ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, June 4, 2013
នុង​សប្ដាហ៍​នេះ រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ថ្មី​មួយ​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម។ ច្បាប់​ថ្មី​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​កាន់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ផ្ទាល់​មាត់ តាម​រយៈ​សន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា នា​វត្ត​លង្កា រាជធានី​ភ្នំពេញ។
ដោយ វណ្ណ វិចារ
2013-06-04
អតីត​អ្នក​ទោស ទួលស្លែង ៣០៥
អ្នកស្រី មុំ គឹមសេង 
អតីត​អ្នក​ទោស​ដែល​ជាប់​ឃុំ​ក្នុង​របប​ខ្មែរ​ក្រហម
 នៅ​ឯ​មន្ទីរ​ស.២៤ ឬ​គុក​ព្រៃស 
 បង្ហាញ​រូបថត​គាត់​ដែល​ត្រូវ​បាន​គេ​
ដាក់​តាំង​នៅ​មន្ទីរ​ឧក្រិដ្ឋកម្ម​ 
ប្រល័យ​ពូជសាសន៍​ទួល​ស្លែង
 កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១១។
RFA/Mom Sophon


កាល​នោះ លោក ហ៊ុន សែន ថ្លែង​ថ្កោលទោស​ទៅ​លើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ទំនង​ជា​បាន​និយាយ​ថា គុក​ទួលស្លែង ជា​ឆាក​ដែល​វៀតណាម ជា​អ្នក​បង្កើត។
ក្នុង​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ស្នើ​ច្បាប់​រួច​មក គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​បាន​កោះ​ប្រជុំ​ភ្លាមៗ ដោយ​មាន​វត្តមាន​ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ជា​អ្នក​ដឹកនាំ​អង្គ​ប្រជុំ។ លទ្ធផល​ប្រជុំ​ដូច​ការ​គ្រោង​ទុក សមាជិក​គណៈកម្មការ​អចិន្ត្រយ៍​រដ្ឋសភា​ដែល​សុទ្ធ​ជា​មន្ត្រី​គណបក្ស​កាន់​ អំណាច ក៏​បាន​សម្រេច​ឯកភាព​លើ​សេចក្តី​ស្នើ​ច្បាប់​នោះ និង​ប្រគល់​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​រដ្ឋសភា ពិនិត្យ​បន្ត​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា និង​គ្រោង​ដាក់​ឲ្យ​អង្គ​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា ពិនិត្យ និង​អនុម័ត​នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ខាង​មុខ។

សង្គម​ស៊ីវិល​គិត​ថា ដំណើរ​ការ​អនុម័ត​ច្បាប់​ថ្មី​នេះ​នឹង​មិន​មាន​ឧបសគ្គ​ទេ ដោយ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ដែល​មាន​សំឡេង​លើសលប់ នឹង​បោះឆ្នោត​អនុម័ត​មិន​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ខក​បំណង​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម និង​ជា​អ្នក​ឃ្លាំ​មើល​សាលា​ក្តី​ខ្មែរ​ក្រហម លោក ឡុង បញ្ញវុធ មាន​ប្រសាសន៍​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ពី​គម្រោង​ការ​បង្កើត​ច្បាប់​ថ្មី​ដ៏​តក់​ក្រហល់​បែប​នេះ។ លោក​បន្ត​ថា បើ​សិន​ជា​ច្បាប់​ថ្មី​នេះ​មាន​វិសាលភាព​រហូត​ដល់​ដាក់​ទោស​អ្នក​ដែល​និយាយ​ ថា របប​ខ្មែរ​ក្រហម​មិន​មែន​ជា​របប​ប្រល័យ​ពូជ​សាសន៍ ឬ​អត់​ទៀត​នោះ ច្បាប់​ថ្មី​នឹង​ក្លាយ​ជា​ការ​សន្មត​ថា ខ្មែរ​ក្រហម​ពិត​ជា​ប្រល័យ​ពូជ​សាសន៍ មុន​នឹង​សាលក្រម​ព្រហ្មទណ្ឌ​យុត្តិធម៌​មួយ​ត្រូវ​ប្រកាស។

