ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, July 12, 2013
ពលរដ្ឋ​ខ្មែរ ៣​នាក់ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ត្រូវ​បាន​មេ​ព្រៃ​វៀតណាម តាម​បាញ់​នៅ​ពេល​ពួក​គាត់​ចូល​ក្នុង​តំបន់​មួយ​ដែល​ពួក​គាត់​អះអាង​ថា ជា​តំបន់​ស​រវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-វៀតណាម ដើម្បី​គាស់​ទំពាំង និង​រក​ឈើ​ធ្វើ​ដង​ចប។
ដោយ យាង សុជាមេត្តា
2013-07-12 មេ​ព្រៃ​ជនជាតិ​វៀតណាម បាន​ធ្វើ​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ ៣​នាក់ កាល​ពី​ថ្ងៃ​ទី២ កក្កដា កន្លង​ទៅ​នេះ។ ការ​បាញ់​ប្រហារ​បាន​បណ្ដាល​អោយ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ង៉ាវ ធឿន រង​របួស​នៅ​ត្រង់​កំភួន​ជើង​ស្តាំ។ ចំណែក​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ផ្សេង​ទៀត មិន​បាន​រង​របួស​អ្វី​ទេ ដោយសារ​ពួក​គាត់​បាន​រត់​គេច​ខ្លួន​រួច។ ពលរដ្ឋ​ខ្មែរ​ទាំង​បី​នាក់​នេះ មាន​ទីលំនៅ​នៅ​ភូមិ​ដាត្បូង ឃុំ​ដា ស្រុក​មេមត់ ខេត្ត​កំពង់ចាម។

លោក ង៉ាវ ធឿន ដែល​ជា​ជន​រងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២ កក្កដា រូប​គាត់​ជាមួយ​អ្នក​ភូមិ​ពីរ​នាក់​ផ្សេង​ទៀត ឈ្មោះ សំរិត ថែល និង យួន យេន បាន​បបួល​គ្នា​ទៅ​តំបន់​មួយ​ដែល​គាត់​អះអាង​ថា ជា​តំបន់​ស​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដើម្បី​គាស់​ទំពាំង និង​រក​ឈើ​ដើម្បី​ធ្វើ​ដង​ចប។
លោក​បន្ត​ថា នៅ​ថ្ងៃ​នោះ លោក​រក​ទំពាំង​បាន​ពីរ​មើម និង​ចាប់​សត្វ​អណ្ដើក​បាន​មួយ​ក្បាល​នៅ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ ចំណែក​អ្នក​ភូមិ​ពីរ​នាក់​ទៀត​គ្មាន​រក​អ្វី​បាន​ទាំងអស់។ ពេល​កំពុង​ដើរ​ត្រឡប់​មក​វិញ​នៅ​តាម​ផ្លូវ ស្រាប់​តែ​ពើប​ប្រទះ​ជនជាតិ​វៀតណាម ពីរ​នាក់ ម្នាក់​ស្លៀកពាក់​ជា​ស៊ីវិល​ធម្មតា និង​ម្នាក់​ទៀត​ស្លៀក​ខោ​ជា​មេ​ព្រៃ កំពុង​ឈរ​រង់ចាំ​ស្ទាក់​ផ្លូវ​ពួក​គាត់។ គាត់​និយាយ​ថា ពេល​ឃើញ​ពួក​គាត់​ភ្លាម មេ​ព្រៃ​វៀតណាម បាន​អា​មេ​កាំភ្លើង​ភ្ជង់​ពួក​គាត់ ហើយ​អោយ​ពួក​គាត់​ទម្លាក់​កាំបិត​ចុះ។
លោក ង៉ាវ ធឿន៖ «ពេល​នោះ​ពួក​ខ្ញុំ​បាន​ត​ទៅ​វា​ថា កាំបិត​ហ្នឹង​ខ្ញុំ​ខ្ចី​គេ​ទេ​បង ខ្ញុំ​ខ្ចី​គេ​ទៅ​រក​កាប់​ដង​ចប ពេល​នោះ​វា​មិន​ព្រម វា​មិន​ស្តាប់​យើង​ទេ វា​ថា​បើ​មិន​ទម្លាក់​ចុះ វា​បាញ់​បាក់​ជើង ខ្ញុំ​ក៏​ទម្លាក់​ទំពាំង ទម្លាក់​សត្វ​ចុះ​ទៅ ខ្ញុំ​បែរ​ខ្នង​ដើរ​មក វា​ក៏​បាញ់​ខ្ញុំ​ពី​ក្រោយ បាន​ពួក​ខ្ញុំ​ទម្លាក់​កាំបិត ក៏​នាំ​គ្នា​រត់​មក​ព្រំដែន​វិញ»
លោក ង៉ាវ ធឿន និយាយ​ថា តាំង​ពី​ដើម​មក ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​របស់​គាត់​តែង​តែ​ទៅ​ទី​នោះ ដើម្បី​រក​ទំពាំង ឈើ ឬ​ត្រី​សាច់​ជាដើម ហើយ​ពុំ​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ។ លោក​ថា កាល​ពី​ដើម គេ​ហៅ​តំបន់​នោះ​ថា ភូមិ​ដូង​៧​ដើម។ តែ​លោក​ក៏​បាន​និយាយ​ដែរ​ថា សព្វថ្ងៃ វៀតណាម បាន​កាន់​កាប់​តំបន់​នេះ​ហើយ៖ «ពី​ដើម ដី​ហ្នឹង​គឺ​នៅ​ក្នុង​ដី​ខ្មែរ​ទេ អ្នក​ស្រុក​ភូមិ​ដា ហ្នឹង គេ​រក​ស៊ី​ចូល​ព្រៃ​ជីក​ទំពាំង​ជីក​អ៊ី​រាល់​តែ​ឆ្នាំ ព្រោះ​កន្លែង​តំបន់​ហ្នឹង​ខ្មែរ​ចាស់ៗ​ពី​ដើម​មក​រហូត ចូល​រក​ស៊ី​ជីក​ទំពាំង ជីក​អ៊ី​ហ្នឹង កាប់​ដង​ចប រក​ត្រី​រក​អ៊ី​ហ្នឹង»
មេ​ឃុំ​ដា លោក យឹម សុផា ដែល​ជា​អ្នក​ជ្រោមជ្រែង​នាំ​យក​លោក ង៉ាវ ធឿន មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ដូច​លោក ង៉ាវ ធឿន ថា តំបន់​នោះ​សព្វថ្ងៃ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម។ លោក​បន្ត​ថា ជា​ទម្លាប់​តាំង​ពី​ដើម អ្នក​ស្រុក​អ្នក​ភូមិ​តែង​តែ​ទៅ​រក​ភោគផល​នៅ​ទី​នោះ៖ «បើ​និយាយ​អោយ​មែន​ ទែន​ទៅ ដី​គេ​ដី​យើង​អ៊ី ដី​ខ្មែរ​តែ​ទាំងអស់​ហ្នឹង​ពី​ដើម​មក ប៉ុន្តែ​តាំង​ពី​ហ្នឹង​មក វៀតណាម ចេះ​តែ​ចូល​មក​យក​ដល់​ហ្នឹង​ទៅ។ និយាយ​រួម​ទៅ ខ្មែរ​តាំង​ពី​ដូនតា គាត់​ធ្លាប់​មាន​ប្រវត្តិ​មាន​ដីធ្លី​គាត់​នៅ​ហ្នឹង»
លោក យឹម សុផា បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ លោក​ក៏​បាន​ទៅ​ជួប​មេ​ឃុំ​វៀតណាម ឃុំ​តាំងឡឹក របស់​ខេត្ត​តៃនិញ ដើម្បី​សួរ​នាំ​មេ​ឃុំ​វៀតណាម រូប​នោះ ពី​ការ​បាញ់​ប្រហារ។ លោក​ថា មេ​ឃុំ​វៀតណាម បាន​និយាយ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ តែ​មេ​ឃុំ​វៀតណាម រូប​នោះ​ក៏​បាន​និយាយ​ដែរ​ថា នៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន គេ​មាន​ច្បាប់​អភិរក្ស​ដី​ព្រៃ ដែល​នៅ​ជាប់​ព្រំដែន គេ​មិន​អនុញ្ញាត​អោយ​ពលរដ្ឋ​ណា​ចូល​កាប់​ឈើ ឬ​បរ​បាញ់​សត្វ​ក្នុង​តំបន់​អភិរក្ស​នោះ​ទេ ហើយ​គេ​ថា បើ​នៅ​វៀតណាម វិញ អ្នក​ដែល​ហ៊ាន​ចូល​ក្នុង​ដី​ព្រៃ​អភិរក្ស​ទាំង​នោះ គឺ​ត្រូវ​ជាប់​គុក​តែ​ម្តង។ តែ​លោក យឹម សុផា ក៏​បាន​ផ្តែផ្តាំ​ទៅ​មេ​ឃុំ​វៀតណាម ថា មិន​គួរ​ប្រើ​អំពើ​ហិង្សា​ដោះស្រាយ​បញ្ហា​នោះ​ទេ គួរ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​វិញ​វា​ប្រសើរ​ជាង។
លោក យឹម សុផា៖ «ថ្ងៃ​ក្រោយ យើង​នៅ​ប្រទេស​ភូមិ​ផង​របង​ជាមួយ បើ​មាន​បញ្ហា​អ៊ី​កើត​ឡើង យើង​ចរចា​គ្នា​ទៅ ឃាត់​ខ្លួន​គាត់​ទៅ ហើយ​ទុក​អោយ​អាជ្ញាធរ​ដោះស្រាយ​គ្នា​ទៅ យក​មនុស្ស​មក​ណែនាំ​អប់រំ​ទៅ»
លោក​បន្ត​ថា លោក​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ជន​រងគ្រោះ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ឃុំ​ដា រួច​ហើយ ហើយ​ពាក្យ​បណ្ដឹង​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​ មេមត់ រួច​ហើយ​ដែរ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​នគរបាល​ស្រុក​មេមត់ លោក អែម កុសល ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​បញ្ហា​ប្ដឹង​ផ្តល់​នេះ​ទេ។
ចំណែក​អភិបាល​ស្រុក​មេមត់ លោក ចេង ប៉ុណ្ណារ៉ា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ពី​ហេតុការណ៍​នេះ​ដែរ ហើយ​ខាង​លោក​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ពី​បញ្ហា​នេះ។
ប៉ុន្តែ លោក ង៉ាវ ធឿន ជា​ជន​រងគ្រោះ បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា លោក​ត្រូវ​បាន​អធិការ​នគរបាល​ស្រុក​មេមត់ ហៅ​ទៅ​សាកសួរ​បន្ថែម​កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ កក្កដា។ លោក​បន្ត​ថា អធិការ​នគរបាល​ស្រុក​ប្រាប់​លោក​ថា គេ​នឹង​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​គ្នា​ជាមួយ​ភាគី​វៀតណាម នៅ​ពេល​ដែល​មាន​កិច្ច​ប្រជុំ​រវាង​ខេត្ត​កំពង់ចាម និង​ខេត្ត​តៃនិញ។ លោក ង៉ាវ ធឿន និយាយ​ថា លោក​មិន​សូវ​សង្ឃឹម​ថា​នឹង​មាន​ដំណោះស្រាយ​សម្រាប់​លោក​ក្នុង​ពេល​ឆាប់ៗ​នេះ ​នោះ​ទេ។
ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ ដែល​បាន​តាម​ដាន​បញ្ហា​នេះ​ដែរ​នោះ​បាន​មាន​ប្រសាសន៍​ថា វា​ប្រហែល​ជា​ពិបាក​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​បាន​ភ្លាមៗ ព្រោះ​បញ្ហា​នេះ​វា​ទាមទារ​អោយ​មាន​ការ​ចូលរួម​សហការ​រួម​គ្នា​ពី​អាជ្ញាធរ​ ទាំង​ពីរ​ប្រទេស គឺ​កម្ពុជា និង​វៀតណាម៖ «ភាគី​ទាំង​ពីរ រដ្ឋ និង​រដ្ឋ​ហ្នឹង ឬ​ក៏​ខេត្ត និង​ខេត្ត​ហ្នឹង មាន​កិច្ច​សហប្រតិបត្តិការ​គ្នា ទើប​អាច​ធ្វើ​ទៅ​បាន ព្រោះ​យើង​មិន​អាច​ទៅ​ចាប់​ជន​ល្មើស​នៅ​លើ​ទឹកដី​គេ​បាន​ទេ ទោះ​បី​ជា​យើង​រក​ទៅ​ឃើញ​ថា ខុស​ច្បាប់ ឬ​វា​ត្រូវ​ច្បាប់​យ៉ាង​ម៉េច»
តែ​ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ថា អង្គការ​របស់​លោក​នឹង​នៅ​តែ​បន្ត​តាម​ដាន​មើល​ការ​ដោះស្រាយ​ពី​ករណី​បាញ់​ ប្រហារ​នេះ។ លោក​បាន​អំពាវនាវ​អោយ​អាជ្ញាធរ​ខេត្ត​កំពង់ចាម ជួយ​ស្វែង​រក​យុត្តិធម៌​អោយ​ជន​រងគ្រោះ ព្រោះ​ថា​ជន​រងគ្រោះ​ចូល​ក្នុង​ទឹក​ដី​វៀតណាម ក៏​គ្មាន​បំណង​អាក្រក់​ដើម្បី​ទន្ទ្រាន​យក​ដី​វៀតណាម ឬ​បង្ក​ជា​អសន្តិសុខ​សង្គម​ដល់​ប្រទេស​វៀតណាម នោះ​ទេ ពួក​គេ​គ្រាន់​តែ​ចូល​ដើម្បី​ស្វែង​រក​ភោគផល​ដែល​គេ​ធ្លាប់​តែ​ពឹងពាក់​ អាស្រ័យ​តាំង​ពី​ដើម​រៀង​មក​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search