ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, July 24, 2013
អង្គការ​អន្តរជាតិ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​រក​ឃើញ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ កម្ពុជា បាន​ចូល​រួម​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​ កម្ពុជា តាម​រយៈ​ការ​ចុះ​តាម​មូលដ្ឋាន ដើម្បី​ជួប​ម្ចាស់​ឆ្នោត និង​បញ្ចុះ​បញ្ចូល​ឲ្យ​បោះឆ្នោត​សម្រាប់​ឲ្យ​លោក ហ៊ុន សែន បាន​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។
ដោយ វិទ្យុ អាស៊ីសេរី
2013-07-23
ឃោសនា​បក្ស​ប្រជាជន ៦១០
ក្បួន​ហែ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ភាគ​ច្រើន​មាន​រថយន្ត​ទំនើបៗ និង​មួយ​ចំនួន​គ្មាន​ស្លាក​លេខ ក្នុង​យុទ្ធនាការ​ឃោសនា​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី សុ ជីវី ដូច​ត​ទៅ៖


អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បង្កើត​បរិយាកាស​បំភិត​បំភ័យ​ដល់​អ្នក​បោះ​ឆ្នោត ដោយ​ការ​ចូល​ជា​ចំហ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​របស់​មេបញ្ជាការ​កង​កម្លាំង​ ប្រដាប់​អាវុធ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ យូមែន រ៉ៃស៍ វ៉ច្ឆ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​កាន់​ក្ដាប់​កម្លាំង​ប្រដាប់​អាវុធ​បាន​ចូល​រួម ​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​បាន​ចាប់​ផ្ដើម​តាំង​ពី​មុន​ពេល​ឃោសនា​បោះ​ឆ្នោត​ដែល​កំណត់​ដោយ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា នោះ​ទៅ​ទៀត ដ្បិត​អ្នក​ទាំង​នោះ​គឺ​ជា​ក្រុម​អ្នក​ចុះ​ពង្រឹង​ការ​គាំទ្រ​គណបក្ស​នេះ​នៅ ​តាម​មូលដ្ឋាន​ខេត្ត​ក្រុង និង​ស្រុក មួយ​ចំនួន។

សកម្មភាព​នោះ​ក៏​ត្រូវ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ យូមែន រ៉ៃស៍ វ៉ច្ឆ ចាត់​ទុក​ថា ជា​រំលោភ​លើក​អត្ថន័យ​នៃ​កិច្ច​ព្រម​ព្រាង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​បញ្ជាក់​ថា ពួក​គេ​ត្រូវ​អព្យាក្រឹត និង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។
នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស លោក ប្រែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ស្ថិត​នៅ​អព្យាក្រឹត​ពី​គណបក្ស​នយោបាយ៖ «ជា ​ការ​ពិត​នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​កម្ពុជា ធ្វើ​សកម្មភាព​ជាក់​ស្ដែង​ប្រៀប​បាន​នឹង​ស្លាប​​របស់​​គណបក្ស​ប្រជាជន​ កម្ពុជា គឺ​ជា​មហន្តរាយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ អង្គការ​សហប្រជាជាតិ និង​ប្រទេស​សមាជិក​ជា​ពិសេស​ប្រទេស​ដែល​​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា កម្លាំង​សន្តិសុខ​មាន​តួនាទី​មិន​លំអៀង ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួ​ដែល​សេរី និង​យុត្តិធម៌។ នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​ចូល​រួម​ជាមួយ​បក្ស​នយោបាយ​ណា​មួយ​ក្នុង​ការ​ បោះ​ឆ្នោត ជា​ការ​បំភិតបំភ័យ​ដល់​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត ដែល​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​ទទួល​បាន​ការពារ​ដោយ​គ្មាន​ការ​គំរាមកំហែង»
