ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, August 9, 2013

HRW ៖ ការ​ដក​អាសនៈ​ពី​បក្ស​មួយ ​ទៅ​ឲ្យ​បក្ស​ផ្សេង ​ជា​ជំហាន​ទៅ​រក​របប​ផ្ដាច់​ការ

ដោយ តាំង សារ៉ាដា
2013-08-09 / http://www.rfa.org/khmer

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch = HRW) ចាត់​ទុក​ថា ការ​ប៉ុនប៉ង​របស់​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា ក្នុង​ការ​យក​អាសនៈ​រដ្ឋសភា​ របស់​បក្ស នយោបាយ​មួយ ទៅ​ចែក​ចាយ​អោយ​គណបក្ស​ផ្សេង​ទៀត ក្រោយ​ការ​បោះ​ឆ្នោត គឺ​ជា​ផែន​ការ​មួយ​ឆ្ពោះ​ទៅ​រក​របប​ផ្តាច់​ការ។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ លោក ប្រែត អាដាម (Brad Adams) ថ្លែង​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​ចង់​បែង​ចែក​អាសនៈ​របស់​បក្ស​ប្រឆាំង​ទៅ​ឲ្យ​គណបក្ស​ប្រជាជន របស់​លោក ដោយសារ​បក្ស​ប្រឆាំង​មិន​ព្រម​ចូល​រួម​ប្រជុំ​ក្នុង​រដ្ឋសភា ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ វា​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដឹក​នាំ​បែប​គណបក្ស​តែ​មួយ។
លោក ប្រែត អាដាម៖ «វា​នឹង​មិន​អាច​ជួយ​ឲ្យ លោក ហ៊ុន សែន អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ផ្ទុយ​ទៅ​វិញ វា​កាន់​តែ​បង្ហាញ​យ៉ាង​ច្បាស់​ថែម​ទៀត​ថា លោក ហ៊ុន សែន ពិត​ជា​ចង់​ធ្វើ​ជា​មេ​ដឹក​នាំ​ផ្តាច់​ការ ជា​ជាង​មេ​ដឹក​នាំ​ប្រជាធិបតេយ្យ។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ពិត​ជា​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ ហើយ​អ្វី​ដែល​លោក​និយាយ​នោះ គឺ​គ្រាន់​តែ​ជា​ការ​គំរាម​ប៉ុណ្ណោះ។ ប៉ុន្តែ បើ លោក ហ៊ុន សែន ពិត​ជា​ចង់​ធ្វើ​ដូច្នេះ​មែន នោះ​វា​ជា​ដំណើរ​មួយ​ទៅ​រក​ការ​ដឹក​នាំ​បែប​គណបក្ស​តែ​មួយ ហើយ​អន្តរជាតិ​នឹង​ឈប់​ធ្វើ​ពើ​ថា​កម្ពុជា ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ទៀត​ហើយ»
លោក ប្រែត អាដាម បន្ត​ថា បណ្ដា​ប្រទេស​ធំៗ​នៅ​លើ​ពិភពលោក មិន​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​អំណាច​នយោបាយ​របស់ លោក ហ៊ុន សែន ជាច្រើន​ទសវត្សរ៍​មក​ហើយ ដោយសារ​លោក​ធ្វើ​ពើ​ជា​មេ​ដឹក​នាំ​តាម​បែប​ប្រជាធិបតេយ្យ អនុញ្ញាត​ឲ្យ​មាន​អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​ព័ត៌មាន​ឯករាជ្យ​ខ្លះៗ និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស។ លោក​បន្ត​ថា ប្រសិន​បើ លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ដោយ​គណបក្ស​តែ​មួយ​មែន​នោះ មហា​អំណាច​ធំៗ​នឹង​រក​ដំណោះស្រាយ​ផ្សេង ដោយ​មិន​ខ្វល់​ជាមួយ លោក ហ៊ុន សែន ទៀត​ឡើយ។ ហើយ​ប្រការ​នេះ លោក ហ៊ុន សែន ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។

ប្រតិកម្ម​របស់ លោក ប្រែត អាដាម ធ្វើ​ឡើង​នៅ​បន្ទាប់​ពី លោក ហ៊ុន សែន កាល​ពី​ដើម​ខែ​សីហា នេះ បាន​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ ថា ប្រសិន​បើ​បក្ស​មួយ​នេះ​មិន​ចូល​រួម​ប្រជុំ​ក្នុង​រដ្ឋសភា ដើម្បី​អនុម័ត​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​ទេ​នោះ គ.ជ.ប នឹង​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ទាំងអស់​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​លោក​អះអាង​ថា ទង្វើ​នេះ​វា​មិន​ខុស​ច្បាប់​ទេ៖ «ទៅ​ប៉ុន្មាន​វា​អត់​សំខាន់​ទេ។ គេ​អត់​កំណត់​ថា​ត្រូវ​ទៅ​ត្រឹម ១២០​ឯណា។ អា ១២០ គេ​គិត​នៅ​ក្នុង​បញ្ជី​ឯណេះ។ អា​មាត្រា​ច្បាប់​បោះ​ឆ្នោត កាល​ណា​គណបក្ស​ណា​មួយ​បោះ​បង់​ចោល​អាសនៈ ឬ​ត្រូវ​បាន​បដិសេធ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​យក​អាសនៈ​នោះ​មក​ចែក​គណបក្ស​ដទៃ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា»
ប៉ុន្តែ ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ អនុញ្ញាត​អោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត យក​អាសនៈ​ជាប់​ឆ្នោត​ក្នុង​រដ្ឋសភា​របស់​គណបក្ស​មួយ​ទៅ​អោយ​គណបក្ស​ផ្សេង​ ទៀត​បាន លុះត្រា​តែ​គណបក្ស​នោះ​បាន​ប្រកាស​បោះ​បង់​ចោល។
មាត្រា ១១៨​ថ្មី ចំណុច «ង» នៃ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ចែង​យ៉ាង​ដូច្នេះ "ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទទួល​អាសនៈ​មួយ ឬ​ច្រើន​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ គណបក្ស​នយោបាយ​ណា​មួយ​នោះ​បាន​ប្រកាស​បោះ​បង់​ចោល​អាសនៈ​របស់​ខ្លួន ឬ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បញ្ជី​បេក្ខជន និង​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នោះ ដែល​ប្រកាស​ថា​ជាប់​ឆ្នោត​រួច​ហើយ មិន​មាន​សុពលភាព និង​មិន​មាន​គុណ​សម្បត្តិ​ត​ទៅ​ទៀត​ឡើយ។ ក្នុង​ករណី​ខាង​លើ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​ធ្វើ​ការ​បែង​ចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​ប្រាំពីរ (៧) ថ្ងៃ ទៅ​អោយ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ទទួល​បាន​អាសនៈ​ក្នុង​ខេត្ត​ក្រុង​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះ​បង់​នោះ"។
យោង​តាម​អត្ថន័យ​នៃ​មាត្រា​ច្បាប់​បោះ​ឆ្នោត​នេះ គ.ជ.ប អាច​ធ្វើ​ការ​បែង​ចែក​អាសនៈ ឬ​ដក​យក​អាសនៈ​របស់​គណបក្ស​មួយ​ទៅ​អោយ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ជាប់​ឆ្នោត​ ក្នុង​រដ្ឋសភា​នោះ លុះត្រា​តែ​គណបក្ស​នយោបាយ​នោះ​ប្រកាស​បោះ​បង់​ចោល​អាសនៈ​របស់​ខ្លួន​ក្រោយ​ ពី​ជាប់​ឆ្នោត។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឮ​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​បោះ​បង់​អាសនៈ​ជាប់​ឆ្នោត​នៅ​ក្នុង​រដ្ឋសភា​របស់​ខ្លួន​នៅ​ឡើយ​ទេ។
អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ អោយ​ដឹង​ថា ប្រសិន​បើ គ.ជ.ប បំពាន​ច្បាប់​ធ្វើ​ការ​បែង​ចែក​អ៊ីចឹង​មែន​នោះ អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​មិន​ខាន ពីព្រោះ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទេ ដែល​មាន​អាសនៈ​ក្នុង​មណ្ឌល​ជាមួយ និង​ជាប់​អាសនៈ​នៅ​រដ្ឋសភា​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ជម្នះ​បែង​ចែក​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​មិន​បាន​ប្រកាស​បោះ​បង់​ចោល​នោះ វា​មិន​ខុស​គ្នា​ពី​ការ​ប្លន់​យក​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ មក​បំពេញ​អំណាច​របស់​ខ្លួន​នោះ​ឡើយ។ ហើយ​ថា ការ​ប្លន់​សំឡេង​ឆ្នោត​របស់​ប្រជាពលរដ្ឋ​នេះ ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​គេ​សើច​នៅ​ទូទាំង​ពិភពលោក​តែ​ម្តង៖ «ដូច​ជា​ ភ្នំពេញ អ៊ីចឹង គឺ​អាសនៈ​ទាំងអស់​វា ១២ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​លទ្ធផល​បឋម​ផ្សព្វផ្សាយ​ហ្នឹង ថា​បាន ៧​អាសនៈ ហើយ​គណបក្ស​ប្រជាជន បាន​៥។ ដូច្នេះ យក ៧​ហ្នឹង​ទៅ​ឲ្យ​គណបក្ស​ប្រជាជន ទាំងអស់ ព្រោះ​មណ្ឌល​នេះ​មាន​តែ​គណបក្ស​ប្រជាជន ទេ ដែល​មាន​អាសនៈ​នៅ​ក្នុង​មណ្ឌល​ហ្នឹង។ ដូច្នេះ គឺ​ទាំងអស់​ហ្នឹង​ជា​របស់​គណបក្ស​ប្រជាជន ទៅ។ ដូច្នេះ​នៅ​ទូទាំង​ប្រទេស គឺ​អ៊ីចឹង​ដូច​គ្នា​ទាំងអស់។ ដូច្នេះ មាន​តែ​យក​អាសនៈ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ប្រជាជន ទាំងអស់។ ដូច្នេះ​ក្នុង​សភា​សមាជិក​ទាំង ១២៣​រូប​ហ្នឹង មាន​តែ​គណបក្ស​ប្រជាជន ទាំងអស់»
ចំណែក លោក គុជ ចាន់លី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក្នុង​រដ្ឋ​ម៉ារីឡិន (Maryland) សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ ក៏​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នឹង​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែរ៖ «ការ​ដក​តំណែង​សភា​តំណាង​រាស្ត្រ​ដែល​ប្រជាពលរដ្ឋ​បោះ​ ឆ្នោត​ឲ្យ ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​ប្រជាពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​ហ្នឹង វា​ជា​ស​បញ្ជាក់​ថា នេះ​ជា​សម្ដី​អ្នក​កាន់​របប​ផ្តាច់​ការ​និយម​យ៉ាង​ជាក់​ច្បាស់។ ហើយ​មាន​តែ​នៅ​ក្នុង​របប​ផ្តាច់​ការ​និយម ឬ​របប​កុម្មុយនីស្ត​និយម​ទេ បាន​គេ​ធ្វើ​អ៊ីចឹង។ ពីព្រោះ​ច្បាប់​បាន​ចែង​ដែរ​ថា តំណាង​រាស្ត្រ​ទាំងអស់​ហ្នឹង​មិន​អាច​ឲ្យ​អ្នក​ណា​ដក​តំណែង​របស់​ខ្លួន​យក​ ទៅ​ឲ្យ​អ្នក​ដទៃ​បាន​ទេ ប្រសិន​បើ​គេ​មិន​ស្ម័គ្រចិត្ត​ដោយ​សុខ​ចិត្ត ដោយ​ឆន្ទៈ​ផ្ទាល់​ខ្លួន​របស់​គេ»
ពី​ទីក្រុង​ហ្វីឡាដែលហ្វ្យ៉ា (Philadelphia) ឯណេះ​វិញ លោក អ៊ូ គឹមហួត សមាជិក​សកម្ម​របស់​អង្គការ​បណ្ដាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា ថ្លែង​ថា កម្ពុជា នឹង​ជួប​វិបត្តិ​ជំនួយ និង​ការ​គាំទ្រ​ពី​បរទេស ជា​ពិសេស​សហរដ្ឋ​អាមេរិក តែ​ម្តង ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​អំណាច​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា៖ «គេ​មិន​ធ្វើ​តែ​ខ្លួន​គេ​ទេ កាល​ណា​គេ​ធ្វើ គេ​ស្នើ​ឲ្យ​រដ្ឋបាល​របស់ លោក អូបាម៉ា (Barack Obama) រក​អន្តរជាតិ ឬ​ខាង​អង្គការ​អន្តរជាតិ ឬ​មូលនិធិ​អន្តរជាតិ កុំ​ឲ្យ​ផ្តល់​ជំនួយ​ទៅ​ដែរ។ ហើយ​បើ​អាមេរិកាំង ហ្នឹង វា​ខ្ទាស់ អា​ហ្នឹង​គឺ​ថា​វា​មាន​ការ​លំបាក​ច្រើន»
សហគមន៍​អន្តរជាតិ​ជាច្រើន​កំពុង​សម្លឹង​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ទាំង​មុន អំឡុង និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ។ រហូត​មក​ទល់​ពេល​នេះ លទ្ធផល​ជា​ផ្លូវ​ការ​សម្រាប់​គណបក្ស​ដែល​ឈ្នះ​ការ​បោះ​ឆ្នោត នៅ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នោះ​ទេ ក្រៅ​តែ​ការ​ប្រកាស​ដោយ​មន្ត្រី​រដ្ឋាភិបាល ថា​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។
ប៉ុន្តែ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំពី​ការ​បោះ​ឆ្នោត​មិន​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហើយ​លោក​ក៏​បាន​បដិសេធ​ចោល​នូវ​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នោះ​ថែម​ ទៀត។ លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​បើក​ការ​ស៊ើប​អង្កេត​អំពី​ភាព​មិន​ ប្រក្រតី​ទាំង​ឡាយ​ដែល​កើត​មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត និង​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស និង​ក្រៅ​ប្រទេស ចូល​រួម​ធ្វើ​មហា​បាតុកម្ម ប្រសិន​បើ គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នោះ។ ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី៨ ខែ​សីហា បាន​ព្រមាន​ដល់ លោក សម រង្ស៊ី និង​អ្នក​ចូល​រួម​បាតុកម្ម ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ក្នុង​ករណី​បង្ក​អំពើ​ហិង្សា និង​បំផ្លិច​បំផ្លាញ​សន្តិសុខ​ជាតិ។
ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពលរដ្ឋ​ក្រុង​ភ្នំពេញ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន មាន​ការ​ព្រួយ​បារម្ភ​អំពី​សកម្មភាព​ចល័ត​កងទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​តាម​រថយន្ត និង​រថពាសដែក​របស់​រដ្ឋាភិបាល នៅ​ក្នុង​ពេល​មាន​ដំណឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ដែល​មិន​ត្រឹមត្រូវ៕

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត