោះ​ថា​ការងារ​នេះ​វា​ទាក់ទង​នឹង​ច្បាប់ ហើយ​បើ​កែប្រែ គឺ​កែប្រែ​ច្បាប់»
លោក សម រង្ស៊ី មាន​គម្រោង​វិល​មក​ប្រទេស​វិញ​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​ អាណត្តិ​ទី៥ នា​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។ ហើយ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ភ្នំពេញ​ផ្ដន្ទាទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​បរិហារកេរ្តិ៍​លោក ហោ ណាំហុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search