យូមែន រ៉ៃស៍ វ៉ច្ឆ បាន​រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​ដែល​បាន​ចុះ​ទៅ​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​ កម្ពុជា នោះ​មាន​ជាអាទិ៍ អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន បាន​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ កាល​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ លោក គន់ គីម បាន​ចុះ​ទៅ​ខេត្ត​ឧត្តរមានជ័យ។ កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ជា​នាយក​រង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ ខេមរភូមិន្ទ ចុះ​ទៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា និង​លោក ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​ចុះ​ទៅ​ជួប​ក្រុម​កម្មករ​នៅ​ក្នុង​ខេត្ត​ កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា។
ក្រៅ​ពី​នេះ​ យូមែន រ៉ៃស៍ វ៉ច្ឆ ក៏​បាន​ភ្ជាប់​នូវ​របាយការណ៍​មួយ​ដែល​មាន​រាយ​នាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង ​នគរបាល​ដែល​មាន​តួនាទី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ មិន​ខុស​គ្នា​ឡើយ​ មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​បាន​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ជា​នាយក​រដ្ឋមន្ត្រី​នៅ​កម្ពុជា។
សកម្មភាព​ទាំង​នេះ​ត្រូវ​ យូមែន រ៉ៃស៍ វ៉ច្ឆ ចាត់​ទុក​ថា ពុំ​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ដែល​ថា កង​កម្លាំង​ទាំង​អស់​ត្រូវ​ឋិត​នៅ​ឯករាជ្យ អព្យាក្រឹត ក្នុង​ការ​បោះ​ឆ្នោត៖ «អ្វី​ដែល​ធំ យើង​បក្ស​ក្នុង​រដ្ឋាភិបាល​ចង់​ឈ្នះ​ឆ្នោត​ហើយ ក៏​ប៉ុន្តែ គ្រប់​គ្រង​ប្រទេស​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ត្រូវ​តែ​បាន​ធានា។ បរិយាកាស​នយោបាយ​អព្យាក្រឹត​មួយ​ត្រូវ​តែ​បាន​ធានា​សម្រាប់​គ្រប់​គណបក្ស​ នយោបាយ​ទាំង​អស់ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​សេរី និង​យុត្តិធម៌ មាន​តម្លាភាព។ អ៊ីចឹង​សុំ​អាជ្ញាធរ​ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ និង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​ល្អ​ដើម្បី​បម្រើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ​បោះ​ឆ្នោត»
ក្រៅ​ពី​ចាត់​ទុក​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ថា ពុំ​មាន​ន័យ​ខ្លឹមសារ​អ្វី​ យូមែន រ៉ៃស៍ វ៉ច្ឆ បាន​ចាត់​ទុក​ការ​ចូល​រួម​ក្នុង​ការឃោសនា​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​ កម្លាំង​ប្រដាប់​អាវុធ​ថា អាច​បន្ថែម​ភាព​ភ័យខ្លាច​បន្ថែម​ទៀត​ចំពោះ​ស្ថានភាព​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ​នៅ​ពេល​ដែល​ទាំង​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​នេះ​តែង​ព្រមាន​ជា​ញឹក​ញយ​ថា កម្ពុជា​អាច​នឹង​ក្រឡាប់​ចាក់ ឬ​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ឆ្នោត។ ការ​ព្រមាន​នេះ​ហាក់​ចង់​រំលឹក​អ្នក​បោះ​ឆ្នោត​ពី​រឿង​ហេតុ​ដែល​ធ្លាប់​បាន​ កើត​ឡើង​រួច​ហើយ ដូច​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៩៧ ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ក្នុង​ឆ្នាំ​១៩៩៨ ជា​ដើម។

សម្រង់​សម្ដី​របស់ លោក ភីល រ៉ូប៊ឺតសុន នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស

ដោយ យ៉ង ចាន់តារា
ទាក់ទង​នឹង​របាយការណ៍​នេះ​ដែរ លោក ភីល រ៉ូប៊ឺតសុន នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែង​ថា វា​ជា​ប្រការ​មិន​គួរ​គប្បី ដែល​មាន​ការ​ជ្រៀត​ចូល​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ក្នុង​សកម្មភាព​ឃោសនា ឬ​សំ​ខាន់​ជាង​នេះ គឺ​សកម្មភាព​នយោបាយ ដោយ​ហេតុ​ថា កម្លាំង​នេះ​គួរ​ស្ថិត​នៅ​ជា​អព្យាក្រឹត្យ មិន​មាន​និន្នាការ​ទៅ​រក​ក្រុម​ណា​មួយ។
សូម​ស្ដាប់​សម្រង់​សម្ដី​របស់ លោក ភីល រ៉ូប៊ឺតសុន ដូច​ត​ទៅ៖


សម្រង់​សម្ដី​របស់ លោក ភីល រ៉ូប៊ឺតសុន៖ «ប៉ូលិស និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា មិន​គួរ​ចូលរួម​ជាមួយ​ភាគី​ណា​មួយ​នោះ​ទេ ទោះ​ជា​រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង​ក៏ដោយ។ ប៉ុន្តែ បើ​តាម​ការ​ពិត ពួក​គេ​កំពុង​តែ​ចូលរួម​ឃោសនា​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​សារ​របស់​ពួក​គេ​ទៅ​កាន់​ប្រជាជន​នៅ​ជនបទ គឺ​ពេល​ដែល​ប្រជាជន​ឃើញ​អ្នក​មាន​តួនាទី​ជាន់​ខ្ពស់​ក្នុង​កង​កម្លាំង​ ប្រដាប់​អាវុធ​ទាំង​នោះ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ឃោសនា​បោះឆ្នោត គេ​នឹង​អាច​គិត​ទៅ​ដល់​ជម្លោះ​ប្រដាប់​អាវុធ បើ​សិន​ជា​គេ​មិន​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​រដ្ឋាភិបាល។ វា​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ និង​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​វា​នឹង​អាច​នាំ​ទៅ​រក​ការ​បោះឆ្នោត​ដែល​មិន​ស្មើ​ភាព​គ្នា។
អ្នក​ដឹង​ទេ នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ព្រួយ​បារម្ភ ហើយ​វា​ក៏​នឹង​អាច​នាំ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច ពីព្រោះ​គណបក្ស​ប្រជាជន បាន​និយាយ​យ៉ាង​ច្បាស់​ថា បើ​ពួក​គេ​មិន​ឈ្នះ​ការ​បោះឆ្នោត​ទេ​នោះ គឺ​អាច​នឹង​មាន​សង្គ្រាម​កើត​ឡើង។ ប្រជាជន​ដឹង​ច្បាស់​ថា សង្គ្រាម​បង្ក​ឡើង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​ការ​ពិត​នោះ គឺ​ថា មន្ត្រី​ធំៗ​មាន​តួនាទី​ដូច​ជា មេ​បញ្ជា​ការ​ជាន់​ខ្ពស់ លោក ប៉ុល សារឿន លោក គន់ គីម លោក កែ គឹមយ៉ាន កូន​ប្រុស លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ជាដើម កំពុង​តែ​ឃោសនា​ឱ្យ​រដ្ឋាភិបាល។
រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ប្រការ​ដែល​ឱ្យ​មន្ត្រី​រដ្ឋ​ទៅ​ឃោសនា​ឱ្យ​ គណបក្ស​ណា​មួយ ជា​ពិសេស គឺ​មន្ត្រី​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ។ យើង​ក៏​ត្រូវ​គិត​ដល់​តុល្យភាព​នៃ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ន័យ​ថា គណបក្ស​នយោបាយ​នីមួយៗ​មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​តាម​ ទូរទស្សន៍ ឬ​វិទ្យុ​ជា​ដើម។
