ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, July 5, 2013
ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ ប្រជាជន​កម្ពុជា ជា​ពិសេស​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ឆ្លង​កាត់​ការ​បង្ហូរ​ឈាម​ជា​ថ្មី​ម្តង​ទៀត គឺ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ដែល​មក​ដល់​ពេល​នេះ អ្នក​មួយ​ចំនួន​មិន​ទាន់​ភ្លេច​ហេតុការណ៍​នោះ​នៅ​ឡើយ។ តើ​ប្រជាពលរដ្ឋ​នៅ​មាន​អារម្មណ៍​ដូចម្តេច​ចំពោះ​ព្រឹត្តិការណ៍​នោះ?
ដោយ យ៉ង ចាន់តារា
2013-07-05
ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​អារម្មណ៍​ភ័យ​តក់ស្លុត មិន​អាច​បំភ្លេច​បាន​ចំពោះ​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បើ​ទោះ​បី​ជា​វា​បាន​កន្លង​ហួស ១៦​ឆ្នាំ​មក​ហើយ​ក្តី។ ថ្ងៃ​ទី៥ និង ៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺ​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​គ្នា​រវាង​កម្លាំង​នយោបាយ​ពីរ ដែល​មួយ​ដឹកនាំ​ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មួយ​ទៀត​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នកស្រី ចាន់ ឌី ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ឆ្លង​កាត់​ព្រឹត្តិការណ៍​នោះ បាន​ឱ្យ​ដឹង​ថា អ្នកស្រី​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​ជា​ខ្លាំង​នៅ​ពេល​ដែល​ឮ​សូរ​សំឡេង​ ប្រយុទ្ធ​គ្នា ហើយ​អ្នកស្រី​បាន​នាំ​កូន​ពីរ​នាក់​ភៀស​ខ្លួន​ទៅ​នៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព។ អ្នកស្រី​បាន​បន្ត​ថា អ្នកស្រី​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដដែល នៅ​ពេល​នឹក​ឃើញ​ដល់​ព្រឹត្តិការណ៍​នោះ៖ «នៅ​តែ​ខ្លាច​អីចឹង​អូន នឹក​ឃើញ​នៅ​តែ​ភ័យ ព្រោះ​អី​ដូច​យើង​អត់​ដែល​ជួប​នោះ។ កាល​ពី​ជំនាន់ ប៉ុល ពត ធ្លាប់​ជួប​ដែរ តែ​ដូច​យើង​នៅ​តូច អត់​សូវ​ដឹង»

បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​អតីត​អង្គរក្ស​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ថ្លែង​ថា លោក​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នោះ។ លោក​បាន​រំឭក​ថា ក្រោយ​រដ្ឋ​ប្រហារ​ចប់ លោក​បាន​ជម្លៀស​ចេញ​ពី​កន្លែង​បង្ហាត់​កង​អង្គរក្ស​ទៅ​នៅ​ម្តុំ​ទឹក​ថ្លា ដើម្បី​តាម​ដាន​ស្ថានការណ៍ និង​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ លោក​ត្រូវ​ចំណាយ​ពេល​ប្រហែល ៦​ខែ ក្នុង​ការ​លាក់​ខ្លួន ទម្រាំ​ស្ថានការណ៍​បាន​នឹងន។ លោក​បន្ថែម​ថា មក​ទល់​នឹង​ពេល​នេះ អ្វី​ដែល​កើត​មាន ហើយ​ដែល​លោក​នឹក​ស្មាន​មិន​ដល់​នា​ពេល​នោះ គឺ​ស្ថិត​នៅ​ជាប់​នឹង​ចិត្ត​របស់​លោក​រហូត៖ «ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ ហ្នឹង គឺ​ថា​អារម្មណ៍​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ពេល​ហ្នឹង យើង​ត​ទល់​ជាមួយ​នឹង​ការ​រដ្ឋ​ប្រហារ​យក​ជីវិត​ទៅ​ពាំង​ការពារ​ក្រុម​ដែល​គេ ​ត្រូវ​ធ្វើ​រដ្ឋ​ប្រហារ​ហ្នឹង​ណា។ យើង​ភ័យ​ខ្លាច​ទាំងអស់​គ្នា​ហ្នឹង ទាំង​ប្រជាជន ឬ​ទាំង​កង​កម្លាំង​រក្សា កាល​ហ្នឹង គេ​ហៅ​ថា កង​កម្លាំង​រក្សា​ព្រះអង្គ»
ចំណែក​អ្នកស្រី ហូ គឹមសេង ដែល​ជា​ប្អូន​ស្រី​របស់​អតីត​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ហូ សុខ វិញ បាន​ឱ្យ​ដឹង​ថា អ្នកស្រី​ពិត​ជា​មាន​ការ​ភ័យ​ខ្លាច និង​ឈឺ​ចាប់​ចំពោះ​ហេតុការណ៍​នា​ពេល​នោះ ប៉ុន្តែ​អ្នកស្រី​សុំ​មិន​និយាយ​អ្វី​ទាំងអស់ ពីព្រោះ​វា​ជា​រឿង​កន្លង​ហួស​ដែល​អ្នកស្រី​មិន​ចង់​រំឭក៖ «ពី​មុន​មក​វា​ ឈឺ​ចាប់ វា​ឈឺ​ចាប់​ហើយ អូន​ឯង​ដូច​ដឹង​ស្រាប់​ហើយ តែ​គ្រាន់​ថា ឥឡូវ​ជា​កាល​កន្លង​ហួស​ទៅ​ហើយ យាយ​ក៏​គាត់​មិន​ចង់​ឱ្យ​យើង​រំឭក​និយាយ​រឿង​អស់​ហ្នឹង​ដែរ»
នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ យូធូប (Youtube) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​មិន​បដិសេធ​នឹង​ពាក្យ​ដែល​គេ​ចោទ​ថា រដ្ឋ​ប្រហារ​នោះ​ទេ ប៉ុន្តែ​លោក​សូម​ឱ្យ​រក្សា​ទុក​ពាក្យ​នេះ ថា​តើ​លោក​ធ្វើ​រដ្ឋ​ប្រហារ ឬ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​អ្នក​ធ្វើ​រដ្ឋ​ប្រហារ តែ​មិន​បាន​សម្រេច៖ «រឿង​ផ្ទុះ​អាវុធ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា គេ​ចោទ​ថា រដ្ឋ​ប្រហារ ឬ​ស្អី ខ្ញុំ​មិន​ជំទាស់​នឹង​ពាក្យ​ដែល​គេ​ថា​រដ្ឋ​ប្រហារ​ទេ មិន​ជំទាស់ ព្រោះ​គេ​ប្រើ​ពាក្យ​រដ្ឋ​ប្រហារ​ក៏​ត្រឹមត្រូវ​ម្យ៉ាង។ ប៉ុន្តែ​សួរ​ថា អ្នក​ណា​ធ្វើ​រដ្ឋ​ប្រហារ? ការ​នាំ​កងទ័ព​ខ្មែរ​ក្រហម​ចូល​មក​ភ្នំពេញ ការ​ចល័ត​កងទ័ព​រាប់​រយ​នាក់​ពី​ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ចូល​មក​ភ្នំពេញ ការ​នាំ​ចូល​អាវុធ​រាប់​តោន និង​អាវុធ​ខុស​ច្បាប់​ផ្សេង​ទៀត​ជាង​មួយ​ម៉ឺន​ដើម។ តើ​អ្នក​ណា​ធ្វើ​រដ្ឋ​ប្រហារ? ហ៊ុន សែន ធ្វើ​រដ្ឋ​ប្រហារ ឬ រណឫទ្ធិ ធ្វើ​រដ្ឋ​ប្រហារ ប៉ុន្តែ​បរាជ័យ? បាទ! ខ្ញុំ​អត់​ជំទាស់​នឹង​ពាក្យ​រដ្ឋ​ប្រហារ​ទេ។ មក​ដល់​ពេល​នេះ ខ្ញុំ​សូម​ឱ្យ​គេ ខ្ញុំ​មាន​សំណូមពរ​ទៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស ថា​ឱ្យ​រក្សា​ទុក​ចុះ​នូវ​ពាក្យ​រដ្ឋ​ប្រហារ ព្រោះ​អ្នក​ឯង​ក៏​មិន​បាន​និយាយ​ថា អ្នក​ណា​ធ្វើ​រដ្ឋ​ប្រហារ»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម និង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម បាន​សំណូមពរ​ឱ្យ​អ្នក​ដឹកនាំ​នយោបាយ​ទាំងអស់ កុំ​ឈ្លោះ​ទាស់ទែង​គ្នា​ដោយសារ​តែ​អំណាច ប៉ុន្តែ​ត្រូវ​ប្រមូល​ផ្តុំ​គ្នា​ដោះស្រាយ​បញ្ហា​ជា​រួម ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​ការ​អភិវឌ្ឍ​ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search