ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, June 3, 2013


កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) ដែល​មាន​និន្នាការ​សហជីព ២​ផ្សេង​គ្នា បាន​ផ្ទុះ​ហិង្សា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិថុនា ខណៈ​ដែល​មាន​កម្មករ​ជិត ២​ពាន់​នាក់ ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ ទាមទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច។
ដោយ ទេព សុរ៉ាវី
2013-06-03
កម្មករ សាប៊្រីណា ៦១០
ក្រុម​សមត្ថកិច្ច​និង​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) នៅ​ខេត្ត​កំពង់ស្ពឺ ប៉ះ​ទង្គិច​គ្នា នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៣។
IDEA Photo 
ហិង្សា​នោះ​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច និង​កង​បង្ក្រាប​ក្រុម​កូដករ បាតុករ ចូល​ទៅ​ឃាត់ ប៉ុន្តែ​បាន​ឈាន​ដល់​ហិង្សា​រវាង​កម្មករ​ជាមួយ​សមត្ថកិច្ច​មួយ​ជាន់​ទៀត រហូត​សមត្ថកិច្ច​សម្រេច​ឃាត់​ខ្លួន​ថ្នាក់ដឹកនាំ​សហជីព ៨​នាក់ ហើយ​មាន​កម្មករ និង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ទៀត​រង​របួស។

មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា មន្រ្តី​សហជីព ៨​នាក់ ដែល​បង្ក​ហិង្សា​ឲ្យ​មាន​ការ​វាយ​តប់​គ្នា​ធ្ងន់ធ្ងរ​ក្នុង​ការ​ធ្វើ​ កូដកម្ម​នៅ​រោងចក្រ សាប្រ៊ីណា ត្រូវ​បាន​ឃាត់​ខ្លួន​សួរ​ចម្លើយ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​ មហាផ្ទៃ ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​ពួកគេ។

អ្នក​នាំ​ពាក្យ​ អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា មន្ត្រី​សហជីព ៨​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ ជា​អ្នក​ដឹកនាំ​កូដកម្ម​នៅ​រោងចក្រ សាប្រ៊ីណា ជាង ១០​ថ្ងៃ​មក​ហើយ និង​បាន​បំផុស​ឲ្យ​កម្មករ​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយ​កម្ទេច​ទ្រព្យ​ សម្បត្តិ​នៅ​ក្នុង​រោងចក្រ។

លោក​មិន​បាន​ប្រាប់​ថា នឹង​ត្រូវ​បញ្ជូន​មន្ត្រី​សហជីព​ទាំង​នោះ​ទៅ​តុលាការ ឬ​ដោះលែង​វិញ​នោះ​ទេ។ តែ​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​សាកសួរ​ចម្លើយ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ឲ្យ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ៖ «ទុក​ឲ្យ​គេ​ធ្វើ​ឯកសារ​ ច្បាស់លាស់ ដើម្បី​តុលាការ​គេ​ពិនិត្យ​វិនិច្ឆ័យ។ ពួកគាត់​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​បាតុកម្ម​ហ្នឹង គាត់​ជា​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​ប៉ុន្មាន​ថ្ងៃ​ហើយ»

ប្រភព​ពី​មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ ច្បាប់​សម្រាប់​សហគមន៍ ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា ជិត ២​ពាន់​នាក់ បន្ត​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ ឋិត​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិថុនា។

រោងចក្រ សាប្រ៊ីណា ទើប​តែ​បើក​ទ្វារ​ឡើង​វិញ ក្រោយ​ពី​បិទ​រយៈពេល ៣​ថ្ងៃ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​កូដកម្ម​ទៅ​លើ​កម្មករ​រហូត​ធ្វើ​ឲ្យ​កម្មករ​ ជាង ២០​នាក់​របួស និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ២​នាក់​រលូត​កូន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

ប្រភព​ដដែល​បន្ត​ថា កម្មករ​ដែល​មាន​និន្នាការ​ទៅ​រក​សហជីព​សេរី​កម្មករ​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ ​រោងចក្រ ហើយ​ព្យាយាម​ផ្លោះ​របង​ចូល​ទៅ​ក្នុង​រោងចក្រ ក៏​ពើប​ប្រទះ​នឹង​កម្មករ​មួយ​ក្រុម​ទៀត​ដែល​មាន​និន្នាការ​ទៅ​រក​សហជីព​ ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហើយ​កម្មករ​ទាំង ២​ក្រុម​នោះ​បាន​យក​ដំបង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​រោងចក្រ រហូត​ធ្វើ​ឲ្យ​របួស​រៀងៗ​ខ្លួន។ ប្រភព​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មន្ត្រី​កងរាជអាវុធហត្ថ និង​កងកម្លាំង​បង្ក្រាប​ក្រុម​បាតុកម្ម​ប្រមាណ​ជាង ៥០០​នាក់ បាន​ចូល​ទៅ​បង្ក្រាប ហើយ​កម្មករ​ខ្លះ​បាន​យក​ដុំ​ថ្ម​គប់ និង​ខ្លះ​បាន​យក​ដំបង​វាយ​ទៅ​លើ​កងកម្លាំង​ទាំង​នោះ ហើយ​កម្លាំង​ដែល​បង្ក្រាប​បាន​យក​ខែល ដំបង វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​វិញ។

តាម​ព័ត៌មាន​ពី​មន្ត្រី​សហជីព និង​សមត្ថកិច្ច រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣ ខែ​មិថុនា មិន​ទាន់​មាន​របាយការណ៍​ណា​មួយ​បញ្ជាក់​ពី​តួលេខ​នៃ​អ្នក​រង​របួស​នៅ​ឡើយ។

ជុំវិញ​ការ​ឃាត់​ខ្លួន​មន្ត្រី​សហជីព ៨​នាក់ នៅ​អគ្គស្នងការ​នគរបាល​ជាតិ អ្នក​នាំ​ពាក្យ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ពេជ្រ ពណ្ណារាយ បញ្ជាក់​ថា មន្ត្រី​សហជីព​របស់​លោក ៧​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​ម្នាក់​ទៀត​ជា​មន្ត្រី​សហជីព​របស់​លោក អាត់ ធន់។ សហជីព​លោក​កំពុង​ត្រៀម​មេធាវី​ជួយ​ការពារ​ដល់​សហជីព​ទាំង​នោះ៖ «យើង​មាន​ មេធាវី​នៅ​ភ្នំពេញ យើង​កំពុង​រៀបចំ​សំណុំ​ឯកសារ​ទៅ​ទាក់ទង​ជាមួយ​អគ្គស្នងការ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន​អី​ទេ»

យ៉ាង​ណា​អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ កម្ពុជា លោក គង់ អាទិត្យ បញ្ជាក់​ថា មន្ត្រី​សហជីព​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ មិន​មាន​មន្ត្រី​របស់​សហជីព​លោក​ទេ គឺ​សុទ្ធតែ​មន្ត្រី​សហជីព​សេរី​កម្មករ​របស់​លោក ជា មុនី ទាំង​អស់។

មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ យល់​ថា ជា​រឿង​អាម៉ាស់​មួយ​ដែល​កម្មករ​ឈ្លោះ​គ្នា​ជាមួយ​កម្មករ ដោយសារ​តែ​មាន​និន្នាការ​សហជីព ២​ផ្សេង​គ្នា។ លោក​ថា រោងចក្រ​នេះ​អាច​នឹង​មាន​ការ​ផ្អាក​មួយ​រយៈពេល​ទៀត​ដើម្បី​ឲ្យ​សភាពការណ៍​ ស្ងប់ស្ងាត់​មួយ​រយៈ និង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ៖ «ប្រសិន​ ណា​ជា​មិន​មាន​ការ​ដោះស្រាយ​ណា​មួយ​ដោយ​សន្តិវិធី​ទេ ពេល​រោងចក្រ​បើក​ឡើង​វិញ គឺ​នឹង​មាន​រឿង​ដដែល​កើត​ឡើង។ ខាង​កម្មករ​គាត់​ក៏​មាន​កំហឹង ជា​ពិសេស​គាត់​ខឹង​កម្លាំង​បង្ក្រាប​គាត់»

ប្រធាន​រដ្ឋបាល​រោងចក្រ សាប្រ៊ីណា អ្នកស្រី ហុង លុយ បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​នោះ​ទេ​នៅ​ រសៀល​ថ្ងៃ​ទី​៣ ខែ​មិថុនា ដោយ​បញ្ជាក់​ថា កំពុង​ជាប់​ប្រជុំ។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​និង​កូដកម្ម​នៅ​កម្ពុជា ជា​រឿង​ធម្មតា ប៉ុន្តែ​មិន​ចង់​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ដូច្នេះ​រោងចក្រ​ត្រូវ​តែ​រក​អ្នក​ទទួល​ខុស និង​ប្ដឹង​ទៅ​តុលាការ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ រោងចក្រ៖ «អ្នក​ចូល​រួម​បាតុកម្ម កូដកម្ម ក៏​ត្រូវ​ទទួល​ខុស​ត្រូវ។ ឥឡូវ​យើង​ទុក​ឲ្យ​ប៉ូលិស​ស្រាវជ្រាវ​បន្តិច​ទៅ មើល​ភស្តុតាង​មើល​ថា នរណា​ជា​អ្នក​ណែនាំ​នរណា​ជា​អ្នក​ការ​ពិត»

កម្មករ​រោងចក្រ សាប្រ៊ីណា ធ្វើ​កូដកម្ម​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ក្នុង​នោះ​មាន​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន ១៤​ដុល្លារ​បន្ថែម។ ប៉ុន្តែ​ខាង​រោងចក្រ​បញ្ជាក់​ថា បាន​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរិមា ៩៥​ដុល្លារ​ដល់​កម្មករ​រួច​ហើយ ក្នុង​នោះ​បូក​ប្រាក់​សុខភាព ៥​ដុល្លារ និង​ថ្លៃ​ធ្វើ​ដំណើរ ៧​ដុល្លារ ទើប​មិន​អាច​ដំឡើង​ឲ្យ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
[source]http://www.rfa.org/khmer/news/social-economy/sabrina-workers-protest-06032013002743.html#.Ua0SHhxxIHs.blogger
 

0 comments:

Post a Comment

Thank you for your comments!













Search