ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 13, 2013
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី និង​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​​​​​​​លោក កឹម សុខា ដើម្បី​រក្សា​ស្ថានការណ៍​ក្នុង​ពេល​ឃោសនា និង​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ មាន​ដំណើរការ​​ល្អ។

ដោយ ដែន អយុធ្យា និង យន់ សាមៀន
2013-06-13
ហ៊ុន សែន ៦១០
លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់​ខ្សែបូ​សម្ពោធ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ជាប់​របង​ស្តាត​អូឡាំពិក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Den Ayuthyea 
​ ការ​អំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​ឲ្យ​មាន​ការ​ស្ងប់ស្ងៀម​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​នៅ​ជាប់​ស្តាត​អូឡាំពិក រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា។
នៅ ​ក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​គាំទ្រ​លោក ជុំ ម៉ី ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ប្រធាន​ទីស្ដីការ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ព្រមាន​ថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយ​បាតុកម្ម​នោះ នោះ​លោក កឹម សុខា មិន​បាន​សុខ​ទេ គឺ​ប្រាកដ​ជា​ត្រូវ​ស្វែង​រក​ស្ថានទូត​ណា​មួយ​ដើម្បី​ជ្រក​កោន​​មិន​ខាន។
ប្រមុខ ​ដឹកនាំ​បាន​ព្រមាន​គណបក្ស​ប្រឆាំង មិន​​ត្រូវ​ទម្លាក់​កំហុស​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​បាតុកម្ម​ របស់​លោក ជុំ ម៉ី នោះ​ទេ។ លោក ហ៊ុន សែន បាន​ព្រមាន​ប្ដឹង​លោក កឹម សុខា ទៅ​កាន់​តុលាការ​ក្រោយ​ការ​បោះ​ឆ្នោត។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក ជុំ ម៉ី និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា និង​រក​វិធី​តវ៉ា​ផ្សេង​ដើម្បី​​ឲ្យ​​ការ​ឃោសនា និង​ការ​បោះ​ឆ្នោត ខែ​កក្កដា ខាង​មុខ មាន​បរិយាកាស​ល្អ៖ «សូម​លោក​កុំ​ភណ្ឌ​ច្រឡំ បើ​សិន​មាន​មេដឹកនាំ​គណបក្ស​ប្រជាជន ពិសេស ហ៊ុន សែន ចេញ​មុខ ឬ ហេង សំរិន ចេញ​មុខ ឬ​អ្នក​ដឹកនាំ​ដទៃ​ទៀត​ជា​សមាជិក​អចិន្ត្រៃយ៍​ចេញ​មុខ​ពិត​ប្រាកដ កម្រិត​អស់​លោក​គាំទ្រ​អត់​បាន​ទេ។ បើ​អស់​លោក​មិន​រត់​ចូល​ដេក​ក្នុង​ស្ថានទូត​បរទេស​ទេ ខ្ញុំ​ថ្វាយបង្គំ»
​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា លោក ជុំ ម៉ី បាន​ដឹកនាំ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ ចំពោះ​ពាក្យ​សម្តី​របស់​ខ្លួន​ដែល​ថា ទួល​ស្លែង​ជា​គុក​សិប្បនិមិត្ត។ ប៉ុន្តែ​លោក កឹម សុខា បដិសេធ​ថា លោក​មិន​បាន​និយាយ​ថា គុក​ទួល​ស្លែង ជា​​គុក​​សិប្បនិម្មិត​ដូច​ការ​ចោទ​ទេ។
បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម និង​សាធារណៈ បាន​មើល​ឃើញ​ថា រដ្ឋាភិបាល ឬ​គណបក្ស​កំពុង​កាន់​អំណាច​ជា​អ្នក​គាំទ្រ សកម្មភាព​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​លោក ជុំ ម៉ី។