លោក​ដាក់​សំណួរ​ថា តើ​ជន​សង្ស័យ​ទទួល​បាន​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌​ដោយ​របៀប​ណា៖ «ប្រហែល ​ជា​វា​លឿន​ពេក ព្រោះ​អី​យើង​អត់​ទាន់​មាន​សាលក្រម។ រឿង​ប្រល័យ​ពូជ​សាសន៍​ផង បែរ​ជា​ធ្វើ​ច្បាប់​បែប​ហ្នឹង ជន​ជាប់​ចោទ​ដែល​នឹង​ត​តាំង​នៅ​ក្នុង​តុលាការ ថា​បទ​ល្មើស​ហ្នឹង​មិន​បាន​កើត​ឡើង។ គាត់​អត់​ដឹង។ល។ ហ្នឹង​តើ​វា​ប៉ះ​ពាល់​ដល់​សិទ្ធិ​ជំនុំ​ជម្រះ​ក្តី​ប្រកប​ដោយ​យុត្តិធម៌ ឬ​ក៏​អត់? អ្វី​ដែល​ចាំបាច់ ឥឡូវ​នេះ​ធ្វើ​ឲ្យ​សាលា​ក្តី​បញ្ចប់​សំណុំ​រឿង​មាន​ចំពោះ​មុខ ដូចជា​សំណុំ​រឿង​០០៣ និង​០០៤ ព្រោះ​សាលា​ក្តី​កំពុង​កង្វះ​ខាត​ឆន្ទៈ​នយោបាយ និង​ថវិកា»

ចំពោះ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ម្នាក់​ដែល​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ឈ្មោះ ពុធ ធី បាន​គាំទ្រ​ច្បាប់​ដាក់​ទោស​អ្នក​និយាយ​ថា ខ្មែរ​ក្រហម​មិន​សម្លាប់​មនុស្ស ដែល​ស្នើ​ឡើង​ដោយ​លោក ហ៊ុន សែន។ ប៉ុន្តែ លោក​ក៏​គាំទ្រ​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​បង្កើត​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម កាន់​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ដែរ។ តែ​លោក​មិន​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​ទាំង​ពីរ​នេះ​ពេល​នេះ​ទេ៖ «អ៊ីចឹង នេះ​ខ្ញុំ​គាំទ្រ​សម្ដេច ហ៊ុន សែន និង​គាំទ្រ​លោក កឹម សុខា ដែរ តែ​សុំ​បន្ថែម​ពីរ​កន្ទុយ​ទៀត​ថា ត្រូវ​តែ​បង្កើត​ច្បាប់​មួយ​ទៀត​ដែល​ប្រឆាំង​អ្នក​ដែល​រារាំង ០០៣  និង ០០៤ ទៀត។ ខ្ញុំ​ជា​អ្នក​រងគ្រោះ​របប​ខ្មែរ​ក្រហម អ៊ីចឹង​បាន​យុត្តិធម៌។ ខ្ញុំ​ជា​អ្នក​រងគ្រោះ​របប​ខ្មែរ​ក្រហម​មួយ​គ្រួសារ ស្លាប់​ទាំងអស់ សល់​តែ​ម្នាក់​ឯង​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ផង​ហ្នឹង»

ចំណែក​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ លោក សុន ឆ័យ ចាត់​ទុក​ថា ដំណើរ​ពិនិត្យ និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់ ដែល​រដ្ឋសភា​ធ្វើ​ឡើង​បន្ទាន់​បែប​នេះ ជា​ការ​បំពេញ​ចិត្ត​បុគ្គល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ជាង​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​ច្បាប់​ដែល​ដាក់​ទោស​ខ្មែរ​ក្រហម និង​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម​ឲ្យ​វិល​មក​វិញ តែ​មិន​មែន​គាំទ្រ​ច្បាប់​ដែល​សភា​ចាំ​តែ​ប្រថាប់​ត្រា​តាម​សម្ដី​អ្នក​ ដឹកនាំ​គណបក្ស​កាន់​អំណាច​ឡើយ។ លោក​បន្ត​ថា ច្បាប់​ថ្មី​នេះ​គ្រាន់​តែ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​កាន់​ អំណាច​ប៉ុណ្ណោះ៖ «ចាំបាច់​រដ្ឋសភា​ត្រូវ​រៀបចំ​ពិនិត្យ​ឡើង​វិញ ជៀសវាង​កុំ​ឲ្យ​បន្ត​ធ្វើ​ការងារ​ដែល​គេ​ហៅ​ភាសា​សាមញ្ញ​ថា សភា​ប្រថាប់​ត្រា ចាំ​តែ​នាយក​រដ្ឋមន្ត្រី​ថា បាន​ធ្វើ​តាម។ រឿង​នេះ​ធ្វើ​ឲ្យ​បាត់​បង់​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​ហ្នឹង​អស់​ហើយ»

