ដោយ អ៊ុក សាវបូរី
2013-06-01         
សេចក្តីព្រាងច្បាប់  ក្របខ័ណ្ឌគោលនយោបាយច្បាស់លាស់សម្រាប់ប្រទេសកម្ពុជា  ទាក់ទងជាមួយសិទ្ធិទទួលព័ត៌មាន  ត្រូវបានរៀបចំដោយក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា  និងអធិការកិច្ចនៅក្នុងឆ្នាំ២០០៧។ ប៉ុន្តែ តាំងពីឆ្នាំ២០០៧  មកទល់បច្ចុប្បន្ន  គោលនយោបាយនេះមិនទាន់បានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅ ឡើយ។
 នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ ២ថ្ងៃ  ស្ដីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា  អ្នកចូលរួមទាមទារឲ្យរដ្ឋាភិបាលត្រូវមានច្បាប់នេះចាំបាច់។
 សង្គមស៊ីវិល មន្ត្រីរាជការមូលដ្ឋាន តំណាងរាជរដ្ឋាភិបាល  អ្នកតំណាងរាស្ត្រ ក្រុមអ្នកសារព័ត៌មានជាង ២០០នាក់  បានជំរុញឲ្យរាជរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបាន ព័ត៌មាននៅកម្ពុជា។ ការជំរុញនេះបានធ្វើឡើងក្រោយពីមានការពិភាក្សា  ២ថ្ងៃ (ថ្ងៃទី៣០-៣១ ឧសភា) ពីសារៈសំខាន់នៃសិទ្ធិទទួលបានព័ត៌មាន  ដែលផ្ដោតលើព័ត៌មានសាធារណៈ និងបណ្ដាញសារព័ត៌មាន។
 នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ  លោក ប៉ា ងួនទៀង ថ្លែងថា ការព្យាយាមធ្វើវេទិកាថ្នាក់ជាតិ  ដើម្បីប្រមូលយោបល់នៃសេចក្តីចង់បានពីព័ត៌មានគ្រប់ស្ថាប័នរបស់ ប្រជាពលរដ្ឋនេះ  ទើបអាចចងក្រងជាច្បាប់ដែលអាចទទួលបាននូវភាពសុក្រឹត តម្លាភាព  គណនេយ្យភាព ដើម្បីកែប្រែសង្គម  ជំរុញឲ្យមានការអភិវឌ្ឍអភិបាលកិច្ចល្អ៖«លើកកម្ពស់ការយល់ដឹង ពីប្រជាពលរដ្ឋ  អំពីសារៈសំខាន់នៃការទាមទារឲ្យមានច្បាប់នៃសិទ្ធិទទួលព័ត៌មាននោះ  ហើយទី២ យើងព្យាយាមធ្វើវេទិកាថ្នាក់ជាតិធំៗបែបហ្នឹង  ដូចសន្និសីទបែបហ្នឹង ដើម្បីកៀងគរសហគមន៍ម្ចាស់ជំនួយ  ឲ្យចូលរួមគាំទ្រនៃការជំរុញច្បាប់បែបហ្នឹង» ។
 តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ថ្លែងថា លោកគាំទ្រឲ្យរដ្ឋាភិបាលបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន៖ «រៀបចំ ធ្វើយ៉ាងណា  វិស័យជីវភាពរស់នៅយើងបានជំរុញវិស័យសេដ្ឋកិច្ចឲ្យមានការឈានឡើង  ដោយប្រមូលផ្តុំនូវវិនិយោគិន ទាំងជាតិ និងអន្តរជាតិ»។
 តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ថ្លែងរិះគន់ថា  រដ្ឋាភិបាលនៅតែអះអាងរក្សាការសម្ងាត់ក្នុងការបញ្ចេញព័ត៌មានទៅទី សាធារណៈ  សូម្បីតែព័ត៌មានអំពីការវិនិយោគពីអាជ្ញាប័ណ្ណផ្តល់ឲ្យទៅប្រទេសណា  ឬក្រុមហ៊ុនណានោះ ក៏រដ្ឋាភិបាលលាក់លៀម  ដែលព័ត៌មាននោះមិនប៉ះពាល់ដល់សន្តិសុខជាតិក៏ដោយ៖ «ភាពលាក់កំបាំងនៃព័ត៌មាននេះ វាធ្វើឲ្យប៉ះពាល់ដល់ជំនួយបរទេសមកប្រទេសកម្ពុជា»។
 នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណេប ស៊ីនថៃ ថ្លែងថា  សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន  មិនទាន់បានចងក្រងនៅឡើយ ប៉ុន្តែរដ្ឋាភិបាលមានសេចក្តីព្រាងច្បាប់  ក្របខ័ណ្ឌគោលនយោបាយ  ដែលជាឫសគល់នៃការចងក្រងបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននៅ កម្ពុជា។ លោកថា អនុសាសន៍ចំនួន ៧ចំណុច  ដែលសន្និសីទថ្នាក់ជាតិស្ដីពីសិទ្ធិទទួលព័ត៌មាន  ប្រមូលពីការពិភាក្សាពីរថ្ងៃ  ស្នើសុំដាក់បញ្ចូលបន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់  ក្របខ័ណ្ឌគោលនយោបាយ។
 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា  និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែងថា អនុសាសន៍ចំនួន៧នេះ  នឹងបញ្ជូនទៅឲ្យប្រមុខរដ្ឋាភិបាលពិចារណា  ក្នុងការគាំទ្រឲ្យមានច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា៖ «តែដោះស្រាយចំណុចបញ្ចូលបែបណានោះ គឺជាឆន្ទានុសិទ្ធិរបស់សម្ដេចតេជោ»។
 អនុសាសន៍ចំនួន៧ រួមមាន៖
១.រដ្ឋាភិបាលគួរតែអនុម័តច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មានស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា  និងត្រូវតែមានការចូលរួម និងទទួលយកអនុសាសន៍ពីអ្នកពាក់ព័ន្ធនានា។
២.ការអនុវត្តការបើកចំហព័ត៌មាន និងការបង្កើតការផ្សាយជាសាធារណៈតាមគ្រប់មធ្យោបាយ។
៣.សង្គម ស៊ីវិលធ្វើការងារបានល្អប្រសើរជាមួយរដ្ឋាភិបាល ក្នុងការគាំទ្រ  និងផ្សព្វផ្សាយច្បាប់ស្ដីពីសិទ្ធិទទួល
បានព័ត៌មាននៅថ្នាក់ជាតិ  និងថ្នាក់ក្រោមជាតិរាល់គ្រប់បញ្ហា គ្រប់វិស័យទាំងអស់  ដូចជាសេវាសាធារណៈ ដីសម្បទានសេដ្ឋកិច្ច រាប់បញ្ចូលទាំងថវិកា  របាយការណ៍សវនកម្ម ទៅដល់សាធារណជន  និងការចូលរួមជាសាធារណៈទៅក្នុងសេចក្តីព្រាងច្បាប់ស្តីអំពីថវិកា ជាតិ និងរបាយការណ៍សវនកម្ម។
៤.វិស័យឯកជន និងដៃគូអភិវឌ្ឍន៍  គួរតែបន្តការគាំទ្រទៅលើច្បាប់ស្តីអំពីសិទ្ធិទទួលបានព័ត៌មាន  និងគាំទ្រផ្នែកបច្ចេកទេស។
៥.ច្បាប់ថ្មីត្រូវចែងអំពីការការពារ សុវត្ថិភាពអ្នកសារព័ត៌មាន រួមបញ្ចូលគ្នារវាងច្បាប់សារព័ត៌មាន  និងច្បាប់ស្តីអំពីសិទ្ធិទទួលបានព័ត៌មាន។
៦.អ្នកស៊ើបអង្កេត ត្រូវធានាថាការអនុវត្តច្បាប់ដោយឯករាជ្យ ត្រូវតែមានការចូលរួមពីក្រុមការងារប្រព័ន្ធផ្សព្វផ្សាយ។
៧.រដ្ឋាភិបាល កម្ពុជា គួរតែផ្តល់  និងផ្សព្វផ្សាយព័ត៌មានសាធារណៈនៅថ្នាក់ក្រោមជាតិ។  រដ្ឋាភិបាលគួរតែគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ  ដើម្បីអនុវត្តសិទ្ធិទទួលព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖  ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
 
 [source] http://www.rfa.org/khmer/news/human-rights/civil-socienties-urges-govt-to-create-access-to-information-law-06012013000952.html#.UamA2cYEnaQ.blogger 
0 comments:
Post a Comment
Thank you for your comments!