ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, August 9, 2013
តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បើក​កិច្ច​ពិភាក្សា​មួយ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​យក​សំណើ​សុំ​ឲ្យ​សង្គម​ស៊ីវិល​ជាតិ ចូល​រួម​ក្នុង​ក្រុម​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ នោះ ទៅ​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​សម្រេច​នា​ពេល​ខាង​មុខ។
ដោយ វណ្ណ វិចារ
2013-08-09 គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី៩ ខែ​សីហា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ឲ្យ​មាន​សមាសភាព​អង្គការ​សហប្រជាជាតិ ចូល​ក្នុង​ក្រុម​ការងារ ដែល​នឹង​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នានា​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ដដែល។
មន្ត្រី​ដែល​ចូល​រួម​ជួប​គ្នា​នោះ ខាង​ភាគី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មាន លោក ជាម យៀប លោក ព្រំ សុខា និង លោក អ៊ុក គឹមហាន ចំណែក​មន្ត្រី​តំណាង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ មាន លោក សុន ឆ័យ លោក គួយ ប៊ុនរឿន និង លោក យ៉ែម បុញ្ញឫទ្ធិ។
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ជំនួប​រវាង​បក្ស​ទាំង​ពីរ គឺ​ធ្វើ​ឡើង​ដោយ​សុឆន្ទៈ​រៀង​ខ្លួន តាម​ព្រះរាជ​បំណង​របស់​ព្រះមហាក្សត្រ និង​ប្រជាពលរដ្ឋ​កម្ពុជា។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​កា​របោះ​ឆ្នោត ប្រកប​ដោយ​តម្លាភាព ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។ លោក​បញ្ជាក់​ថា ក្នុង​ជំនួប​ជាង ២​ម៉ោង​នោះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​បាន​អ្វី​ជា​ផ្លែផ្កា​នៅ​ឡើយ ប៉ុន្តែ​សម្រេច​ទទួល​យក​សំណើ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​សង្គម​ស៊ីវិល​ជាតិ ចូល​រួម​ក្នុង​ក្រុម​ការងារ​បច្ចេកទេស​ស៊ើប​អង្កេត។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ទៀត គឺ​លោក សុន ឆ័យ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គណបក្ស​សង្គ្រោះ​ជាតិ គិត​ថា ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស នឹង​ចំណេញ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ស្ងប់​ចិត្ត។ ប៉ុន្តែ លោក​បញ្ជាក់​ថា លោក​មិន​ទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​នោះ​ឡើយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​ការ​បកស្រាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៣។
ទោះ​យ៉ាង​ណា​ក្តី ឧបនាយករដ្ឋមន្ត្រី លោក ស ខេង ក៏​បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្វែង​រក​ចំណុច​រួម​គ្នា​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ ហើយ​លោក​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​ឆាប់ៗ​នេះ។
កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​មួយ បង្គាប់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​មូល។ ចំណែក​ឯ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​វិញ គ.ជ.ប នៅ​ថ្ងៃ​ទី៩ ខែ​សីហា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ស្ដីពី​ការ​ពន្យារ​ពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ក្រោម​ហេតុផល​ថា យក​ពេល​វេលា​ទៅ​ដោះស្រាយ​ពាក្យ​បណ្ដឹង និង​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search