ការ​ ដឹកនាំ​ធ្វើ​បាតុកម្ម ឬ​បញ្ហា​រំខាន​ផ្សេងៗ មក​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មេ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​ជា​បញ្ហា​នយោបាយ និង​រៀបចំ​ដោយ​បក្ស​កាន់​អំណាច។
លោក កឹម សុខា បាន​ចាត់​ទុក​ល្បិចកល​របស់​​បក្ស​កាន់​អំណាច​ធ្វើ​មក​លើ​គណបក្ស​ប្រឆាំង​ថា មិន​មែន​​ជា​រឿង​ថ្មីទេ ហើយ​ថា បញ្ហា​នេះ​ធ្លាប់​បាន​អនុវត្ត តាំង​ពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ ក្នុង​បំណង​បំបែក​បំបាក់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ៖ «គណបក្ស​កាន់​ អំណាច​ព្យាយាម​មួលបង្កាច់​បង្ខូច​គ្រប់​បែប​យ៉ាង​ទាំង​អស់។ បំបែក​បំបាក់​ទិញ​ដូរ​អី​ដូច​រូបភាព​មុន​ទាំង​អស់ ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាល់​ថ្ងៃ ប៉ុន្តែ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ រួប​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន មិន​អាច​បំបែក​បាន​រហូត​មក​ដល់​ថ្ងៃ​នេះ។ នេះ​ហើយ​ជា​ការ​ក្តៅ​ក្រហាយ​របស់​ពួក​គាត់ ដែល​នាំ​ឲ្យ​ពួកគាត់​បាន​ប្រើ​រូបភាព​ក្ដៅ​មក​ទៀត​ហើយ​ដូច​ឆ្នាំ​១៩៩៧។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ គណបក្ស​ហ៊្វុនស៊ិនប៉ិច គេ​មាន​ទ័ព តែ​ឥឡូវ​នេះ ឆ្នាំ​២០១៣ នេះ គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ទ័ព​ទេ មាន​តែ​សំឡេង មាន​តែ​ទស្សនៈ មាន​តែ​កម្មវិធី​នយោបាយ​ល្អ អ៊ីចឹង​ហើយ​បាន​ជា​គេ​មក​បំបែក​សំឡេង​យើង»

ទាក់ទិន​ បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​និកហ្វិច (NICFEC)។ លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​កម្ដៅ​នយោបាយ​នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ អាច​មាន​អំពើ​ហិង្សា។
លោក​​​បន្ត​ថា កម្ដៅ​ផ្ដើម​ពី​ការ​អុចអាល​រវាង​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ទៅ​បក្ស​មួយ​នៅ ​តាម​វេទិកា​ផ្សេងៗ នឹង​អាច​បង្កើត​ឲ្យ​​មាន​អំពើ​ហិង្សា​កើត​ឡើង បើ​អ្នក​នយោបាយ​ទាំង​នោះ​មិន​បញ្ឈប់​សកម្មភាព​នេះ​ទេ៖ «មាន​ការ​ព្រួយ​ បារម្ភ​ថា កម្ដៅ​នយោបាយ​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង។ ប៉ុន្តែ​បើ​សិន​ជា​មេដឹកនាំ​ទាំង​សង​ខាង​បក្ស​ព្យាយាម​បន្ធូរបន្ថយ ខ្ញុំ​គិត​ថា អាច​នឹង​ធ្វើ​ទៅ​បាន។ តែ​បើ​សិន​ជា​កម្ដៅ​នៅ​តែ​កើន​បែប​នេះ បរិយាកាស​នៅ​មុន និង​ក្រោយ​បោះ​ឆ្នោត ជួន​កាល​ទៅ​អាច​នឹង​មាន​បញ្ហា»

ចំណែក ​លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម វិភាគ​ថា អ្នក​នយោបាយ​គួរ​ផ្ដោត ឬ​ក៏​លើក​​​​​ឡើង​ពី​គោលនយោបាយ​បក្ស​រៀងៗ​ខ្លួន ប្រសើរ​ជាង​រិះគន់​លាប​ពណ៌​ឲ្យ​គ្នា ព្រោះ​យុទ្ធសាស្ត្រ​នេះ មិន​ចំណេញ​ដល់​សង្គម​ជាតិ​ទេ៖ «បើ​សិន​ជា​យើង​មិន​ផ្ដោត​ទៅ​លើ​គោលនយោបាយ យើង​ចេះ​តែ​បន្ត​វាយ​ប្រហារ​ជា​លក្ខណៈ​បុគ្គល​ត​ទៅ​ទៀត មិន​អាច​ចំរើន​ទៅ​ដល់​ប្រទេស​ជាតិ​ទេ។ ត្រូវ​ម្យ៉ាង​ដែរ ដែល​សម្ដេច​នាយក​គាត់​ធ្វើ​អ៊ីចឹង ក៏​ប៉ុន្តែ​បើ​សិន​ជា​លក្ខណៈ​បុគ្គល​គេ​ប្រើប្រាស់​យន្តការ​សម្រប​សម្រួល គេ​ប្រើប្រាស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ឬ​ក៏​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ដោះស្រាយ​បញ្ហា»

យ៉ាង ​ណា​ក៏ដោយ ប្រមុខ​ដឹកនាំ​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ឬ​ផ្នែក​ពាក់ព័ន្ធ​នានា ឲ្យ​ចូល​រួម​រក្សា​ការពារ​ឲ្យ​ស្ថានការណ៍​ក្នុង​ពេល​ឃោសនា ឬ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ប្រព្រឹត្ត​ទៅ​បាន​ល្អ និង​ជៀស​ផុត​ពី​អំពើ​ហិង្សា​ផ្សេងៗ។

បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន

សេចក្ដី ​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មិថុនា នេះ បាន​ស្វាគមន៍​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើ​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ផ្អាក​ការ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស ប្រឆាំង​នឹង​លោក កឹម សុខា។

គណបក្ស ​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​រក្សា​ភាព​ស្ងប់ស្ងាត់​មុន​ការ​បោះ​ឆ្នោត គឺ​ជា​កត្តា​បង្កើន​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការ​បោះ​ឆ្នោត ដែល​បាន​ឈាន​ជិត​មក​ដល់ ហើយ​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​ការ​បង្រួបបង្រួម​ជាតិ​ផង​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ថ្កោលទោស​សកម្មភាព​បង្ក​អំពើ​អុកឡុក រំខាន​តាម​គ្រប់​រូបភាព និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទៅ​លើ​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ។ សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់​ការ​ បង្ក​សកម្មភាព​ហិង្សា និង​ការ​ធានា​កុំ​ឲ្យ​មាន​ការ​បំផ្លាញ និង​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ។

សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​បំភិតបំភ័យ​និង​រំលោភ​សិទ្ធិ​អ្នក​នយោបាយ

អង្គការ ​ក្រៅ​រដ្ឋាភិបាល​ជាង ១០​អង្គការ ដែល​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ដែរ សំដែង​ក្តី​បារម្ភ​ពី​បរិយាកាស​បំភិតបំភ័យ និង​ការ​រំលោភ​សិទ្ធិ​បំពាន​ទៅ​លើ​អ្នក​នយោបាយ និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង កំពុង​កើត​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៣ នេះ  ជា​ពិសេស​កាល​ពី​ខែ​ឧសភា កន្លង​ផុត​ទៅ​នេះ។

របាយការណ៍​ អង្គការ​សង្គម​ស៊ីវិល រួម​មាន​អង្គការ​ខុមហ្រ្វែល គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​អង្គការ​មួយ​ចំនួន​ទៀត​ផ្សាយ​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៣ មក បើ​ទោះ​បី​គ្មាន​អំពើ​ហិង្សា​នយោបាយ​ដល់​របួស និង​ស្លាប់​ធ្ងន់ធ្ងរ ប៉ុន្តែ​មាន​ករណី​គំរាម​កំហែង បំភិតបំភ័យ និង​ការ​រំខាន​យាយី​ផ្នែក​នយោបាយ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ តាំង​ពី​មូលដ្ឋាន មក​កម្រិត​ថ្នាក់​ជាតិ។

របាយការណ៍ ​បង្ហាញ​ថា អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មេ​ភូមិ មេ​ឃុំ​មួយ​ចំនួន បាន​គំរាម​លើ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​ អំណាច និង​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូល​រួម​ស្ដាប់​កិច្ច​ប្រជុំ​នានា​របស់​គណបក្ស ​មិន​កាន់​អំណាច និង​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត ការ​ដក​តួនាទី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ២៩​រូប​ពី​រដ្ឋ​សភា បាន​
បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អង្គការ ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បរិយាកាស​បំភិត​បំភ័យ និង​ការ​រំលោភ​សិទ្ធិ​នៅ​ដំណាក់កាល​មុន​ការ​បោះ​ឆ្នោត​ជាតិ​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ និង​ទីលាន​ប្រកួតប្រជែង​ដោយ​ស្មើ​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ [source]http://www.rfa.org/khmer/news/politics/pm-calls-chummey-2stop-demonstration-06132013062239.html

0 comments:

Post a Comment

Thank you for your comments!













Search