ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, June 30, 2013
ក្រសួង​ព័ត៌មាន កាល​ពី​យប់​ថ្ងៃ​ទី​២៩ មិថុនា បាន​ប្រកាស​អនុញ្ញាត​អោយ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ទាំង​អស់ អាច​ធ្វើ​ការ​ចាក់​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ ភាសា​ខ្មែរ​ឡើង​វិញ។
ដោយ ម៉ៅ សុធានី
2013-06-30
ក្រសួង​ព័ត៌មាន ៦១០
ក្រសួង​ព័ត៌មាន
RFA/Mom Sophon
ការ​ប្រកាស​អនុញ្ញាត​ឲ្យ​វិទ្យុ អេហ្វ.អឹម ក្នុង​ស្រុក​ អាច​ធ្វើ​ការ​ចាក់​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ខេមរភាសា​ឡើង​វិញ​បាន​នេះ គឺ​ធ្វើ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក) កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៩ មិថុនា។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ គេ​ឃើញ​មាន​ចំណារ​ជា​អក្សរ​ធំៗ​នៅ​លើ​សេចក្ដី​ណែ​នាំ​ចុះ​ថ្ងៃ​ទី​២៥ ខែ​មិថុនា របស់​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ព័ត៌មាន ដែល​បាន​ហាម​មិន​អោយ​វិទ្យុ អេហ្វ.អឹម ក្នុង​ស្រុក​ផ្សាយ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​បរទេស​នោះ។ ចំណារ​នោះ​មាន​ខ្លឹមសារ​ថា ក្រសួង​ព័ត៌មាន​សម្រេច​អោយ​វិទ្យុ អេហ្វ.អឹម ក្នុង​ស្រុក​អាច​ធ្វើ​ការ​ចាក់​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ជា​ខេមរភាសា​ឡើង ​វិញ​បាន នៅ​ថ្ងៃ​សៅរ៍ ទី​២៨ មិថុនា ឆ្នាំ​២០១៣។
មន្ត្រី​សង្គម​ស៊ីវិល​បាន​ស្វាគមន៍​និង​អបអរ​ចំពោះ​ការ​សម្រេច​ប្ដូរ​ ចិត្ត​របស់​ក្រសួង​ព័ត៌មាន។ មន្ត្រី​ទាំង​នោះ​អះអាង​ថា ជំហរ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ វា​ផ្ដល់​ផល​ចំណេញ​ច្រើន​ជាង​ការ​ខាត​បង់។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៩ មិថុនា ថា ការ​ផ្លាស់ប្ដូរ​ជំហរ​នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដ៏​ល្អ​នៃ​សង្គម​ប្រជាធិបតេយ្យ៖ «ជា​រឿង​មួយ​ ដ៏​ល្អ ហើយ​ខ្ញុំ​ស្វាគមន៍​ដែល​ក្រសួង​បាន​ផ្លាស់ប្ដូរ។ យើង​សង្ឃឹម​ថា ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​សម្រេច​ចិត្ត​ ពិចារណា​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ ការ​ចូល​រួម​តាម​រយៈ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង វីអូអេ គឺ​មាន​រឿង​សំខាន់​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​កាន់​តែ​រឹងមាំ។ ការ​បើក​ចំហ​នេះ គឺ​ជា​រឿង​ល្អ ហើយ​សូម​អំពាវនាវ​គណបក្ស​ទាំង​អស់​មាន​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ការ​ ប្រកួតប្រជែង ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ...»
បន្ទាប់​ពី​មាន​ការ​ប្រកាស​ផ្អាក​កម្មវិធី​ផ្សាយ​បន្ត​ជា​ភាសា​ខ្មែរ​ របស់​វិទ្យុ​អន្តរជាតិ​ទាំង​នោះ​បាន​មួយ​ថ្ងៃ​មក អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ស្ថានទូត​សហរដ្ឋ​អាមេរិក គណបក្ស​នយោបាយ ប្រជាពលរដ្ឋ និស្សិត​បញ្ញវន្ត ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​រិះគន់​ទង្វើ​របស់​ក្រសួង​ព័ត៌មាន​ថា ជា​ការ​ដើរ​បញ្ច្រាស​ទិស ប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ច្បាប់​បោះ​ឆ្នោត ជា​ពិសេស​ផ្ទុយ​នឹង​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ឱកាស​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ។
នៅ​ទន្ទឹម​នឹង​ការ​អបអរ​សាទរ​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា ប្រការ​ដែល​រដ្ឋាភិបាល​ប្ដូរ​ជំហរ​ឆាប់​រហ័ស​នេះ គឺ​ជា​ទង្វើ​ល្អ។ លោក​ថា ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​សារព័ត៌មាន អ្នក​ដែល​ខាត​បង់​ច្រើន​ជាង​គេ គឺ​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «ខ្ញុំ​កំពុង​ សប្បាយ​ចិត្ត​មែន​ទែន។ និយាយ​រួម បើ​រដ្ឋាភិបាល​មាន​ភាព​បត់បែន ភាព​ទន់ភ្លន់​បែប​នេះ គឺ​អាច​ជួយ​ស្រុក​យើង​បាន​ច្រើន។ មួយ​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​មាន​ភាព​ទន់​ភ្លន់​បន្ថែម​ទៀត ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​មូលដ្ឋាន​គ្រឹះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាច​ឈរ​ជើង​ហ្នឹង​បន្ត​ទៀត​បាន​ក្នុង​អាណត្តិ​ក្រោយៗ​ទៀត។ ការ​បិទ​នេះ គឺ​ខាត អ្នក​ដែល​ខាត​ជាង​គេ គឺ​រដ្ឋាភិបាល ពីព្រោះ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ត្រូវ​ការ​ព័ត៌មាន​គ្រប់​ជ្រុង​ ជ្រោយ…»
ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ រស់​នៅ​ក្នុង​រដ្ឋ វឺជីនៀ (Virginia) អ្នកស្រី ម៉ារី ជា បាន​ប្រតិកម្ម​ថា រដ្ឋាភិបាល​មិន​គួរ​ធ្វើ​តាម​តែ​ការ​នឹក​ឃើញ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​មាន​ការ​យល់​ដឹង​ច្រើន​ពី​សិទ្ធិ​របស់​ ខ្លួន៖ «ចង់​បិទ​ចង់​បើក​ស្រេច​លើ​បបូរ​មាត់​គេ ដូច​នេះ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​ទេ។ គេ​ចង់​គំរាមកំហែង គេ​មិន​ខ្វល់​ពី​សហរដ្ឋអាមេរិក ពី​អ្នក​នៅ​ខាង​ក្រៅ។ តែ​ជា​គំនិត​ខ្ញុំ​ផ្ទាល់ ប្រហែល​ជា​ភ័យ​ខ្លាច​ហើយ ព្រោះ​ដំណាក់កាល​ចុង​ក្រោយ​ហើយ ខ្លួន​ឯង​ធ្វើ​អ្វី ពលរដ្ឋ​ហ៊ាន​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព…»
ក្រៅ​តែ​មាន​សេចក្ដី​ថ្លែងការណ៍​នានា​របស់​សង្គម​ស៊ីវិល និង​ស្ថានទូត​សហរដ្ឋអាមេរិក ថ្កោលទោស​ទង្វើ​ក្រសួង​ព័ត៌មាន ក្រុម​បណ្ដាញ​សង្គម​ហ្វេកប៊ុក (Facebook) បាន​បញ្ចេញ​ទស្សនៈ​រិះគន់​ខ្លាំងៗ​ផង​ដែរ​ទៅ​លើ​ចំណាត់​ការ​បច្ចុប្បន្ន​ របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search