ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 13, 2013
គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណបក្ស​កាន់​អំណាច​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌ និង​មាន​សេចក្តី​ថ្លៃថ្នូរ ដោយ​មិន​ត្រូវ​បញ្ជូន​សកម្មជន​មក​រំខាន​វេទិកា​ជួបជុំ​សមាជិក​គាំទ្រ​តាម​ មូលដ្ឋាន​របស់​បក្ស​ប្រឆាំង​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ស្ថានការណ៍​បោះឆ្នោត កំពុង​ព្រួយ​បារម្ភ​កើត​មាន​អំពើ​ហិង្សា​នៅ​មុន និង​ក្រោយ​ការ​បោះឆ្នោត ខែ​កក្កដា ខាង​មុខ។

ដោយ ដែន អយុធ្យា
2013-06-12

កឹម សុខា ៦១០
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Den Ayuthea 
ថ្លែង​ក្នុង​សន្និសីទ​កាសែត ព្រឹក​ថ្ងៃ​ពុធ ទី១២ ខែ​មិថុនា នា​ទីស្នាក់ការ​កណ្ដាល​ក្រុង​ភ្នំពេញ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ការ​ចុះ​មូលដ្ឋាន​របស់​លោក​មាន​ការ​រំខាន​ដោយ​សមាជិក​គណបក្ស​ប្រជាជន​ កម្ពុជា។ លោក​ថា រូបភាព​រំខាន​មាន​ដូចជា បក្ស​កាន់​អំណាច​បាន​ដឹក​សកម្មជន​តាម​រថយន្ត ឲ្យ​ទៅ​អុកឡុក ឬ​យក​ធុង​បាស និង​មេក្រូ​ចាក់​ដោយ​បើក​សំឡេង​ខ្លាំងៗ រំខាន​នៅ​តាម​វេទិកា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ។

លោក កឹម សុខា បញ្ជាក់​ថា បើ​សមត្ថកិច្ច ឬ​រដ្ឋាភិបាល​មិន​ទប់ស្កាត់​ករណី​នេះ​ទេ នោះ​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខែ​កក្កដា ខាង​មុខ គ្មាន​លក្ខណៈ​សេរី គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព​ទេ។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច និង​រដ្ឋាភិបាល មាន​វិធាន​ការ​ទប់ស្កាត់​ចំពោះ​បញ្ហា​នេះ៖ «នៅ​ល្វាឯម ជា​តំបន់​ឆ្លង​ទឹក​ឆ្លង​ទូក​ដ។ គេ​មាន​ផែន​ការ​គេ ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​អាជ្ញាធរ​ខ្លះ​ដែល​លួច​គាំទ្រ​ដោយ​ស្ងាត់ៗ​មក​លើ​គណបក្ស​ សង្គ្រោះ​ជាតិ។ គេ​ថា​ផែន​ការ​គេៗ​ចាំ​តែ​ឲ្យ​ខ្ញុំ​ឆ្លង​ដ​ទៅ​ហើយ គេ​បញ្ចេញ​មនុស្ស​មក​ស្ទាក់​នៅ​កន្លែង​ដ​ហ្នឹង​តែ​ម្តង ហើយ​ធ្វើ​មិន​ឲ្យ​ខ្ញុំ​ឆ្លង​ដ​មក​វិញ​បាន​ទេ ពីព្រោះ​អី​ដ​អស់​ហ្នឹង​សុទ្ធ​តែ​គេ​អាច​គំរាម​កំហែង​បាន។ ហើយ​ទី​២ គេ​រៀបចំ​ក្បួន​ឡាន​គេ​ដាក់​ពី​មុខ។ ហើយ​ខ្ញុំ​មាន​ទាំង​រូប​ថត​ទៀត គឺ​ដើម្បី​ខ្ញុំ​ទៅ​និយាយ​កន្លែង​ណា គេ​មក​ឈប់​នៅ​កន្លែង​ហ្នឹង ដើម្បី​ដាក់​មេក្រូ ដើម្បី​ស្រែក​រំខាន​ដល់​វេទិកា​ហ្នឹង»
លោក កឹម សុខា បន្ត​ថា លោក​បាន​លើក​យក​ករណី​រំខាន​ផ្ដើម​ដោយ​សមាជិក​គណបក្ស​កាន់​អំណាច​ដាក់​ជូន​ទៅ ​ស្ថានទូត​នានា ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ជួយ​ពិនិត្យ និង​តាម​ដាន​ថែម​ទៀត។

មិន​មាន​អត្ថាធិប្បាយ​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បំភ្លឺ​ជុំវិញ​ប្រតិកម្ម​របស់​លោក កឹម សុខា នោះ​ទេ នៅ​រសៀល​ថ្ងៃ​ទី១២ ខែ​មិថុនា។ ប៉ុន្តែ នៅ​ក្នុង​ជំនួប​រវាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា ស្ដីពី​វិធាន​ការ​ការពារ​សុវត្ថិភាព​លោក កឹម សុខា ប៉ូលិស​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​តំណាង​បក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​បញ្ហា​អ្វី​មួយ ស្នើ​ឲ្យ​ទាក់ទង​មក​ក្រសួង​ដើម្បី​មាន​វិធាន​ការ។

ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចូលរួម​រក្សា​ឲ្យ​ស្ថានការណ៍​មុន និង​ក្រោយ​ការ​បោះឆ្នោត​មាន​ដំណើរ​ការ​ល្អ។ ក្រៅ​ពី​នេះ ប្រមុខ​ដឹកនាំ​លោក​បាន​ស្នើ​ដល់​សមាជិក​គាំទ្រ​របស់​ខ្លួន អាច​រិះគន់​គ្នា​ដោយ​ពាក្យ​សម្ដី និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​អំពើ​ហិង្សា។

ទាក់ទិន​បញ្ហា​នេះ លោក ទេព នីថា ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​គ.ជ.ប។ លោក​មាន​ប្រសាសន៍​ថា ទោះ គ.ជ.ប មិន​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ដូច​ករណី​បក្ស​ប្រឆាំង​បាន​អះអាង​ក្តី ប៉ុន្តែ គ.ជ.ប បាន​ស្នើ​ទៅ​មន្ត្រី​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ជួយ​សម្រប​សម្រួល​ការងារ​នេះ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្ដីពី ​គណបក្ស​នយោបាយ៖ «វា​អាច​ថា សមត្ថកិច្ច​របស់​យើង​នៅ​មាន​កម្រិត។ អ៊ីចឹង​ទេ មិន​អាច​ធ្វើ​បាន​ល្អ ១០០% ទេ។ តែ​ទោះ​យ៉ាង​ណា គណបក្ស​ទាំងអស់​បាន​ធ្វើ​សកម្មភាព​គ្រប់​គ្នា​ទៅ​តាម​ច្បាប់ ហើយ​ល្អ​ដែរ​ដែល​មិន​មាន​អំពើ​ហិង្សា​អី​ទេ គ្រាន់​តែ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​រំខាន​គ្នា​តិចតួច​ប៉ុណ្ណោះ»

លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC)។ លោក​ចាត់​ទុក​ការ​បញ្ជូន​សកម្មជន​គាំទ្រ​គណបក្ស​នយោបាយ​មួយ​ទៅ​រំខាន​ សកម្មភាព​ធ្វើ​នយោបាយ​របស់​បក្ស​មួយ​ទៀត អាច​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​មុន និង​ក្រោយ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ខែ​កក្កដា ខាង​មុខ បើ​សមត្ថកិច្ច​មិន​បាន​ទប់ស្កាត់៖ «អ្នក​រំខាន​មិន​មាន​សេចក្តី​ ថ្លៃថ្នូរ ឬ​ក៏​មិន​មាន​សេចក្តី​ក្លាហាន​ពិត​ប្រាកដ​ក្នុង​ការ​ប្រកួត​ប្រជែង​ទេ។ អ្នក​រំខាន​ព្យាយាម​ផ្ចាញ់​ផ្ចាល​អ្នក​ដទៃ ដោយ​វិធី​ផ្សេង​ខុស​ពី​នីតិវិធី។ ខ្ញុំ​គិត​ថា គឺ​ជា​ការ​ចាប់​ផ្ដើម​មួយ​ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​គ្មាន​ភាព​ល្អ​ ប្រសើរ​គ្មាន​ភាព​ត្រឹមត្រូវ»

លោក​ថា បញ្ហា​នេះ​ទាំង​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​គួរ​ព្រងើយ​កន្តើយ​ទេ បើ​ពិត​ជា​មាន​ចេតនា​ចង់​ឲ្យ​ការ​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ​មាន​ដំណើរ​ការ​ល្អ​មែន​នោះ។
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​រយៈពេល ៣០​ថ្ងៃ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣។ បច្ចុប្បន្ន​នេះ​ជា​ពេល​វេលា​នៃ​យុទ្ធនាការ​ចែក​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​ដល់ ​អ្នក​បោះឆ្នោត ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២។ យុទ្ធនាការ​នេះ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣។

ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចុះ​បញ្ជី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត។ ហើយ​ថា កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ នេះ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត និង​បញ្ជី​ទីតាំង​នៅ​ការិយាល័យ​បោះឆ្នោត និង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ មាន​ការិយាល័យ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ១៩.០០៩​ការិយាល័យ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search