ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, July 31, 2013

ក្រោយ​ពី​បោះឆ្នោត​មេភូមិ​ហៅ​ពលរដ្ឋ​ទៅ​ស្បថ


កំពង់ចាមៈ មួយ​ថ្ងៃ បន្ទាប់​ពី​ការ​បោះឆ្នោត មេភូមិ កំពង់ចន្លុះ ខាង​កើត​ក្នុង​ឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ បាន​ហៅ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ប្រមាណ ៥០ នាក់ ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​វត្ត កំពង់ចន្លុះ ដើម្បី​ឲ្យ​ស្បថ​ថា «សូម​ឲ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន» ប្រសិន​បើ​ពួកគេ មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន មុន​នឹង​ផ្តល់​ប្រាក់​ឲ្យ​ក្នុង​ម្នាក់​មួយ​ម៉ឺន​រៀល ទៅ​តាម​ការ​សន្យា កាល​ពី​មុន​ថ្ងៃ​បោះឆ្នោត។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រជា​ពលរដ្ឋ
ប្រជា​ពលរដ្ឋ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា មេភូមិ និង​អនុភូមិ កំពង់ចន្លុះ ខាង​កើត​បាន​ហៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​ព្រះវិហារ​វត្ត កំពង់ចន្លុះ ដើម្បី​ចែក​លុយ ដែល​គណបក្ស​ប្រជាជន បាន​សន្យា​ផ្តល់​ឲ្យ​នៅ​មុន​ថ្ងៃ​បោះឆ្នោត សម្រាប់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ ១ ម៉ឺន​រៀល និង​ប្រធាន​ក្រុម ២ ម៉ឺន​រៀល​។
លោក​ថ្លែង​ថា​៖​«គេ​ឲ្យ​ពលរដ្ឋ​ស្បថ​ថា ស្លាប់​មួយ​ចំហៀង​ខ្លួន ប្រសិន​បើ​ពួកគេ មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។ ខ្ញុំ​អត់​ស្បថ​ទេ​ព្រោះ​អី​ខ្ញុំ​អត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ ហើយ​វត្ត​នេះ​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ តែ​ពលរដ្ឋ​ជាច្រើន​គេ​យក​លុយ​ដោយ​សារ​គេ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន»។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ក៏​បាន​និយាយ​ដូច​គ្នា​ផង​ដែរ​ថា លោក​ត្រូវ​បាន​មេភូមិ ហៅ​ឲ្យ​ទៅ​យក​លុយ​មួយ​ម៉ឺន​រៀល នៅ​វត្ត ដោយ​ឲ្យ​លោក​អុជ​ធូប​ស្បថ មុន​នឹង​ទទួល​យក​លុយ​ដែល​គេ​បាន​សន្យា​ផ្តល់​ឲ្យ​កាល​ពីថ្ងៃ​ទី១៨ ខែ​មិថុនា​។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖«នៅ​ក្នុង​ច្បាប់​សុទ្ធ​តែ​ថា បោះឆ្នោត​ជា​សម្ងាត់ តែ​សម្ងាត់​របៀប​ម៉េច បើ​បង្ខំ​ឲ្យ​ខ្ញុំ​ស្បថ​នោះ ដូច្នេះ​អ្វី​ដែល​គេ​ធ្វើ​នេះ​គឺ​គេ​ចង់​ដឹង​ឲ្យ​បាន​ច្បាស់​ថា តើ​ប្រជា​ពលរដ្ឋ​ណា​ខ្លះ បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​គេ​ងាយ​ស្រួល​ធ្វើ​ការ​តាម​ដាន»។
នៅ​ក្នុង​បណ្តាញ​សង្គម ហ្វេសប៊ុក បាន​បង្ហោះ​វីដេអូ​គ្លីប​ចំនួន ១ នាទី និង ៥០ វិនាទី អំពី​សកម្មភាព​របស់​ប្រជា​ពលរដ្ឋ​ទៅ​ផ្ទះ​លោក​មេភូមិ ដើម្បី​ទទួល​យក​ប្រាក់ ១ ម៉ឺន​រៀល បន្ទាប់​ពី​ពួក​គាត់​បាន​បោះឆ្នោត​រួច​។ នៅ​ក្នុង​វីដេអូ​គ្លីប​នេះ ពលរដ្ឋ​ភាគ​ច្រើន​បាន​ងាក​មុខ​ចេញ​ពី​កាមេរ៉ា និង​មិន​ហ៊ាន​ផ្តល់​បទ​សម្ភាស​នោះ​ទេ ព្រម​ទាំង​អ្នក​ថត​វីដេអូ​បាន​និយាយ​ថា បើ​ចង់​រក​រឿង​ខ្លួន​ដែល​ថត​រូប​នេះ អាច​នាំ​គ្នា​នៅ​ស្នាក់ការ​ប៉ូលិស ឬ​ក៏​នៅ​តុលាការ​ក៏​បាន។
លោក​មេភូមិ កំពង់ចន្លុះ ខាង​កើត ដែល​ព្យាយាម​ពុំ​ប្រាប់​ឈ្មោះ បាន​បដិសេធ​ថា៖ «ខ្ញុំ​ពុំ​បាន​បង្ខំ​អ្នក​ណា​ឲ្យ​ស្បថ​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ហៅ​ពួក​គាត់ ឲ្យ​មក​យក​លុយ​ទៅ​តាម​អ្វី​ដែល​បាន​សន្យា​ប៉ុណ្ណោះ»។
លោក រ៉ាន់ សុភា អភិបាល​រង​ស្រុក ត្បូងឃ្មុំ មក​ពី​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា ពិត​ជា​មាន​ការ​ឲ្យ​លុយ​ទៅ​ប្រជា​ពលរដ្ឋ​មែន តែ​ពុំ​មាន​ការ​បង្ខំ​ឲ្យ​មាន​ស្បថ​នោះ​ទេ​។
លោក​និយាយ​ថា​៖ «ការ​ដែល​ឲ្យ​លុយ​នោះ គឺជា​ការ​លើក​ទឹក​ចិត្ត​ពួក​គាត់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ពីព្រោះ​នៅ​ពេល​បោះឆ្នោត​រួច​ហើយ​នេះ នៅ​ឃុំ ពាមជីលាំង គឺ​គណបក្ស​ប្រជាជន​យើង​ឈ្នះ»។
លោក នាង សុវ៉ាត ប្រធាន គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុម ហ្វ្រែល ប្រចាំ​ខេត្ត កំពង់ចាម​បាន​ថ្លែង​ថា នៅ​ក្នុង​ខេត្ត កំពង់ចាម មាន​ស្រុក​ចំនួន​ពីរ ដែល​មាន​មន្ត្រី​គណបក្ស​ប្រជាជន បាន​ផ្តល់​ប្រាក់​ឲ្យ​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​ការ​បោះឆ្នោត​ហើយ​មួយ​ថ្ងៃ ដែល​នេះ​គឺជា​ទង្វើ​មួយ​ផ្ទុយ​ពី​ច្បាប់​បើ​ទោះ​បី​ជា​ធ្វើ​តាម​រយៈ​រូបភាព​ នៃ​ការ​ផ្តល់​អំណោយ​ក៏​ដោយ​។
លោក នាង សុវ៉ាត បាន​ថ្លែង​ទៀត​ថា៖ «ការ​ដែល​បង្ខំ​ឲ្យ​ពលរដ្ឋ​ស្បថ​ទាក់​ទង​នឹង​ការ​បោះឆ្នោត​នោះ គឺជា​ការ​គំរាម​កំហែង​ហើយ​ជា​ទង្វើ​មួយ​ខុស​ច្បាប់​ដែល​ត្រូវ​តែ​ទទួល​ទោស»។
យោង​តាម​លទ្ធផល​បណ្តោះ​អាសន្ន​របស់​គណៈកម្មាធិការ​ខេត្ត រៀបចំការ​បោះឆ្នោត ខេត្ត កំពង់ចាម ដែល​មាន​ចំនួន ១៨ អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ១០ អាសនៈ គណបក្ស​ប្រជាជន ទទួល​បាន ៨ អាសនៈ។ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​អាណត្តិ​ទី៤ ក្នុង​ខេត្ត កំពង់ចាម​គណបក្ស​ប្រជាជន​ទទួល​បាន ១១ អាសនៈ ៧ អាសនៈ​ទៀត បាន​ទៅ​គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស​និង នរោត្តម រណឫទ្ធិ៕

0 comments:

Post a Comment

Thank you for your comments!













Search