ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, August 29, 2013
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា វា​យឺត​ពេល​ហើយ​សម្រាប់​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​ អង្កេត​អំពី​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​បោះឆ្នោត។
ដោយ ទេព សុរ៉ាវី
2013-08-29
គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ការ​បដិសេធ​មិន​បង្កើត​គណៈកម្មការ​ឯករាជ្យ​នេះ គឺ​ជា​ការ​បិទ​ផ្លូវ​ចរចា​មួយ​ដោយ​សន្តិវិធី។ បញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ប្រកាស​ថ្ងៃ​ជាក់​លាក់​ ថា នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ​នេះ នៅ​ទី​លាន​ប្រជាធិបតេយ្យ គឺ​មុន​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រោង​នឹង​ប្រកាស​ លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​នៅ​ដើម​ខែ​ក្រោយ​នេះ។ ក្រុម​អ្នក​វិភាគ​បញ្ជាក់​ថា អ្នក​នយោបាយ​ត្រូវ​ព្យាយាម​ចរចា​គ្នា​ឲ្យ​អស់​លទ្ធភាព​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​មហា​បាតុកម្ម ហើយ​ថា​ការ​ធ្វើ​បាតុកម្ម កម្ពុជា​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​មាន​ភាព​ចលាចល។
អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ​នេះ គឺ​ជា​ជំហាន​ចុង​ក្រោយ​ដែល​គណបក្ស​ប្រឆាំង​កំពុង​ទាញ​យក​សំឡេង​គាំទ្រ​មហាជន ​ឲ្យ​គាប​សង្កត់​ទៅ​លើ​ភាគី​ជម្លោះ​របស់​ខ្លួន។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​ធ្វើ​មហា​បាតុកម្ម​ដើម្បី​យក​មតិ​មហាជន​ដាក់​សម្ពាធ​ទៅ​លើ​ រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ទេ។
លោក​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​និង​ពលរដ្ឋ​ខ្មែរ​ស្ទើរ​ទូទាំង​ប្រទេស​បាន​សម្ដែង​ការ​មិន​ ពេញ​ចិត្ត និង​មិន​ទុក​ចិត្ត គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ រីឯ​យន្តការ​ពិភាក្សា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​ដំណើរ​ការ​ទៅ​មុខ​ដែល​ធ្វើ​ឲ្យ​ច្រក​ដោះស្រាយ​បញ្ហា​ត្រូវ​ជាប់​ គាំង។
លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ប្រសិន​បើ​មហា​បាតុកម្ម​មាន​មែន​នោះ លោក​សង្ឃឹម​ថា អំពើ​ហិង្សា​នឹង​មិន​កើត​ចេញ​ពី​ក្រុម​បាតុករ​ជា​ពលរដ្ឋ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​អាច​មាន​ក្រុម​ខ្លះ​ដែល​បន្លំ​ខ្លួន បង្ក​ឲ្យ​មាន​បញ្ហា​ក្នុង​ហ្វូង​បាតុកម្ម។
អ្នក​ស្រាវ​ជ្រាវ​បញ្ហា​សង្គម លោក កែម ឡី គាំទ្រ​ឲ្យ​មាន​មហា​បាតុកម្ម​អហិង្សា​ទូទាំង​ប្រទេស​កើត​ឡើង​ជា​អ្វី​ដែល​ លោក​គិត​ថា អាច​ជា​មេរៀន​ប្រជាធិបតេយ្យ​ដើម្បី​បង្រៀន​ដឹក​នាំ និង​គាំទ្រ​នយោបាយ​នៅ​តាម​មូលដ្ឋាន​ឲ្យ​ដឹង​ពី​វិធីសាស្ត្រ​ក្នុង​ការ​ប្រើ​ ប្រាស់​សិទ្ធិ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ ពិសេស​បាតុកម្ម​អហិង្សា​នោះ​អាច​ជា​បច្ច័យ​មួយ​ដើម្បី​ឲ្យ​អ្នក​ដឹក​នាំ និង​មន្ត្រី​សាធារណៈ​ទាំង​អស់​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​របស់​ពលរដ្ឋ​ក្នុង ​រយៈ​ពេល ៥​ឆ្នាំ នៃ​អាណត្តិ​គ្រប់​គ្រង​របស់​ខ្លួន។
ទាក់ទង​គម្រោង​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់​ឃើញ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ កៀរគរ​អ្នក​បាតុករ​ចាប់​ពី ២​លាន​នាក់​ឡើង​ទៅ នោះ​វា​អាច​ក្លាយ​ជា​សម្ពាធ​ខ្លាំង​ដល់​អ្នក​នយោបាយ។ ផ្ទុយ​ទៅ​វិញ​បើ​រក​បាតុករ ២ ទៅ ៣​ម៉ឺន​នាក់​មិន​បាន​ទេ​នោះ វា​រឹត​តែ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឥទ្ធិពល​និង​ដាក់​របៀបវារៈ​នយោបាយ​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ទាប។ ដូច្នេះ​មាន​ន័យ​ថា ទាន់​ឱកាស​ដែល​គណបក្ស​ប្រឆាំង​នៅ​មាន​ទឹក​មាត់​ប្រៃ​ក្នុង​ការ​ចរចា​នោះ គប្បី​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ចរចា​ចំនួន ៣​ចំណុច​សំខាន់។
លោក សុខ ទូច ផ្ដល់​អនុសាសន៍​ចំនួន ៥​ចំណុច​ដែល​អ្នក​នយោបាយ​ត្រូវ​គិត​ពិចារណា​ឈាន​ទៅ​រក​ដំណោះ​បញ្ហា​ជាប់​ គាំង​នយោបាយ គឺ​ទី​១ ផ្ដល់​ឱកាស​អោយ​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ តាម​នីតិវិធី។ ទី​២ យ៉ាង​ព្រះ​មហាក្សត្រ​តាម​មាត្រា​ទី​៨ និង​ទី​៩ មក​ធ្វើ​ជា​អាជ្ញា​កណ្ដាល ទី​៣ ត្រូវ​ធ្វើ​ប្រជាមតិ​ប្រជាជន ទី​៤ ដាក់​សំណួរ​របស់​គណបក្ស​នីមួយៗ​ឲ្យ​ពលរដ្ឋ​ផ្ដល់​មតិ​ថា គាំទ្រ ឬ​មិន​គាំទ្រ​ការ​បោះឆ្នោត​ម្ដង​ទៀត ឬ​យ៉ាង​ណា? ទី​៥ បង្កើត​យន្តការ​ដែល​មិន​ធ្វើ​អោយ​មាន​ភាព​ជាប់​គាំង​នយោបាយ​ទៅ​ថ្ងៃ​អនាគត​ ដោយ​តម្រូវ​ឲ្យ​ឈប់​បោះឆ្នោត​លើក​ដៃ​ក្នុង​សភា កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី កង​កម្លាំង​ត្រូវ​មាន​អព្យាក្រឹតភាព ថវិកា​របស់​ស្ថាប័ន​ពុក​រលួយ និង​ស្ថាប័ន​តុលាការ ត្រូវ​អនុម័ត​ដោយ​សភា និង​ត្រូវ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្យាយាម​ស្នើ​សុំ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ យ៉ាង​ណា​ការ​ស្នើ​សុំ​នោះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ថា​វា​ហាក់​ដូចជា​យឺត​ពេល​ហើយ​សម្រាប់​ការ​បង្កើត​ឲ្យ​គណៈកម្មការ​នោះ​ចេញ​ ជា​រូប​រាង។
លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មការ​ពិសេស​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ​នៅ​ពេល​នេះ វា​ឥត​ប្រយោជន៍​នោះ​ទេ។ លោក​បន្ត​ថា វិវាទ​រឿង​បោះឆ្នោត​តាម​ច្បាប់​បោះឆ្នោត​និង​រដ្ឋធម្មនុញ្ញ គឺ​ត្រូវ​ឲ្យ គ.ជ.ប ជា​អ្នក​ដោះស្រាយ។ប្រសិន​បើ​មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់ គ.ជ.ប ទេ​នោះ នាទី​បន្ទាប់​គឺ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​ភារៈ​ពិនិត្យ និង​ដោះស្រាយ​នូវ​ពាក្យ​បណ្ដឹង​ជុំវិញ​ការ​បោះឆ្នោត។
ការ​បដិសេធ​ជា​ចំហ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ ជំរុញ​ឲ្យ​គណបក្ស​ប្រឆាំង​សម្រេច​ចិត្ត​ភ្លាមៗ​ធ្វើ​បាតុកម្ម​ផ្លូវ​ការ​នៅ​ ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ។ ខណៈ​ដែល​ពី​មុន គណបក្ស​នេះ​បាន​ព្យាយាម​មិន​ទម្លាយ​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ច្បាស់​នៃ​ថ្ងៃ​ ធ្វើ​បាតុកម្ម។ តាម​គម្រោង​ភ្នំពេញ ជា​កន្លែង​ដែល​ផ្ទុះ​បាតុកម្ម​មុន​គេ មុន​នឹង​ឈាន​ទៅ​ដល់​បណ្ដា​ខេត្ត​ដទៃ​ទៀត ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ និង​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ប្រកាស​ដោយ គ.ជ.ប នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា នេះ​បើ​តាម​ការ​អះអាង​ពី​លោក កឹម សុខា។
គណបក្ស​ប្រឆាំង​រំពឹង​ថា ចំនួន​មហាជន​ច្រើន​ជាង ២០.០០០​នាក់ នឹង​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ថ្ងៃ​ដំបូង ហើយ​ចំនួន​នេះ​អាច​នឹង​ទៅ​រួច ព្រោះ​គណបក្ស​ប្រឆាំង​បាន​ស្ទាប​ស្ទង់​កម្លាំង​អ្នក​គាំទ្រ​ម្ដង​រួច​មក​ហើយ ​ក្នុង​វេទិកា​ជួប​ជុំ​មួយ​នៅ​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។ រី​ឯ​កម្លាំង​បាតុករ​មហាជន​នៅ​តាម​បណ្ដា​ខេត្ត​អាច​នឹង​ងើប​ឡើង​ជា​ បន្តបន្ទាប់​នៅ​គ្រា​ដែល លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បំផុស​គំនិត​ឲ្យ​ចូល​រួម​បាតុកម្ម​តាម​រយៈ​វេទិកា​សំណេះសំណាល​ជាមួយ​ អ្នក​គាំទ្រ​យ៉ាង​មមាញឹក​ក្រោយ​ការ​បោះឆ្នោត។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បញ្ជាក់​ថា ក្រុម​បាតុករ​ដែល​ចូល​រួម​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា នឹង​ត្រៀម​ពី​ចម្ងាយ​ដើម្បី​ហ្វឹក​ហាត់ និង​សម​ជើង​ត្រៀម​ទុក​មុន ប្រសិន​បើ​មាន​ការ​បង្ក្រាប​ណា​មួយ​ពី​អាជ្ញាធរ។ យ៉ាង​ណា​បាតុកម្ម​នោះ ខាង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យ​ធ្លាយ​ហួស​រឿង​ហិង្សា។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត​បាន​ព្រមាន​លោក សម រង្ស៊ី និង​អ្នក​ចូល​រួម​បាតុកម្ម​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ក្នុង​ ករណី​បង្ក​បាតុកម្ម​ហិង្សា​បំផ្លិច​បំផ្លាញ​សន្តិសុខ​ជាតិ។
ក្រោយ​ការ​បោះឆ្នោត​មាន​ការ​ចល័ត​កម្លាំង​មាន​សមត្ថកិច្ច កម្លាំង​កង​រាជ​អាវុធហត្ថ និង​រថក្រោះ​ជា​ច្រើន​គ្រឿង​ត្រៀម​បង្ក្រាប​ក្រុម​បាតុករ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ប្រសិន​បើ​បាតុកម្ម​ឈាន​ទៅ​ដល់​ហិង្សា​នោះ​អាជ្ញាធរ​នឹង​មាន​ការ​បង្ក្រាប​ ជៀស​មិន​រួច។
មន្រ្តី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា មហាជន​ហាក់​ក្លាហាន​ចេញ​មុខ​ប្រឆាំង​និង​ទាម​ទារ​រក​យុត្តិធម៌​ដោយ​ចំហ ខុស​ប្លែក​ពី​ការ​បោះឆ្នោត​អាណត្តិ​មុនៗ ដោយសារ​តែ​ពលរដ្ឋ​បាន​យល់​ដឹង​ច្រើន​ពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន។
ពលរដ្ឋ​ម្នាក់​ដែល​ចូល​រួម​ជួប​ជុំ​ជាមួយ​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី ​២៦ ខែ​សីហា បាន​ឡើង​លើ​វេទិកា​ដោយ​ស្នើ​សុំ​ត្រង់ៗ​ឲ្យ​មាន​បាតុកម្ម ហើយ​លោក​នឹង​ចូល​រួម​បាតុកម្ម និង​ហ៊ាន​បូជា​ជីវិត ប្រសិន​បើ​មាន​ការ​បង្ក្រាប​ណា​មួយ​ពី​រដ្ឋាភិបាល។
យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់​ឃើញ​ថា បាតុកម្ម​អាច​នឹង​ធ្វើ​ទៅ​បាន ប៉ុន្តែ​អ្នក​ដែល​ព្រួយ​បារម្ភ​ខ្លាំង​មិន​មែន​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ គណបក្ស​នយោបាយ​ទាំង​ពីរ​នោះ​ទេ។ ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ត្រឹម​តែ​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំង​បាយ​នេះ​មិន​ទាន់​រាប់​ពី​ម៉ាក្រូ​ សេដ្ឋកិច្ច ការ​វិនិយោគ វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​កម្រិត​ធ្ងន់​នៅ​ឡើយ។
តាម​គំនិត​លោក អ្នក​នយោបាយ​គួរ​ប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព​ចរចា និង​កុំ​អាល​យក​កម្លាំង​ប្រជាជន​ធ្វើ​ជា​ដំណោះ​ស្រាយ​ស្វែង​រក​យុត្តិធម៌។ លោក សុខ ទូច បញ្ជាក់​ថា យុត្តិធម៌​មិន​មែន​ឋិត​នៅ​លើ​កម្លាំង​នោះ​ទេ។ ជា​បទពិសោធន៍​ផ្ទាល់ កម្ពុជា​ធ្លាប់​ធ្វើ​សង្គ្រាម​តាំង​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៩៣ ហើយ​ការ​ឈ្នះ​សង្គ្រាម​មិន​មែន​កើត​ចេញ​ពី​កម្លាំង​ទេ គឺ​កើត​ចេញ​ពី​ការ​ចរចា​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

0 comments:

Post a Comment

Thank you for your comments!













Search