ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, May 31, 2013

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

នៅ​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឡើយ។ កាល​ពី​ឆ្នាំ​២០០៤ រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​ភាព​ចាំបាច់​ដើម្បី​បង្កើត​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន ​នៅ​ក្នុង​ប្រទេស​នេះ។
ដោយ អ៊ុក សាវបូរី
2013-06-01
សន្និសីទ​កាសែត​សិទ្ធិ​ទទួល​ព័ត៌មាន ៦១០
(ពី​ស្តាំ) ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា លោក ជាម យៀប នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Ouk Savborey

សេចក្តី​ព្រាង​ច្បាប់ ក្របខ័ណ្ឌ​គោល​នយោបាយ​ច្បាស់​លាស់​សម្រាប់​ប្រទេស​កម្ពុជា ទាក់ទង​ជាមួយ​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​នៅ​ក្នុង​ឆ្នាំ​២០០៧។ ប៉ុន្តែ តាំង​ពី​ឆ្នាំ​២០០៧ មក​ទល់​បច្ចុប្បន្ន គោល​នយោបាយ​នេះ​មិន​ទាន់​បាន​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​នៅ​ ឡើយ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ជាតិ ២​ថ្ងៃ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា អ្នក​ចូលរួម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មាន​ច្បាប់​នេះ​ចាំបាច់។

សង្គម​ស៊ីវិល មន្ត្រី​រាជការ​មូលដ្ឋាន តំណាង​រាជ​រដ្ឋាភិបាល អ្នក​តំណាង​រាស្ត្រ ក្រុម​អ្នក​សារព័ត៌មាន​ជាង ២០០​នាក់ បាន​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ ព័ត៌មាន​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ពិភាក្សា ២​ថ្ងៃ (ថ្ងៃ​ទី៣០-៣១ ឧសភា) ពី​សារៈសំខាន់​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​ផ្ដោត​លើ​ព័ត៌មាន​សាធារណៈ និង​បណ្ដាញ​សារព័ត៌មាន។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែង​ថា ការ​ព្យាយាម​ធ្វើ​វេទិកា​ថ្នាក់​ជាតិ ដើម្បី​ប្រមូល​យោបល់​នៃ​សេចក្តី​ចង់​បាន​ពី​ព័ត៌មាន​គ្រប់​ស្ថាប័ន​របស់​ ប្រជាពលរដ្ឋ​នេះ ទើប​អាច​ចងក្រង​ជា​ច្បាប់​ដែល​អាច​ទទួល​បាន​នូវ​ភាព​សុក្រឹត តម្លាភាព គណនេយ្យ​ភាព ដើម្បី​កែប្រែ​សង្គម ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​អភិបាល​កិច្ច​ល្អ៖«លើក​កម្ពស់​ការ​យល់​ដឹង​ ពី​ប្រជាពលរដ្ឋ អំពី​សារៈសំខាន់​នៃ​ការ​ទាមទារ​ឲ្យ​មាន​ច្បាប់​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ ហើយ​ទី២ យើង​ព្យាយាម​ធ្វើ​វេទិកា​ថ្នាក់​ជាតិ​ធំៗ​បែប​ហ្នឹង ដូច​សន្និសីទ​បែប​ហ្នឹង ដើម្បី​កៀងគរ​សហគមន៍​ម្ចាស់​ជំនួយ ឲ្យ​ចូលរួម​គាំទ្រ​នៃ​ការ​ជំរុញ​ច្បាប់​បែប​ហ្នឹង» 

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ថ្លែង​ថា លោក​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន៖ «រៀបចំ ​ធ្វើ​យ៉ាង​ណា វិស័យ​ជីវភាព​រស់នៅ​យើង​បាន​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ឲ្យ​មាន​ការ​ឈាន​ឡើង ដោយ​ប្រមូល​ផ្តុំ​នូវ​វិនិយោគិន ទាំង​ជាតិ និង​អន្តរជាតិ»

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ថ្លែង​រិះគន់​ថា រដ្ឋាភិបាល​នៅ​តែ​អះអាង​រក្សា​ការ​សម្ងាត់​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ទៅ​ទី​ សាធារណៈ សូម្បី​តែ​ព័ត៌មាន​អំពី​ការ​វិនិយោគ​ពី​អាជ្ញាប័ណ្ណ​ផ្តល់​ឲ្យ​ទៅ​ប្រទេស​ណា ឬ​ក្រុមហ៊ុន​ណា​នោះ ក៏​រដ្ឋាភិបាល​លាក់​លៀម ដែល​ព័ត៌មាន​នោះ​មិន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ក៏ដោយ៖ «ភាព​លាក់​កំបាំង​នៃ​ព័ត៌មាន​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនួយ​បរទេស​មក​ប្រទេស​កម្ពុជា»

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ លោក ណេប ស៊ីនថៃ ថ្លែង​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន មិន​ទាន់​បាន​ចងក្រង​នៅ​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​មាន​សេចក្តី​ព្រាង​ច្បាប់ ក្របខ័ណ្ឌ​គោល​នយោបាយ ដែល​ជា​ឫស​គល់​នៃ​ការ​ចងក្រង​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ កម្ពុជា។ លោក​ថា អនុសាសន៍​ចំនួន ៧​ចំណុច ដែល​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ប្រមូល​ពី​ការ​ពិភាក្សា​ពីរ​ថ្ងៃ ស្នើសុំ​ដាក់​បញ្ចូល​បន្ថែម​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់ ក្របខ័ណ្ឌ​គោល​នយោបាយ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច អ្នកស្រី ម៉ែន សំអន ថ្លែង​ថា អនុសាសន៍​ចំនួន​៧​នេះ នឹង​បញ្ជូន​ទៅ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ពិចារណា ក្នុង​ការ​គាំទ្រ​ឲ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា៖ «តែ​ដោះស្រាយ​ចំណុច​បញ្ចូល​បែប​ណា​នោះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​សម្ដេច​តេជោ»
អនុសាសន៍​ចំនួន​៧ រួម​មាន៖
១.រដ្ឋាភិបាល​គួរ​តែ​អនុម័ត​ច្បាប់​ស្ដីពី ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​ត្រូវ​តែ​មាន​ការ​ចូលរួម និង​ទទួល​យក​អនុសាសន៍​ពី​អ្នក​ពាក់ព័ន្ធ​នានា។


២.ការ​អនុវត្ត​ការ​បើក​ចំហ​ព័ត៌មាន និង​ការ​បង្កើត​ការ​ផ្សាយ​ជា​សាធារណៈ​តាម​គ្រប់​មធ្យោបាយ។


៣.សង្គម ​ស៊ីវិល​ធ្វើ​ការងារ​បាន​ល្អ​ប្រសើរ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​គាំទ្រ និង​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​

បាន​ព័ត៌មាន​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​រាល់​គ្រប់​បញ្ហា គ្រប់​វិស័យ​ទាំងអស់ ដូច​ជា​សេវា​សាធារណៈ ដី​សម្បទាន​សេដ្ឋកិច្ច រាប់​បញ្ចូល​ទាំង​ថវិកា របាយការណ៍​សវនកម្ម ទៅ​ដល់​សាធារណជន និង​ការ​ចូលរួម​ជា​សាធារណៈ​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​ថវិកា​ ជាតិ និង​របាយការណ៍​សវនកម្ម។

៤.វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ គួរ​តែ​បន្ត​ការ​គាំទ្រ​ទៅ​លើ​ច្បាប់​ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​គាំទ្រ​ផ្នែក​បច្ចេកទេស។


៥.ច្បាប់​ថ្មី​ត្រូវ​ចែង​អំពី​ការ​ការពារ​ សុវត្ថិភាព​អ្នក​សារព័ត៌មាន រួម​បញ្ចូល​គ្នា​រវាង​ច្បាប់​សារព័ត៌មាន និង​ច្បាប់​ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។


៦.អ្នក​ស៊ើប​អង្កេត ត្រូវ​ធានា​ថា​ការ​អនុវត្ត​ច្បាប់​ដោយ​ឯករាជ្យ ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​ក្រុម​ការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ។


៧.រដ្ឋាភិបាល ​កម្ពុជា គួរ​តែ​ផ្តល់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ។ រដ្ឋាភិបាល​គួរ​តែ​គាំទ្រ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​អនុវត្ត​សិទ្ធិ​ទទួល​ព័ត៌មាន៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 [source] http://www.rfa.org/khmer/news/human-rights/civil-socienties-urges-govt-to-create-access-to-information-law-06012013000952.html#.UamA2cYEnaQ.blogger
 

0 comments:

Post a Comment

Thank you for your comments!













Search