ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, June 19, 2013
សង្គម​ស៊ីវិល និង​សហជីព​ក្នុង​វិស័យ​កាត់​ដេរ បាន​សង្កេត​ឃើញ​ថា នៅ​ឆ្នាំ​២០១៣ នេះ កម្មករ​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង បាន​ធ្វើ​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ទៅ​ថៅកែ​រោងចក្រ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ ​មុន។

 ដោយ ខែ សុណង
2013-06-19
កម្មករ​បិទ​ផ្លូវ ខេត្ត​កណ្ដាល ៣០៥
កម្មករ​រោងចក្រ​ស្បែក​ជើង​មែកណេតធ៍ ហ៊្វូតវែរ
 (Magnate Foot Wear) សាខា​ទី១
 ធ្វើ​កូដកម្ម​បិទ​ផ្លូវ នា​ស្រុក​កណ្ដាល​ស្ទឹង 
ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Ouk Savborey

ការ​តវ៉ា​របស់​កម្មករ​នេះ​ទៀត​សោត ក្រៅ​ពី​កូដកម្ម​មិន​ចូល​ធ្វើ​ការ​នោះ ពួក​គាត់​បាន​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ទៀត​ផង។ ទាក់ទង​ករណី​នេះ រដ្ឋាភិបាល​បាន​ណែនាំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់ ឲ្យ​ចាត់​វិធាន​ការ និង​ចុះ​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ការពារ​រោងចក្រ សហគ្រាស ដែល​មាន​ទីតាំង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជៀសវាង​នូវ​ការ​ធ្វើ​កូដកម្ម បាតុកម្ម ដែល​អាច​ប៉ះពាល់​ដល់​ការ​វិនិយោគ។ លោក​ចាត់​ទុក​ថា ការ​វិនិយោគ​លើ​វិស័យ​កាត់​ដេរ គឺ​ជា​ឆ្នាំង​បាយ​របស់​កម្មករ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​វិទ្យាល័យ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ថ្ងៃ​ទី១៩ មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​សរសើរ​ពី​ផល​ចំណេញ​មក​ដល់​ពលរដ្ឋ​ដែល​បាន​មក​ពី​ការ​វិនិយោគ​របស់​ បរទេស និង​អ្នក​វិនិយោគ​នៅ​ក្នុង​ស្រុក ដែល​បច្ចុប្បន្ន​ទំហំ​នៃ​ការ​នាំ​ចេញ​កំពុង​មាន​កំណើន​នោះ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​បាន​ណែនាំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ចុះ​អន្តរាគមន៍​ជា​បន្ទាន់ ដែល​លោក​បាន​ថ្លែង​ចំ​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​ស្រុក​អង្គស្នួល ដែល​តំបន់​នោះ​សម្បូរ​ទៅ​ដោយ​រោងចក្រ​សហគ្រាស។

ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​និយាយ​បែប​នេះ​មិន​បាន​សំដៅ​ឲ្យ​ភាគី​រោងចក្រ​ធ្វើ​ការ​គាប​សង្កត់​ កម្មករ​នោះ​ទេ។
កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ ស្ដីពី​ការ​ប្រគល់​ភារកិច្ច​ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ជួយ​សម្រប​សម្រួល​ការ​គ្រប់គ្រង​រោងចក្រ សហគ្រាស ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ខេត្ត។ សារាចរ​ណែនាំ​នេះ មាន​ចំនួន ៥​ចំណុច ដែល​សំដៅ​ឲ្យ​អភិបាល​រាជធានី​ខេត្ត ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល គាំទ្រ​ដល់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុង​ដំណើរ​ការ​ផលិតកម្ម​អាជីវកម្ម​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន។ 

អាជ្ញាធរ​រាជធានី​ខេត្ត មាន​សិទ្ធិ​អញ្ជើញ​នាយក​រោងចក្រ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​វិវាទ និង​ក្នុង​ករណី​មាន​វិវាទ​ការងារ កូដកម្ម ឬ​បាតុកម្ម អភិបាល​រាជធានី​ខេត្ត ត្រូវ​ចាត់​វិធាន​ការ​ដោះស្រាយ​តាម​បទប្បញ្ញត្តិ​ជា​ធរមាន ឬ​ជា​ពិសេស​តាម​បទ​បញ្ជា​លេខ​០៣ ស្ដីពី​ការ​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់​ឧស្សាហកម្ម។

យ៉ាង​នេះ​ក្ដី មន្ត្រី​សហជីព បាន​សាទរ​ចំពោះ​សារាចរ​របស់​រដ្ឋាភិបាល​នេះ។ ប៉ុន្តែ​មាន​ការ​ស្នើ​សុំ​ដើម្បី​កែលំអ​ចំណុច​ខ្លះ។
ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ លោក ជួន មុំថុល បាន​គាំទ្រ​ថា សារាចរ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​កម្មករ ប៉ុន្តែ​កន្លង​មក​លោក​បាន​កត់​សម្គាល់​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​ហាក់​មាន​ភាព​អសកម្ម ដោយ​យល់​ថា​ពុំ​មែន​ជា​បញ្ហា​អាទិភាព​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​កម្មករ​តវ៉ា​កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​សង្កេត​ឃើញ​ថា អាជ្ញាធរ​ដែនដី​នៅ​ពុំ​មាន​ភាព​ឯករាជ្យ​នោះ​ទេ ហើយ​មាន​ភាព​លំអៀង នៅ​ពេល​ដែល​កម្មករ​កម្មការិនី​មាន​កូដកម្ម​បាតុកម្ម​ផ្ទុះ​ឡើង ដែល​លោក​អាច​និយាយ​បាន​ថា មាន​ការ​ចរចា​ថវិកា​ជាមួយ​ភាគី​រោងចក្រ ដើម្បី​បង្ក្រាប​កម្មករ​ជា​ជាង​ស្វែង​យល់​ពី​បញ្ហា​ដែល​នាំ​ឲ្យ​កម្មករ​ តវ៉ា។

កាល​ពី​សប្ដាហ៍​មុន កម្មករ​កម្មការិនី​រោងចក្រ​សាប៊្រីណា (Sabrina) បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដើម្បី​សុំ​ដំឡើង​ប្រាក់​ឈ្នួល និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ទៅ​ថៅកែ​រោងចក្រ ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ។

កម្មការិនី ខេង ម៉ៅ ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម បាន​អះអាង​ថា អាជ្ញាធរ​ដែល​ចុះ​ទៅ​ភាគ​ច្រើន គឺ​បាន​ត្រឹម​តែ​បង្ក្រាប​កម្មករ​ប៉ុណ្ណោះ មិន​បាន​ជួយ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​ចាត់​ទុក​ថា សារាចរ​របស់​រដ្ឋាភិបាល គឺ​ជា​សញ្ញា​មួយ​ល្អ​ដល់​កម្មករ។ លោក​មាន​ប្រសាសន៍​ថា ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ដែល​នាំ​ឲ្យ​កម្មករ​នៅ​តែ​តវ៉ា​នោះ គឺ​ដោយសារ​តែ​បញ្ហា​ប្រាក់​ឈ្នួល​ទាប ដែល​មិន​ទាន់​ធានា​ឲ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​នៅ​ឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​មាន​តួនាទី​ជំរុញ​ឲ្យ​ភាគី​កម្មករ និង​រោងចក្រ​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ។

សហជីព​សេរី​កម្មករ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៣ មាន​កូដកម្ម បាតុកម្ម​ជិត ១០០​លើក ដោយ​ឡែក​ក្នុង​រោងចក្រ​ក្នុង​មួយ​ខែ​អាច​មាន​កូដកម្ម​ដល់​ទៅ ៥​ដង​ក៏​មាន។ កម្មករ​ធ្វើ​ការ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​មាន​ប្រមាណ ៧០​ម៉ឺន​នាក់។ ចំណែក​រោងចក្រ​នៅ​កម្ពុជា មាន​ជាង ៦០០​រោងចក្រ​សហគ្រាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត