ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, July 29, 2013
គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​កាសែត ​នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
ដោយ យ៉ង ចាន់តារា និង ទីន ហ្សាការីយ៉ា
2013-07-29
សម រង្ស៊ី កឹម សុខា ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន​គណបក្ស លោក កឹម សុខា ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។
RFA/Uon Chhin
ការ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។
គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ធ្វើ​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ គណៈកម្មការ​ចម្រុះ​​មាន​សមាសភាព​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តំណាង​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិ​ល​ជាតិ​និង​អន្តរជាតិ​​ដែល​ធ្វើ​ការ​ពាក់​ ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។ គណៈកម្មការ​ចម្រុះ​នេះ ត្រូវ​ធ្វើការ​ស៊ើប​អង្កេត និង​ផ្ដល់​របាយការណ៍​ចុងក្រោយ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៣។




សង្គម​ស៊ីវិល​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​គាំទ្រ​ការ​បង្កើត​ គណៈកម្មការ​ចម្រុះ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណៈកម្មការ​នោះ ត្រូវ​ខាង​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​ច្បាស់លាស់​និង​ត្រឹមត្រូវ។
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) បាន​ឲ្យ​ដឹង​ថា ពួក​គាត់​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។
សង្គម​ស៊ីវិល បោះ​ឆ្នោត ៣០៥
ក្រុម​មន្ត្រី​អង្គការ​ សង្គម​ស៊ីវិល​​​​ដែល​រួម​​គ្នាឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍ ​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។ RFA/Tin Zakariya
ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្រ្វែល (Comfrel) លោក ធន សារាយ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ ឆ្នោត​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ថា ករណី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ករណី​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​ អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣ យល់​ស្រប។
ភាព​មិន​ប្រក្រតី​ដែល​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា ខុមហ្រ្វែល (Comfrel) បាន​រក​ឃើញ​មាន​ជាង ២០០​ករណី។ ក្នុង​នោះ​មាន​ដូចជា ការ​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះ​ឆ្នោត​ឈ្មោះ​ប្រជាពលរដ្ឋ​ត្រូវ​គេ ​បោះ​ឆ្នោត​ជំនួស ទឹក​ខ្មៅ​ជ្រលក់​ដៃ​លាង​ជ្រះ និង​ករណី​ជា​ច្រើន​ទៀត។
ប្រធាន​អង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា បាន​លើក​ឡើង​ថា ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ជា​កំហុស​របស់ គ.ជ.ប ដែល​មិន​បាន​រៀបចំ​បោះ​ឆ្នោត​មិន​មាន​តម្លាភាព និង​ត្រឹមត្រូវ បាន​ទាំង​ស្រុង​នោះ​ឡើយ។
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​ប្រកាស​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គណបក្ស​នីមួយៗ​នេះ ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​ការ​ស្នើ​សុំ​ខាង​តំណាង គ.ជ.ប ចូល​រួម​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​នេះ គឺ​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុក សំអឿន សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ រដ្ឋាភិបាល​នឹង​ជាប់​គាំង​មិន​អាច​បង្កើត​បាន​ទេ ពីព្រោះ​ការ​កោះ​សម័យ​ប្រជុំ​សភា​ដំបូង​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប​ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។
លទ្ធផល​បណ្ដោះអាសន្ន​ដែល​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​បាន​ប្រកាស​ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំនួន ៦៧​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៦​អាសនៈ។ ដោយ​ឡែក​លទ្ធផល​បណ្ដោះអាសន្ន​ដែល​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​មាន​ការ​ខុស​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥​អាសនៈ។ លទ្ធផល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ទទួល​ស្គាល់​ភ្លាមៗ។ រី​ឯ​ខាង គ.ជ.ប វិញ មិន​ទាន់​ប្រកាស​បែងចែក​អាសនៈ​បណ្ដោះអាសន្ន​នេះ​នៅ​ឡើយ​ទេ​មក​ទល់​ថ្ងៃ​ទី​ ២៩ កក្កដា នេះ៕
សូម​ចុច​ដើម្បី​អាន​សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​សង្គ្រោះ​ជាតិ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

  

0 comments:

Post a Comment

Thank you for your comments!













Search