ទោះ​យ៉ាង​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ច្បាប់​ថ្មី​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ឬ​រង​ការ​ហាម​ឃាត់​ពី​អង្គការ​សហប្រជាជាតិ​ឡើយ។ ហើយ​ច្បាប់​នេះ ជា​ការ​ដាក់​កំហិត​អ្នក​ណា​ថា​គ្មាន​របប​ប្រល័យ​ពូជ​សាសន៍ គឺ​ត្រូវ​មាន​ទោស និង​ដើម្បី​ធានា​ថា របប​ខ្មែរ​ក្រហម​នឹង​មិន​អាច​វិល​មក​វិញ​ទេ។

ចំណែក​ឯ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ធ្លាប់​រង​ការ​ស្តី​បន្ទោស​ក្នុង​ករណី​ហៅ​លោក កឹម សុខា ជា​មនុស្ស​ព្នង​មិន​ដឹង​អី​នោះ មាន​ប្រសាសន៍​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ច្បាប់​ថ្មី​នេះ​មាន​សារៈសំខាន់ ហើយ​មិន​មែន​ជា​ឧបសគ្គ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​ឡើយ។
រដ្ឋសភា​កម្ពុជា ធ្លាប់​អនុម័ត​ច្បាប់​ដោយ​ប្រញាប់​បែប​នេះ​ម្តង​ជា​ពីរ​ដង​រួច​ទៅ​ហើយ។ កាល​ពី​ឆ្នាំ​២០០៦ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ឯកពន្ធនភាព ឬ​ច្បាប់​ប្ដី​មួយ​ប្រពន្ធ​មួយ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​អង្គ​ម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ ជា​អតីត​មហេសី​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្ដឹង​ស្វាមី​ព្រះអង្គ ហើយ​ចុង​ក្រោយ​សម្ដេច​ក្រុមព្រះ ក៏​ត្រូវ​ចាញ់​ក្តី។ ពេល​នោះ​ហើយ​ដែល​ឥទ្ធិពល​នយោបាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បន្សាប​បន្តិច​ម្តងៗ​រហូត​ដល់​បែក​បាក់​ផ្ទៃ​ក្នុង​ជា​បន្តបន្ទាប់។ គណបក្ស​ដែល​បាន​ផល​ចំណេញ​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ទាប់​មក គឺ​គណបក្ស សម រង្ស៉ី។

កាល​ពី​ឆ្នាំ​២០១០ រដ្ឋសភា​ក៏​បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រញាប់​ដែរ ទោះ​បី​ជា​មាន​ទស្សនៈ​ជាច្រើន​យល់​ថា គួរ​សិក្សា​ឲ្យ​បាន​លម្អិត​ជា​មុន​សិន​ក៏ដោយ។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​ គ្រឿងញៀន​ដ៏​ធំ ដែល​មាន​ជន​សង្ស័យ​ជា​អតីត​ឧត្តមសេនីយ៍​ផ្កាយ​បី លោក ម៉ឹក ដារ៉ា អតីត​ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ុន ហ៊ាន និង​កូន​ចៅ​មួយ​ចំនួន​ទៀត។ បន្ទាប់​មក ក៏​ចាប់​អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់ តុប ច័ន្ទសិរីវុធ ពី​បទ​ស៊ី​សំណូក និង​បន្ត​ចាប់​ខ្លួន​មន្ត្រី​ដែល​ស្និត​នឹង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ជាច្រើន​នាក់​ទៀត។ ករណី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ប្រធាន​កង​អង្គរក្ស​លោក ជា ស៊ីម អតីត​ឧត្តមសេនីយ៍​ឯក លោក ឈឿន ចាន់ថន ហៅ ម៉ៅ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ជេរ​នៅ​ក្នុង​ការ​ជួបជុំ​របស់​កងទ័ព​នោះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ ដោយ​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​ជាច្រើន​ករណី។ ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស​ជំនិត​របស់​ប្រធាន​រដ្ឋសភា​នេះ មិន​មាន​អ្នក​វិភាគ​ណា​ហ៊ាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ជា​ការ​ជម្រុះ​ត្រី​ស្អុយ​ក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៣ នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​នឹង​ប្ដូរ​អភិបាល​ខេត្ត រាជធានី​ទាំង​១០ និង​បញ្ជា​ឲ្យ​ពិនិត្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាត្រា​ទី២៨ ដែល​កាល​ពី​មុន​ការ​ជ្រើស​មន្ត្រី​ក្របខ័ណ្ឌ​ចូល​បម្រើ​ក្នុង​ស្ថាប័នរដ្ឋ ជា​ភារកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​នីមួយៗ។ ប៉ុន្តែ​លោក ហ៊ុន សែន ចង់​ឲ្យ​ចៅហ្វាយ​ខេត្ត​ធ្វើ​ការងារ​នេះ​ជំនួស​វិញ។ នៅ​ដើម​ខែ​ឧសភា រដ្ឋសភា​ក៏​បាន​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​នេះ ហើយ​ក៏​បាន​អនុម័ត​តាម​សំណើ​នេះ ដោយ​សំឡេង​គាំទ្រ​ជាង ៨០​សំឡេង ហើយ​ច្បាប់​នេះ​រង់ចាំ​តែ​ព្រឹទ្ធសភា​អនុម័ត និង​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ជា​ការ​ស្រេច។

ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​បទ​ ឧក្រិដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម​វិញ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហាក់​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ទេ។ លោក​មាន​ប្រសាសន៍​ថា នៅ​ប្រទេស​តំបន់​អឺរ៉ុប គេ​អនុម័ត​ច្បាប់​ប្រឆាំង​របប​ណាហ្ស៊ី លុះត្រា​តែ​បញ្ចប់​ការ​ផ្ដន្ទាទោស​មេ​ដឹកនាំ​ណាហ្ស៊ី រួច​រាល់។

លោក​បន្ត​ថា លោក​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​នេះ តែ​ត្រូវ​សិក្សា​ស្រាវជ្រាវ​ពី​អត្ថប្រយោជន៍​នៃ​ច្បាប់​ជា​មុន​សិន មិន​មែន​បង្កើត​តាម​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​មែន​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​បក្ស​ប្រជាជន​ ទេ តែ​ជា​របស់​ជាតិ​ខ្មែរ​ទាំង​មូល៖ «ច្បាប់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ យ៉ាង​ហោច​ណាស់​ពីរ​ដែរ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​តុលាការ និង​សហលក្ខន្តិកៈ​ព្រះរាជអាជ្ញា​អត់​មាន​ទេ​ណា! ចុះ​អា​ហ្នឹង​ហេតុ​អី​ក៏​ប្រញាប់​មេ្ល៉ះ អាលំអាលាយ​ជាតិ​អាលូវ​ហ្នឹង​អី? យើង​ធ្វើ​អាលូវ​ហ្នឹង បើ​តុលាការ​រក​អត់​ឃើញ​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​វិញ មិន​ខុស​អស់​ទៅ​ហើយ​អ៊ីចឹង»

សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ មាន​មួយ​ជំពូក និង​មាន ៥​មាត្រា។ ទំហំ​ដាក់​ទោស​អ្នក​ដែល​បំពាន អាច​ឲ្យ​ជាប់​គុក​រយៈពេល​វែង​បំផុត ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល។ កាល​ពី​ខែ​មុន រដ្ឋសភា​ឥណ្ឌា ទើប​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​តាម​ហាង​ ទំនិញ លក់​រូប​សំណាក ឬ​ម៉ាឡាកាំង​ឡើយ ដើម្បី​កាត់​បន្ថយ​អំពើ​រំលោភ​សេពសន្ថវៈ ឬ​ការ​រំលោភ​ផ្លូវ​ភេទ បន្ទាប់​ពី​អំពើ​រំលោភ​ផ្លូវ​ភេទ​កាន់​តែ​ព្រៃផ្សៃ និង​មាន​ទំហំ​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

អ្នក​វិភាគ​ដាក់​សំណួរ​ថា តើ​ច្បាប់​ប្រឆាំង​អ្នក​ដែល​ហ៊ាន​និយាយ​ថា របប​ខ្មែរ​ក្រហម​មិន​សម្លាប់​មនុស្ស​នោះ នឹង​ផ្តល់​ប្រយោជន៍​បែប​ណា​ចំពោះ​ជាតិ? បើ​បច្ចុប្បន្ន អតីត​មេ​ទ័ព​តំបន់ និង​មន្ត្រី​ជាន់​ខ្ពស់​កម្មាភិបាល​ខ្មែរ​ក្រហម កំពុង​តែ​កាន់​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ដែរ​ នោះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
[source] http://www.rfa.org/khmer/news/law/law-against-who-not-recognize-krt-06042013092524.html

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត