ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, July 2, 2013
នៅ​ថ្ងៃ​អង្គារ ទី២ ខែ​កក្កដា នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ជា​លើក​ទីពីរ។ ក៏ប៉ុន្តែ មេធាវី​ការពារ​ក្ដី​ឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ដីកា​កោះ​នេះ​ថា គឺ​ជា​ការ​រំខាន​ដល់​ថ្ងៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត និង​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។
ដោយ ម៉ម មុនីរតន៍
2013-07-02
កឹម សុខា ៦១០
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Vann Vichar
មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា ហៅ​ដីកា​កោះ​ឲ្យ​កូន​ក្ដី​លោក​ឡើង​បំភ្លឺ​នៅ​ចុង​សប្ដាហ៍​ខាង​មុខ​នេះ​របស់​ សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដោយ​ព្រះរាជ​អាជ្ញា​រង លោក មាស ច័ន្ទពិសិដ្ឋ ថា​ជា​ដីកា​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ដែល​ពុំ​ធ្លាប់​មាន ហើយ​ថា​ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​ដើម្បី​ចង់​បញ្ចប់​ជីវិត​នយោបាយ​ កូន​ក្ដី​របស់​ខ្លួន មុន​ពេល​បោះឆ្នោត​ជាតិ​ត្រូវ​ចាប់​ផ្ដើម​ឡើង​ប៉ុណ្ណោះ។

លោក ជួង ជូងី ជា​មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី២ កក្កដា ថា ក្នុង​អាជីព​ជា​មេធាវី​លោក​គិត​ថា ដីកា​កោះ​របស់​លោក មាស ច័ន្ធពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ថា​គឺ​ជា​ដីកា​ដែល​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់​ពុំ​ធ្លាប់​មាន​ពី​មុន​ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រព័ន្ធ​យុត្តិធម៌។ លោក​អត្ថាធិប្បាយ​ថា ជា​ទូទៅ នីតិវិធី​នៃ​ការ​កោះ​ហៅ​អនុវត្ត​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល ២​សប្ដាហ៍​យ៉ាង​ឆាប់។ ក៏ប៉ុន្តែ ថា​សម្រាប់​ករណី​មួយ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ភ្លាមៗ​ក្នុង​រយៈពេល ១​សប្ដាហ៍ បន្ទាប់​ពី​លោក​បាន​ដាក់​សំណើ​សុំ​ពន្យារ​ពេល​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី២៧ មិថុនា ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។
លោក ជួង ជូងី៖ «ក្នុង​ការ​កោះ​លើក​ទី​មួយ គឺ​ថ្ងៃ​២៧ ហើយ​ដោយសារ​ខ្ញុំ​រវល់ ខ្ញុំ​សុំ​ពន្យារ។ ដល់​ពេល​បាន​ត្រឹម ៧​ថ្ងៃ ស្រាប់​តែ​កោះ​ហៅ​ភ្លាម​តែ​ម្ដង។ ហើយ​រឿង​ក្តី​ជា​ទូទៅ តុលាការ​អត់​ដែល​ចាត់​ការ​លឿន​អ៊ីចឹង​ទេ។ ដល់​ពេល​អ៊ីចឹង​ទៅ រឿង​ក្តី​នេះ​តុលាការ​ចាត់​ការ​លឿន​តក់ក្រហល់​តែ​ម្ដង។ ហើយ​មួយ​ទៀត​ក្នុង​ការ​ចេញ​ដីកា​កោះ​នេះ ក្នុង​រយៈពេល​ខ្លី​បំផុត​ហើយ ពីព្រោះ​ធម្មតា​តុលាការ​អត់​ដែល​ចេញ​រយៈពេល​មួយ​សប្ដាហ៍»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​នេះ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។
យ៉ាង​ណា​ក៏ដោយ អនុប្រធាន​ទំនាក់ទំនង​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉ូណា ទម្លាយ​ឲ្យ​ដឹង​ថា ដីកា​កោះ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​របស់​លោក ជុំ ម៉ី នេះ ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួច​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២ កក្កដា ដើម្បី​ឲ្យ​លោក កឹម សុខា ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី៥ កក្កដា ខាង​មុខ។
ក៏ប៉ុន្តែ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​មិន​ចាប់​អារម្មណ៍​ឡើយ​ចំពោះ​ដីកា​កោះ​នេះ។ លោក​គិត​ថា អ្វី​ដែល​បាន​រៀបចំ​ឡើង​នេះ វត្ថុ​បំណង​ដើម្បី​ចង់​រារាំង​ជីវិត​នយោបាយ​ថ្នាក់​ដឹកនាំ​របស់​បក្ស​ ប្រឆាំង​ប៉ុណ្ណោះ៖ «ខ្ញុំ​អត់​មាន​ចាប់​អារម្មណ៍​អី​រឿង​ហ្នឹង​អី​ ទាំងអស់​ហ្នឹង​ទេ ពីព្រោះ​រឿង​បញ្ហា​ជាតិ​ដែល​យើង​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ បញ្ហា​ទឹកដី បញ្ហា​ក្រក្រី បញ្ហា​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ពុក​រលួយ លួច​ទ្រព្យ​សម្បត្តិ​ជាតិ​អី​ហ្នឹង សុទ្ធ​តែ​យើង​ដែល​ត្រូវ​ដោះស្រាយ»
លោក ហង្ស ពុទ្ធា នាយក​អង្គការ​និចហ្វិក (NICFEC) គិត​ថា តុលាការ​គួរ​ពិចារណា​លើ​ការ​ស្នើសុំ​ពន្យារ​បាន ប្រសិន​បើ​សំណើ​នោះ​ធ្វើ​ឡើង​ស្រប​តាម​នីតិវិធី​ត្រឹមត្រូវ។ លោក​បន្ត​ថា ក៏ប៉ុន្តែ​ការ​ចូល​ខ្លួន​បំភ្លឺ​របស់​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ អាច​នឹង​ប៉ះពាល់​ដល់​ប្រជាប្រិយភាព និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ ជាតិ នេះ​ថែម​ទៀត៖ «អ្វី​ដែល​ជា​ការ​កោះ​ហៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​គិត​ថា អាច​ជះ​ឥទ្ធិពល ២​យ៉ាង​បាទ! ទី​មួយ ពាក់ព័ន្ធ​ដល់​ប្រជាប្រិយភាព​មេ​គណបក្ស​ប្រឆាំង​រូប​នេះ។ ហើយ​ទី​ពីរ ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ពេល​វេលា​ក្នុង​ការ​ឃោសនា​បេក្ខជន​រូប​នេះ​ដែរ​ បាទ!»
ចំណែក​លោក ជួង ជូងី មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា អះអាង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ ទី២ កក្កដា លោក​នៅ​មិន​ទាន់​ប្រាកដ​ថា កូន​ក្តី​របស់​លោក​អាច​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​បាន​តាម​ការ​កំណត់​ដែរ ​ឬ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ។ ព្រោះ​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​បាន​ដីកា​កោះ​នោះ​ជា​ផ្លូវ​ការ​នៅ​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

0 comments:

Post a Comment

Thank you for your comments!













Search