ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, July 17, 2013
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ប្រហែល ៤​ឆ្នាំ។ លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៩ កក្កដា នេះ គឺ​ក្រោយ​ពេល​ដែល​លោក​ទទួល​បាន​ការ​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​ទី​១២ កក្កដា។
ដោយ កែវ និមល
2013-07-17

សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៣។
AFP PHOTO/Brendan SMIALOWSKI
មន្ត្រី​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កន្លង​មក​បាន​អះអាង​ថា ក្នុង​ពេល​លោក​ស្នាក់​នៅ​និរទេស​ខ្លួន​នៅ​បរទេស​នេះ ឈ្មោះ​លោក​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​លោក​មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ឡើយ ដោយសារ​មាន​ឈ្មោះ​ថា​ជា​ទណ្ឌិត។
ឆ្លើយ​តប​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ហើយ​ក៏ដោយ ក៏​រូប​លោក​មិន​អាច​បោះ​ឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ឡើយ។
លោក ទេព នីថា បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មិន​អាច​មាន​ឈ្មោះ​បោះ​ឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន ដោយសារ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ដែល​ត្រូវ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ ឆ្នោត​នោះ បាន​បិទ​ចប់​សព្វ​គ្រប់​អស់​ហើយ។
លោក ទេព នីថា៖ «មិន​អាច​ទេ ពីព្រោះ​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចប់​ទៅ​ហើយ គ.ជ.ប បាន​ផ្ដល់​សុពលភាព​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១២ ហើយ​ការ​ចុះ​បញ្ជី​បេក្ខជន​នោះ ក៏​បាន​ចប់​សព្វគ្រប់​អស់​ហើយ។ អ៊ីចឹង​តាម​ច្បាប់ កាល​ណា​បញ្ជី​បោះ​ឆ្នោត ក៏​ដូច​ជា​បញ្ជី​បេក្ខជន កាល​ណា​សម្រេច​ហើយ មិន​អាច​កែប្រែ​បាន​ទេ។ អ៊ីចឹង​តាម​ច្បាប់​ជា​ធរមាន គឺ​មិន​អាច​ចូល​រួម​បាន​ទេ»
លោក ទេព នីថា បាន​ឲ្យ​ដឹង​បន្ថែម​ថា បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ​ក៏ដោយ តែ​នោះ​ជា​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​ប៉ុណ្ណោះ ហើយ​បើ​ចង់​ឲ្យ​មាន​ការ​លើកលែង​ទាក់ទង​គោលការណ៍​ច្បាប់​ទៀត ទាល់តែ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​កែ​ច្បាប់​នោះ​ទៀត៖ «សម្រប​ សម្រួល​នយោបាយ​មិន​មែន​រឿង​ច្បាប់​ទេ។ ទី​១ អនុវត្ត​ច្បាប់។ សម្រប​សម្រួល​នយោបាយ គឺ​ធ្វើ​អ្វី​មួយ​ដើម្បី​ដោះស្រាយ​រឿង​ច្បាប់។ ដល់​ពេល​ដោះស្រាយ​ច្បាប់​វា​ត្រូវ​ការ​ពេល​វេលា ត្រូវ​ការ​កែប្រែ​ច្បាប់​អី​ជា​ដើម។ អ៊ីចឹង​រយៈពេល​នេះ មិន​អាច​ធ្វើ​អី​កើត​ឡើយ»
ប៉ុន្តែ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេត​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) មាន​ប្រសាសន៍​ថា បើ​កាល​ណា​មាន​ការ​សម្របសម្រួល​ខាង​នយោបាយ​ហើយ ការ​សម្រប​សម្រួល​ខាង​ផ្លូវ​ច្បាប់​ក៏​ត្រូវ​តែ​មាន​ដែរ។
លោក គល់ បញ្ញា៖ «ល្បែង​បោះ​ឆ្នោត​វា​ត្រូវ​ការ​ការ​ទទួល​យក​បាន​ដែរ។ ពាក្យ​ថា ទទួល​យក​បាន មាន​ពេល​ខ្លះ​វា​ជា​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ ខាង​ឆន្ទៈ ខាង​សីលធម៌ នេះ​ជា​ការ​ពិត។ អ៊ីចឹង​យើង​ណែនាំ​ទៅ យើង​ណែនាំ​ទៅ គ.ជ.ប ទៅ គាត់​ដាក់​បញ្ចូល​ហើយ។ ប៉ុន្តែ​បើ​និយាយ​អំពី​នីតិវិធី​វា​មាន​ការ​លំបាក​អ៊ីចឹង​ខ្លះ​ហើយ។ បកស្រាយ​ទៅ​វា​មាន​បញ្ហា​អ៊ីចឹង​ហើយ ហើយ​ឡើង​ទៅ​បកស្រាយ​ពិភាក្សា​គ្នា​ទៅ​ខាង​លើ​ទៀត​ទៅ អ្នក​នយោបាយ​នេះ ។ ពីព្រោះ​អ្នក​នយោបាយ​ជា​អ្នក​ធ្វើ​ច្បាប់ ធ្វើ​អី​ទាំង​អស់​ហ្នឹង។ បើ​អ៊ីចឹង អ្នក​នយោបាយ​ចង់​ធ្វើ​អី​ក៏​បាន​ដែរ»
លោក គល់ បញ្ញា យល់​ថា លោក សម រង្ស៊ី អាច​បោះ​ឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន បើ​ទោះ​បី​ជា​ពេល​វេលា​នៅ​សល់​តិចតួច​មុន​ដល់​ថ្ងៃ​បោះ​ឆ្នោត​ក៏ដោយ។ ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ​នេះ។
ទាក់ទង​ការ​វិល​ត្រឡប់ និង​ការ​បាន​ទទួល​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី នេះ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​ថា តើ​ត្រូវ​ធ្វើ​បែប​ណា​នៅ​ឡើយ​ទេ ចំពោះ​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ដោយ​រង់ចាំ​លោក សម រង្ស៊ី សម្រេច ពេល​លោក​វិល​ត្រឡប់​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ កក្កដា នេះ៖ «យើង​នឹង​ ជជែក​គ្នា កាល​ណា​លោក​ប្រធាន​មក​ដល់។ ឥឡូវ​មិន​ទាន់​បាន​គិត​ដល់​រឿង​នេះ​នៅ​ឡើយ​ទេ។ រវល់​តែ​រៀបចំ​ការ​វិល​ត្រឡប់​របស់​គាត់»
លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង ​កាល​ពី​ឆ្នាំ​២០០៩។  មុនពេល ទទួលការ​លើក​លែងទោស លោក​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ បន្ទាប់​ពី​តុលាការ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ ក្រោម​បទ​ចោទ​ជា​ច្រើន​ករណី រួម​មាន​ការ​ផ្សាយ​ផែនទី​មិន​ពិត អំពី​ព្រំដែន​កម្ពុជា ជា​មួយ​វៀតណាម ។
ប្រភព​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា មាន​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៤​ម៉ឺន​នាក់ នឹង​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​លោក​វិល​ត្រឡប់​មក​ប្រទេស​វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search