ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, June 6, 2013
អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​សមាជិក​សម្ព័ន្ធ​សង្គ្រោះ​ទន្លេ​មេគង្គ ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ថៃ និង​ប្រទេស​វៀតណាម មាន​បំណង​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ក្រោម​ការ​អភិវឌ្ឍ​ទំនប់​ វារីអគ្គិសនី និង​អភិវឌ្ឍ​ផ្សេងៗ បង្ហាញ​ពី​កង្វល់​លើ​ផល​ប៉ះពាល់​សង្គម សេដ្ឋកិច្ច អេកូឡូស៊ី ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​តំបន់ ស្ដីពី​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ និង​ទន្លេ​ស​៣។
ដោយ អ៊ុក សាវបូរី
2013-06-06
ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ៣០៥
អ្នក​ភូមិ​រស់នៅ​តាម​ដង​ទន្លេ​សេសាន 
និង​ទន្លេ​ស្រែពក ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី 
ហែ​ក្បួន​បួង​សួង​សុំ​ឲ្យ​អ្នក​តា​ក្រហម​ក​ជា​វត្ថុ​សក្ដិសិទ្ធិ
 ថែ​រក្សា​ទន្លេ​នោះ ជួយ​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ទន្លេ​
ដោយ​សារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ 
សេសាន​ក្រោម​២ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Ratha Visal
វេទិកា​នោះ ក៏​មាន​បំណង​គាំទ្រ​យុទ្ធនាការ​របស់​សង្គម​ស៊ីវិល​ថ្នាក់​តំបន់ ប្រឆាំង​នឹង​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ និង​ទំនប់​វារីអគ្គិសនី​នានា​នៅ​កម្ពុជា ជា​ពិសេស​ផែន​ការ​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​សេសាន ទន្លេ​សេកុង និង​ទន្លេ​ស្រែពក (ស៣) ដែរ។

សេចក្តី​ថ្លែងការណ៍​បណ្ដោះ​អាសន្ន​របស់​សហគមន៍​រងគ្រោះ​ពី​ទំនប់​ វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​ប្រមាណ ២០០​នាក់ ក្រោយ​ពី​ពិភាក្សា​ចំនួន​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី៣ និង​ថ្ងៃ​ទី៤ ខែ​មិថុនា ត្រៀម​ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ ម្ចាស់​ជំនួយ និង​សង្គម​ស៊ីវិល ទាមទារ​សុំ​ផ្អាក ឬ​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទន្លេ​ មេគង្គ។
សេចក្តី​ថ្លែងការណ៍​ផ្ញើ​ទៅ​រដ្ឋាភិបាល និង​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​វារីអគ្គិសនី ត្រូវ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​ហ្មត់ចត់ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី ដោយ​ពិចារណា​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​វារីអគ្គិសនី​នៅ​ក្នុង​តំបន់ និង​នៅ​កន្លែង​ដទៃ។ រដ្ឋាភិបាល​ត្រូវ​ផ្ទេរ​អំណាច​ដល់​ប្រជាជន។

ទំនប់​សេសាន​ក្រោម២ គួរ​តែ​ត្រូវ​បាន​លុប​ចោល ដោយសារ​តែ​គម្រោង​នេះ​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជលផល​ក្នុង​អាង​ ទន្លេ​មេគង្គ ដី​ល្បាប់ និង​ជីវភាព​រស់នៅ ព្រម​ទាំង​សន្តិសុខ​ស្បៀង​ដល់​ប្រជាជន​នៃ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​បណ្ដា​ប្រទេស​ជិត​ខាង។ គម្រោង​បន្ថែម​ផ្សេង​ទៀត ដែល​បាន​គ្រោង​នៅ​តាម​ដង​ទន្លេ​ស៣ គួរ​ផ្អាក​រហូត​ដល់​សហគមន៍​នៅ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ទទួល​បាន​សំណង​យុត្តិធម៌ ពី​ផល​ប៉ះពាល់​ទាំងអស់​ដែល​មាន​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​ការ​អភិវឌ្ឍ​ទំនប់​ក្នុង​ប្រទេស​វៀតណាម។ ការ​អនុម័ត​ពី​សហគមន៍ ត្រូវ​បាន​ផ្ដល់​ជា​អាទិភាព​សម្រាប់​គម្រោង​វារីអគ្គិសនី​ណា​មួយ​បន្ថែម​ទៀត នៅ​លើ​ដង​ទន្លេ​ស៣។

សំឡេង៖ «សំឡេង​ប្រជាជន បុរស៖ គេ​អត់​ព្រម​ទេ​រឿង​ទំនប់ វា​ខ្លាច​តែ​ម្តង បើ​វា​រើ​ហើយ គេ​យក​យើង​ទៅ​ទុក​នៅ​កន្លែង​លើ​ភ្នំ​ឆ្ងាយៗ គឺ​ថា​មិន​ងាយ​ទេ។ យើង​កសាង​ថ្មី​ដូច​មុន​នោះ។ ស្រី៖ តែ​យើង​ថា​មិន​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ហ្នឹង វា​អាច​មិន​បាន​ទេ តែ​ឲ្យ​គិត​ប្រជាជន​ផង អ្នក​រងគ្រោះ អ្នក​ប៉ះពាល់​នៅ​តាម​ទន្លេ​នោះ​ណា៎។ ប្រុស៖ អីចឹង ប្រជាពលរដ្ឋ​ហ្នឹង គាត់​អត់​ប្រឆាំង គាត់​មិន​ជំទាស់​អ្វី​ទេ ក៏ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​ទទួល​យក​បាន​នូវ​ការ​សមស្រប​នៃ​ ការ​អភិវឌ្ឍ។ ប្រុស៖ សុំ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ជម្រើស ជា​ពិសេស​អភិវឌ្ឍ​ទំនប់​ខ្នាត​ធំ ជម្រើស​ទៅ​ជា​អភិវឌ្ឍ​ទំនប់​ខ្នាត​តូច ដៃ​ទន្លេ​តាម​អូរ តាម​ស្ទឹង​តូចៗ ចាប់​ពី ១​មេហ្គាវ៉ាត់ រហូត​ដល់ ១០​មេហ្គាវ៉ាត់ ឬ​ក៏ ២០​មេហ្គាវ៉ាត់ ឬ​ក៏​វិធាន​ការ​ផ្សេងៗ តាម​រយៈ​ប្រើប្រាស់​សូឡា តាម​រយៈ​កង្ហារ ដូច​ប្រទេស​ដទៃ»

រដ្ឋាភិបាល​គួរ​ចែក​រំលែក និង​ការ​បញ្ចេញ​ព័ត៌មាន ដែល​ទាក់ទង​ទៅ​នឹង​គម្រោង​វារីអគ្គិសនី​ឲ្យ​បាន​ឆាប់​រហ័ស រួម​ទាំង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់ និង​កាល​វិភាគ​បញ្ចេញ​ទឹក ដើម្បី​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ដែល​រង​ផល​ប៉ះពាល់ រួម​ទាំង​សហគមន៍ និង​រដ្ឋាភិបាល ខាង​ក្រោម​ខ្សែ​ទឹក​ទាំងអស់ ដូច​ជា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ឲ្យ​បាន​ដឹង​មុន​ការ​សង់​ទំនប់​វារីអគ្គិសនី​របស់​រដ្ឋាភិបាល​ប្រទេស​នៅ​តាម ​ដង​ទន្លេ​មេគង្គ។

រដ្ឋាភិបាល​ត្រូវ​តែ​ចែក​រំលែក​ព័ត៌មាន​ជាមួយ​ប្រទេស​ជិត​ខាង និង​ប្រទេស​ក្នុង​តំបន់ នូវ​គោល​នយោបាយ​ថាមពល និង​គម្រោង​ទាំង​ឡាយ​ដែល​បាន​ស្នើ។

នៅ​ក្នុង​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​គោល​នយោបាយ​វារីអគ្គិសនី រដ្ឋាភិបាល​ទាំងអស់​គួរ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​ទាំង​នៅ​ក្នុង​ ការ​វិនិយោគ និង​ការ​ទិញ​ថាមពល ព្រម​ទាំង​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​ជា​ម្ចាស់​គម្រោង ក៏​ដូច​ជា​ស្តង់ដារ​អន្តរជាតិ​នៃ​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​យន្តការ ដើម្បី​ប្រតិបត្តិ​គោលការណ៍​ទាំង​នេះ។

ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ថាមពល និង​សេដ្ឋកិច្ច រដ្ឋាភិបាល​ត្រូវ​តែ​មាន​តុល្យភាព​ផ្តល់​ឱកាស​ម៉ាក្រូសេដ្ឋកិច្ច ជាមួយ​នឹង​ការ​ពិចារណា​នៃ​ការ​ចិញ្ចឹម​ជីវិត​ក្នុង​តំបន់ វប្បធម៌ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ពិចារណា​លើ​តម្រូវ​ការ និង​ផល​ប្រយោជន៍​របស់​ប្រជាជន​ក្នុង​ស្រុក និង​ជនជាតិ​ដើម​ភាគ​តិច និង​ក្រុម​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ។ វា​ជា​ការ​មិន​អាច​ទទួល​យក​បាន បើ​រាល់​ការ​អភិវឌ្ឍ​ដោយ​មិន​បាន​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅ​ ក្នុង​តំបន់​មូលដ្ឋាន។ រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​ច្បាប់ ដែល​មាន​ស្រាប់​ជុំវិញ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី រួម​ទាំង​ច្បាប់​បរិស្ថាន ដែល​គោរព​បាន​ពេញលេញ​តាម​បទដ្ឋាន​អន្តរជាតិ និង​ការ​អនុវត្ត​ដ៏​ល្អ​បំផុត។

រដ្ឋាភិបាល និង​អ្នក​សម្រេច​ចិត្ត ត្រូវ​តែ​ស្វែង​យល់​នឹង​ជម្រើស​នានា ជំនួស​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដូច​ជា​ថាមពល​កកើត​ឡើង​វិញ និង​វិធាន​ការ​ប្រសិទ្ធភាព​ថាមពល៖
-ស្ថាប័ន​ដែល​ធ្វើ​ការ​បោះពុម្ព ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្សាយ និង​វាយ​តម្លៃ​របស់​ខ្លួន​ក្នុង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន (EIA)។
-គួរ​មាន​គណៈកម្មការ​ធ្វើ​ការ​បូក​សរុប​រាល់​ផល​ប៉ះពាល់​ទាំង​ឡាយ​បញ្ចូល​គ្នា​ចងក្រង​ជា​រួម។


-អ្នក ​អភិវឌ្ឍន៍ ត្រូវ​គោរព​តាម​វិធីសាស្ត្រ​ដែល​បាន​សរសេរ​នៅ​ក្នុង​ការ​វាយ​តម្លៃ​ផល​ ប៉ះពាល់​បរិស្ថាន ក្នុង​គោល​បំណង​ជួយ​ឲ្យ​ជីវភាព​ប្រជាជន​បាន​ល្អ​ប្រសើរ។


រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ឲ្យ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​បន្ថែម​ទៀត ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជុំវិញ​គោល​នយោបាយ​ថាមពល រួម​បញ្ចូល​ទាំង​ការ​ចែក​រំលែក​ព័ត៌មាន​ជា​សាធារណៈ ជាមួយ​នឹង​ចំណាយ​សេដ្ឋកិច្ច និង​មិន​មែន​សេដ្ឋកិច្ច ព្រម​ទាំង​ផល​ប្រយោជន៍​នៃ​ទម្រង់​ខុស​គ្នា​នៃ​ការ​បង្កើត​ថាមពល។


នៅ​ក្នុង​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​គោល​នយោបាយ​វារីអគ្គិសនី រដ្ឋាភិបាល​ទាំង​ឡាយ​គួរ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​ទាំង​ឡាយ​នៅ​ ក្នុង​ការ​វិនិយោគ និង​ការ​ទិញ​ថាមពល ព្រម​ទាំង​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​បាន​ជា​ម្ចាស់​គម្រោង ក៏​ដូច​ជា​ស្តង់ដារ​អន្តរជាតិ​នៃ​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​យន្តការ ដើម្បី​ប្រតិបត្តិ​គោលការណ៍​ទាំង​នេះ។

ចំពោះ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​ឡាវ

ការ​សង់​ទំនប់​សាយ៉ាប៊ូរី និង​ទំនប់​លើ​ដង​ទន្លេ​មេគង្គ​ផ្សេង​ទៀត មិន​គួរ​ធ្វើ​បន្ត។ គម្រោង​សម្រាប់​ការ​ផលិត​ថាមពល​ដែល​បាន​បង្កើត​ដោយ​ទំនប់ មាន​ភាព​មិន​ត្រឹមត្រូវ ឬ​ភាន់​ច្រឡំ ដោយសារ​ពួក​វា​ត្រូវ​បាន​ផ្អែក​លើ​លំហូរ​ទឹក​តាម​រដូវ​កាល។ ប្រទេស​ថៃ មិន​មាន​តម្រូវ​ការ​ថាមពល​បន្ថែម​ទេ ដោយសារ​ប្រទេស​នេះ​ផលិត​ថាមពល​សរុប​ចំនួន ៣​ម៉ឺន ១​ពាន់​មេហ្គាវ៉ាត់ នៅ​ពេល​ដែល​តម្រូវ​ការ​អតិបរមា​មាន​ត្រឹម​តែ ២​ម៉ឺន ៦​ពាន់​មេហ្គាវ៉ាត់។ ដូច្នេះ ថាមពល​ដែល​នៅ​សល់​មាន​រហូត​ដល់ ២០% នៃ​ថាមពល​ផលិត​បាន​សរុប។

ប្រទេស​ឡាវ នឹង​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​ពី​ប្រព័ន្ធ​បង្កើត​ថាមពល​ វិមជ្ឈការ ដែល​មាន​ផ្តាច់​ចេញ​ពី​បណ្ដាញ​ថ្នាក់​ជាតិ។ លើស​ពី​នេះ​ទៅ​ទៀត ទំនប់​សាយ៉ាប៊ូរី នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ និង​យូរ​អង្វែង​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី ជីវភាព សុខភាព អាហារ និង​ទឹក សម្រាប់​សហគមន៍​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ ​ទាំង​បួន (ឡាវ ថៃ កម្ពុជា និង​វៀតណាម)។

ចំពោះ​អ្នក​អភិវឌ្ឍន៍​គម្រោង​វារីអគ្គិសនី

អ្នក​អភិវឌ្ឍន៍​វារីអគ្គិសនី មិន​ត្រឹម​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ដោយ​មាន​ការ​ពិចារណា​ពី​តួនាទី​របស់​ សហគមន៍​រងគ្រោះ និង​សាធារណជន​ជា​មុន។ ការងារ​យេនឌ័រ ត្រូវ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ នៃ​ទំនប់​វារីអគ្គិសនី។

ក្នុង​ការ​រៀបចំ​ផែន​ការ​គម្រោង​ទំនប់​វារីអគ្គិសនី រដ្ឋាភិបាល និង​អ្នក​អភិវឌ្ឍន៍​គម្រោង ដំបូង​ត្រូវ​តែ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​តាម​យ៉ាង​ពេញលេញ ជាមួយ​នឹង​ស្តង់ដារ​អន្តរជាតិ និង​ការ​អនុវត្ត​ដ៏​ល្អ​បំផុត រួម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ច្បាប់​បរិស្ថាន​អន្តរជាតិ។ ការ​វាស់វែង​ទំនប់ ទោះ​យ៉ាង​ណា​ក៏​គួរ​ត្រូវ​បាន​គេ​អនុវត្ត និង​ធ្វើ​ការ​ជាមួយ​សហគមន៍ និង​មាន​កិច្ច​ព្រមព្រៀង​ពី​សហគមន៍​ក្នុង​តំបន់ និង​ច្បាប់​ប្រពៃណី និង​សិទ្ធិ​របស់​ពួក​គេ។

មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ផែន​ការ ឬ​ការ​សាងសង់​ណា​មួយ​នៃ​គម្រោង​វារីអគ្គិសនី គម្រោង​ត្រូវ​តែ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ដ៏​ហ្មត់ចត់​មួយ និង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម (SIA) ដែល​បំពេញ​តាម​បទដ្ឋាន​អន្តរជាតិ។

សម្រាប់​គម្រោង​ទាំងអស់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដង​ទន្លេ​មេគង្គ​រួម ​គ្នា ឬ​ត្រូវ​បាន​គេ​មើល​ឃើញ​ទំនង​ជា​មាន​ផល​ប៉ះពាល់​ឆ្លង​ដែន ផល​ប៉ះពាល់​ទាំង​នេះ​ត្រូវ​តែ​ត្រូវ​បាន​វាយ​តម្លៃ​យ៉ាង​ពេញលេញ ក្នុង​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ឆ្លង​ដែន​បរិស្ថាន និង​សង្គម។ សិទ្ធិ​នៃ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ការ​ពិគ្រោះ​យោបល់ និង​ការ​ចូលរួម​នៅ​ក្នុង​ការ​សម្រេច​ចិត្ត ក្នុង​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​លើ​ការ​អភិវឌ្ឍ ត្រូវ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​ពេល​វេលា។

អ្នក​អភិវឌ្ឍន៍​គម្រោង​វារីអគ្គិសនី គួរ​តែ​ដក​ការ​វិនិយោគ​នៅ​ក្នុង​ករណី​ដែល​ថា វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ការ​ចិញ្ចឹម​ជីវិត និង​សេដ្ឋកិច្ច​របស់​ប្រទេស​ម្ចាស់​ផ្ទះ ច្រើន​ជាង​ផល​ប្រយោជន៍​អ្នក​អភិវឌ្ឍន៍​គម្រោង។ កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ត្រូវ​តែ​ប្រើប្រាស់​ភាសា​ដែល​អាច​យល់​ពី​សមាជិក​សហគមន៍​នីមួយៗ។

រដ្ឋាភិបាល និង​អ្នក​អភិវឌ្ឍន៍​គម្រោង ត្រូវ​តែ​បញ្ចេញ​ព័ត៌មាន​ទាំងអស់ និង​ឯកសារ​គម្រោង​ទៅ​ដល់​សហគមន៍ ដែល​ទទួល​រង​ផល​ប៉ះពាល់​ជា​សាធារណៈ ជា​ភាសា​ដែល​ពួក​គេ​អាច​យល់​បាន។

ចំពោះ​អ្នក​ផ្តល់​ហិរញ្ញវត្ថុ វិនិយោគិន និង​អ្នក​ទិញ​ថាមពល

អនុវត្ត​តាម​ស្តង់ដារ​អន្តរជាតិ និង​ការ​អនុវត្ត​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​អនុម័ត​ផ្តល់​ឥណទាន​ថ្មី​ ទាំងអស់ និង​ការ​វិនិយោគ រួម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ច្បាប់​បរិស្ថាន​ឲ្យ​បាន​ហ្មត់ចត់ និង​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​សង្គម និង​បរិស្ថាន។ កុំ​វិនិយោគ​ក្នុង ឬ​ផ្ដល់​មូលនិធិ​ទៅ​ដល់​គម្រោង​ដែល​ជា​កន្លែង​មាន​ហានិភ័យ និង​គ្រោះថ្នាក់​ក្នុង​សង្គម និង​លើ​បរិស្ថាន​ធ្ងន់ធ្ងរ ដែល​អាច​នឹង​មិន​ត្រូវ​បាន​បន្ធូរបន្ថយ​ឲ្យ​មាន​ប្រសិទ្ធភាព។

ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល

គាំទ្រ​ការ​តស៊ូ​មតិ​ជា​សាធារណៈ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​ផល​ប៉ះពាល់​នៃ​ទំនប់​ទៅ​លើ​ការ​ ចិញ្ចឹម​ជីវិត​របស់​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ដោយ​អភិវឌ្ឍ​យុទ្ធសាស្ត្រ សម្រាប់​ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ច្រើន និង​ការ​ជំរុញ​អោយ​មាន​ការ​ពិភាក្សា​កាន់​តែ​ផុសផុល។

ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​សហការ និង​ចែក​រំលែក​យុទ្ធសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ​នៅ​ក្នុង​នាម​សហគមន៍​ដែល​រង ​ផល​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម ខណៈ​ពេល​ដែល​ជំរុញ​អោយ​មាន​ការ​សហការ​ឆ្លង​ដែន​របស់​សង្គម​ស៊ីវិល។ រៀន​សូត្រ​ពី​ករណី​សិក្សា​នៅ​ក្នុង​តំបន់ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​សម្រាប់​ការ​តស៊ូ​មតិ​ថា​មាន​ ប្រសិទ្ធភាព ធ្វើ​បទ​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​វារីអគ្គិសនី​ទៅ​កាន់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។ អប់រំ និង​វិនិយោគ​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​សមត្ថភាព​របស់​ក្មេង​ជំនាន់​ក្រោយ ដើម្បី​តស៊ូ​មតិ​នៅ​ក្នុង​នាម​ផ្ទាល់​ខ្លួន​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ [source]http://www.rfa.org/khmer/news/environment/civil-socienties-against-dam-along-mekong-river-06062013022908.html
 

0 comments:

Post a Comment

Thank you for your comments!













Search