កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) ដែលមាននិន្នាការសហជីព ២ផ្សេងគ្នា បានផ្ទុះហិង្សា កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ខណៈដែលមានកម្មករជិត ២ពាន់នាក់ ធ្វើកូដកម្មនៅខាងមុខរោងចក្រ ទាមទារលក្ខខណ្ឌការងារ ៩ចំណុច។
ដោយ ទេព សុរ៉ាវី
2013-06-03
ហិង្សានោះត្រូវបានកម្លាំងមានសមត្ថកិច្ច និងកងបង្ក្រាបក្រុមកូដករ បាតុករ ចូលទៅឃាត់ ប៉ុន្តែបានឈានដល់ហិង្សារវាងកម្មករជាមួយសមត្ថកិច្ចមួយជាន់ទៀត រហូតសមត្ថកិច្ចសម្រេចឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ៨នាក់ ហើយមានកម្មករ និងសមត្ថកិច្ចជាច្រើននាក់ទៀតរងរបួស។
មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា មន្រ្តីសហជីព ៨នាក់ ដែលបង្កហិង្សាឲ្យមានការវាយតប់គ្នាធ្ងន់ធ្ងរក្នុងការធ្វើ កូដកម្មនៅរោងចក្រ សាប្រ៊ីណា ត្រូវបានឃាត់ខ្លួនសួរចម្លើយនៅអគ្គស្នងការនគរបាលជាតិនៃក្រសួង មហាផ្ទៃ ដើម្បីឲ្យទទួលខុសត្រូវនូវទង្វើរបស់ពួកគេ។
អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធ ឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ថា មន្ត្រីសហជីព ៨នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ជាអ្នកដឹកនាំកូដកម្មនៅរោងចក្រ សាប្រ៊ីណា ជាង ១០ថ្ងៃមកហើយ និងបានបំផុសឲ្យកម្មករប្រព្រឹត្តអំពើហិង្សាវាយកម្ទេចទ្រព្យ សម្បត្តិនៅក្នុងរោងចក្រ។
លោកមិនបានប្រាប់ថា នឹងត្រូវបញ្ជូនមន្ត្រីសហជីពទាំងនោះទៅតុលាការ ឬដោះលែងវិញនោះទេ។ តែបញ្ជាក់ថា សមត្ថកិច្ចកំពុងសាកសួរចម្លើយបញ្ជូនទៅតុលាការ ដើម្បីឲ្យតុលាការជាអ្នកវិនិច្ឆ័យ៖ «ទុកឲ្យគេធ្វើឯកសារ ច្បាស់លាស់ ដើម្បីតុលាការគេពិនិត្យវិនិច្ឆ័យ។ ពួកគាត់គឺត្រូវទទួលខុសត្រូវក្នុងរឿងបាតុកម្មហ្នឹង គាត់ជាអ្នកដឹកនាំធ្វើបាតុកម្មប៉ុន្មានថ្ងៃហើយ»។
ប្រភពពីមន្ត្រីកម្មវិធីផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំ ច្បាប់សម្រាប់សហគមន៍ ឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា ជិត ២ពាន់នាក់ បន្តធ្វើកូដកម្មនៅខាងមុខរោងចក្រ ឋិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា។
រោងចក្រ សាប្រ៊ីណា ទើបតែបើកទ្វារឡើងវិញ ក្រោយពីបិទរយៈពេល ៣ថ្ងៃ បន្ទាប់ពីមានការបង្ក្រាបកូដកម្មទៅលើកម្មកររហូតធ្វើឲ្យកម្មករ ជាង ២០នាក់របួស និងស្ត្រីមានផ្ទៃពោះ ២នាក់រលូតកូនកាលពីថ្ងៃទី២៧ ខែឧសភា។
ប្រភពដដែលបន្តថា កម្មករដែលមាននិន្នាការទៅរកសហជីពសេរីកម្មករធ្វើកូដកម្មនៅខាងមុខ រោងចក្រ ហើយព្យាយាមផ្លោះរបងចូលទៅក្នុងរោងចក្រ ក៏ពើបប្រទះនឹងកម្មករមួយក្រុមទៀតដែលមាននិន្នាការទៅរកសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហើយកម្មករទាំង ២ក្រុមនោះបានយកដំបងវាយគ្នាទៅវិញទៅមកក្នុងរោងចក្រ រហូតធ្វើឲ្យរបួសរៀងៗខ្លួន។ ប្រភពឲ្យដឹងថា សមត្ថកិច្ចមន្ត្រីកងរាជអាវុធហត្ថ និងកងកម្លាំងបង្ក្រាបក្រុមបាតុកម្មប្រមាណជាង ៥០០នាក់ បានចូលទៅបង្ក្រាប ហើយកម្មករខ្លះបានយកដុំថ្មគប់ និងខ្លះបានយកដំបងវាយទៅលើកងកម្លាំងទាំងនោះ ហើយកម្លាំងដែលបង្ក្រាបបានយកខែល ដំបង វាយបង្ក្រាបទៅលើក្រុមកម្មករវិញ។
តាមព័ត៌មានពីមន្ត្រីសហជីព និងសមត្ថកិច្ច រហូតដល់រសៀលថ្ងៃទី៣ ខែមិថុនា មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីតួលេខនៃអ្នករងរបួសនៅឡើយ។
ជុំវិញការឃាត់ខ្លួនមន្ត្រីសហជីព ៨នាក់ នៅអគ្គស្នងការនគរបាលជាតិ អ្នកនាំពាក្យសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ពេជ្រ ពណ្ណារាយ បញ្ជាក់ថា មន្ត្រីសហជីពរបស់លោក ៧នាក់ ត្រូវបានឃាត់ខ្លួន ហើយម្នាក់ទៀតជាមន្ត្រីសហជីពរបស់លោក អាត់ ធន់។ សហជីពលោកកំពុងត្រៀមមេធាវីជួយការពារដល់សហជីពទាំងនោះ៖ «យើងមាន មេធាវីនៅភ្នំពេញ យើងកំពុងរៀបចំសំណុំឯកសារទៅទាក់ទងជាមួយអគ្គស្នងការ ប៉ុន្តែឥឡូវខ្ញុំអត់ទាន់មានព័ត៌មានអីទេ»។
យ៉ាងណាអនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជា លោក គង់ អាទិត្យ បញ្ជាក់ថា មន្ត្រីសហជីពដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មិនមានមន្ត្រីរបស់សហជីពលោកទេ គឺសុទ្ធតែមន្ត្រីសហជីពសេរីកម្មកររបស់លោក ជា មុនី ទាំងអស់។
មន្ត្រីកម្មវិធីផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ យល់ថា ជារឿងអាម៉ាស់មួយដែលកម្មករឈ្លោះគ្នាជាមួយកម្មករ ដោយសារតែមាននិន្នាការសហជីព ២ផ្សេងគ្នា។ លោកថា រោងចក្រនេះអាចនឹងមានការផ្អាកមួយរយៈពេលទៀតដើម្បីឲ្យសភាពការណ៍ ស្ងប់ស្ងាត់មួយរយៈ និងស្វែងរកដំណោះស្រាយឲ្យបានសមរម្យ៖ «ប្រសិន ណាជាមិនមានការដោះស្រាយណាមួយដោយសន្តិវិធីទេ ពេលរោងចក្របើកឡើងវិញ គឺនឹងមានរឿងដដែលកើតឡើង។ ខាងកម្មករគាត់ក៏មានកំហឹង ជាពិសេសគាត់ខឹងកម្លាំងបង្ក្រាបគាត់»។
ប្រធានរដ្ឋបាលរោងចក្រ សាប្រ៊ីណា អ្នកស្រី ហុង លុយ បដិសេធមិនអត្ថាធិប្បាយជុំវិញការធ្វើកូដកម្មរបស់កម្មករនោះទេនៅ រសៀលថ្ងៃទី៣ ខែមិថុនា ដោយបញ្ជាក់ថា កំពុងជាប់ប្រជុំ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ មានប្រសាសន៍ថា ការធ្វើបាតុកម្មនិងកូដកម្មនៅកម្ពុជា ជារឿងធម្មតា ប៉ុន្តែមិនចង់ឲ្យមានអំពើហិង្សាកើតឡើង ដូច្នេះរោងចក្រត្រូវតែរកអ្នកទទួលខុស និងប្ដឹងទៅតុលាការចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុង រោងចក្រ៖ «អ្នកចូលរួមបាតុកម្ម កូដកម្ម ក៏ត្រូវទទួលខុសត្រូវ។ ឥឡូវយើងទុកឲ្យប៉ូលិសស្រាវជ្រាវបន្តិចទៅ មើលភស្តុតាងមើលថា នរណាជាអ្នកណែនាំនរណាជាអ្នកការពិត»។
កម្មកររោងចក្រ សាប្រ៊ីណា ធ្វើកូដកម្មចាប់ពីថ្ងៃទី២១ ខែឧសភា ក្នុងនោះមានការទាមទារដំឡើងប្រាក់ខែគោលចំនួន ១៤ដុល្លារបន្ថែម។ ប៉ុន្តែខាងរោងចក្របញ្ជាក់ថា បានផ្ដល់ប្រាក់ឈ្នួលអប្បបរិមា ៩៥ដុល្លារដល់កម្មកររួចហើយ ក្នុងនោះបូកប្រាក់សុខភាព ៥ដុល្លារ និងថ្លៃធ្វើដំណើរ ៧ដុល្លារ ទើបមិនអាចដំឡើងឲ្យបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
[source]http://www.rfa.org/khmer/news/social-economy/sabrina-workers-protest-06032013002743.html#.Ua0SHhxxIHs.blogger