សហរដ្ឋ​អាមេរិក បាន​ផ្តល់​ថវិកា​ប្រហែល ១,៧​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ការ​បំពាក់​បំប៉ន​ដល់​វិស័យ​យោធា​កម្ពុជា។ អ្វី​ដែល​យើង​គិត​ថា កាន់​តែ​មិន​សម​ប្រកប​ទៀត​នោះ គឺ​យើង​មិន​ឃើញ​មាន​បន្លាស់​ប្ដូរ​ចំពោះ​ការ​ពាក់ព័ន្ធ​ដ៏​មាន​ឥទ្ធិពល​របស់ ​កម្លាំង​ប្រដាប់​អាវុធ ដែល​កំពុង​ជ្រៀត​ចូល​ក្នុង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា»

ប្រតិកម្ម​របស់​មន្ត្រី​យោធា​កម្ពុជា​ប្រឆាំង​របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ

ដោយ ម៉ម មុនីរតន៍
ភ្លាមៗ​ក្រោយ​ពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ អន្តរជាតិ (Human Right Watch) ចេញ​ផ្សាយ ដែល​រក​ឃើញ​ថា ទាំង​ប៉ូលិស ទាហាន និង​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​លើសលប់​ចុះ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​ កម្ពុជា។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​វិញ ចាត់​ទុក​ថា របាយការណ៍​នេះ គឺ​ផ្ទុយ​ពី​ការ​ពិត និង​តែង​បំភ្លៃ​សភាពការណ៍​របស់​កម្ពុជា។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ ដូច​ត​ទៅ៖


មន្ត្រី​យោធា និង​មន្ត្រី​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ប្រឆាំង​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ មនុស្ស​អន្តរជាតិ ដោយ​ចាត់​ទុក​ថា នេះ​ជា​របៀប​យុទ្ធនាការ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ពុំ​មែន​ជា​របៀប​នៃ​ទម្រង់​របាយការណ៍​នោះ​ឡើយ។
លោក ម៉ក ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ ហៅ​ការ​ចេញ​ផ្សាយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ នេះ​ថា ធ្វើ​ឡើង​ដើម្បី​ឲ្យ​បាន​ឮ​សំឡេង និង​ផ្គាប់​ចិត្ត​ដល់​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ពិត​ពលរដ្ឋ​គ្រប់​រូប​មាន​កាតព្វកិច្ច​បំពេញ​តួនាទី​ក្នុង​នាម​ជា​ ម្ចាស់​ឆ្នោត ផ្អែក​តាម​គោលការណ៍​ច្បាប់។ ហើយ​ទាំង​មន្ត្រី​នគរបាល កង​រាជ​អាវុធហត្ថ កង​យោធពល​ខេមរភូមិន្ទ និង​ទាហាន ប៉ូលិស ជាដើម អាច​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​ថែម​ទៀត។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក ម៉ក ជីតូ អះអាង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ពុំ​ដែល​ប្រើប្រាស់​តួនាទី ដើម្បី​ចុះ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​បក្ស​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​បទ​បញ្ជា​នោះ​ទេ។ ក៏ប៉ុន្តែ ពេល​វេលា​ដែល​សេសសល់​នៅ​ចុង​សប្ដាហ៍ លោក​បញ្ជាក់​ថា គ្រប់​សមត្ថកិច្ច​អាច​ជ្រើស​រើស​បក្ស​នយោបាយ និង​ចូលរួម​សកម្មភាព​ឃោសនា​បាន​ដូច​ពលរដ្ឋ​ដែរ៖ «តាម​ពិត យើង​បាន​កំណត់​ច្បាស់​ណាស់​ច្បាប់​បោះឆ្នោត ក្នុង​ការងារ​សាធារណៈ យើង​អព្យាក្រឹត​ទាំងអស់​មិន​អ៊ីចឹង។ បាន​ន័យ​ថា អព្យាក្រឹត​ទាំង​មុខងារ បាន​ន័យ​ថា ធ្វើ​ការ​ធ្វើ​ងារ គឺ​ជា​មន្ត្រី​ហើយ។ ដល់​ថ្ងៃ​សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ អា​ហ្នឹង​វា​ទៅ​ជា​ប្រជាជន​ធម្មតា​ហើយ ចង់​ធ្វើ​អី​ធ្វើ​ទៅ មាន​ហាម​អី​ណា»
របាយការណ៍​កម្រាស់ ៩​ទំព័រ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២២ កក្កដា រក​ឃើញ​ថា មន្ត្រី​សំខាន់ៗ​ក្នុង​ជួរ​ទាហាន និង​ប៉ូលិស ចាប់​ពី​ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី និង​ថ្នាក់​ឧត្ដម​សេនីយ៍ បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​យ៉ាង​កងរំពង​ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រដូវ​កាល​ឃោសនា​បោះឆ្នោត​នេះ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បន្ត​ថា មន្ត្រី​ទាំង​នោះ​រួម​មាន លោក កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ប៉ុល សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក​នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​យោធភូមិភាគ​៥ លោក​នាយ​ឧត្ដមសេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក នាយ​ឧត្ដមសេនីយ៍ លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក នៃ​កង​យោធពល​ខេមរភូមិន្ទ លោក សៅ សុខា មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ម៉ក ជីតូ នាយ​ឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង អគ្គ​មេ​បញ្ជាការ​កង​អង្គរក្ស លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត នាយក​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​សំខាន់ៗ​ក្រោម​ឱវាទ​មួយ​ចំនួន​ទៀត ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​មុខ​តំណែង​ជា​ប៉ូលិស ទាហាន និង​កងយោធពល​ខេមរភូមិន្ទ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង ​នេះ នៅ​ថ្ងៃ​ទី២៣ កក្កដា។ ទន្ទឹង​នឹង​នេះ វរសេនីយ៍ឯក លោក ហ៊ុន ម៉ានិត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​លោក​បញ្ជាក់​ថា មិន​ទម្លាប់​ផ្ដល់​ព័ត៌មាន​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទេ៖ «ខ្ញុំ​ប្រាប់​ប៉ុន្មាន​ដង​ហើយ ថា​ខ្ញុំ​អត់​សម្ភាស​តាម​ទូរស័ព្ទ​ទេ។ ខ្ញុំ​អត់​ដឹង​ប្រាប់​ប៉ុន្មាន​ដង​ទេ​បង»
ចំណែក លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​ថា ជា​យុទ្ធនាការ​ដើម្បី​បំពង​សំឡេង ពុំ​មែន​ជា​ទម្រង់​នៃ​របាយការណ៍​នោះ​ឡើយ៖ «របាយការណ៍ ​របស់ យូមែន រ៉ៃស៍ វ៉ច្ឆ គ្រាន់​តែ​ជា​ក្នុង​ស្ថានភាព ហើយ​និង​ក្នុង​វោហារសាស្ត្រ​នៃ​យុទ្ធនាការ​ឃោសនា​ទេ​តែ​ប៉ុណ្ណឹង​ទេ ក្នុង​រដូវ​ឃោសនា​បោះឆ្នោត​នេះ​ឯង។ រឿង​អ្វី​ដែល​យើង​យល់​ឃើញ​ថា កង​ប្រដាប់​អាវុធ​ដែល​លោក​ចុះ​ទៅ ចុះ​ទៅ​ឃោសនា អា​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​លោក​តើ។ លោក​មិន​មែន​ស្លៀក​ពាក់​ឯកសណ្ឋាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ទេ ព្រោះ​លោក​ចុះ​ទៅ​ដើម្បី​ជា​បុព្វហេតុ​នៃ​ការ​រស់រាន​មាន​ជីវិត​នៃ​ រាជាណាចក្រ​កម្ពុជា។ កាល​យើង​មាន​ចម្បាំង​ជាមួយ​ខ្មែរ​ក្រហម យើង​ចម្បាំង​ជាមួយ​ថៃ យើង​ចម្បាំង​ជាមួយ​បរទេស​ដទៃ​ទៀត យូមែន រ៉ៃស៍ វ៉ច្ឆ មិន​ដែល​និយាយ​មួយ​មាត់​ទេ»
យ៉ាង​ណា​ក៏ដោយ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ប្រទេស​កម្ពុជា នៅ​មាន​កិច្ចការ​ជាច្រើន​ត្រូវ​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ ​បាន​ប្រសើរ​ជាង​នេះ​បន្ថែម​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search