ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, July 31, 2013
ស្រប​ពេល​ដែល​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៥ នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​បន្ទាន់​មួយ ស្ដីពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ ឆ្នោត​កាល​ពី​ថ្ងៃ​​​២៨ កក្កដា ដែល​​រៀប​ចំឡើង​ដោយ​គណបក្ស​ប្រជាជន សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។
ដោយ ចេង ម៉េងជូ និង វណ្ណ វិចារ
2013-07-31
បោះ​ឆ្នោត ៣០៥
២៨-កក្កដា-២០១៣៖ ជំនួយ​ការ​ការិយាល័យ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​មួយ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជ្រលក់​ម្រាមដៃ​អ្នក​បោះ​ឆ្នោត​ក្នុង​ដប​ទឹក​ខ្មៅ។
RFA/Mom Sophon
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​ចេញ​របាយ​ការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​៣១ កក្កដា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មាន​លក្ខណៈ​ជា​ ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។របាយការណ៍​នេះ​រៀប​រាប់​អំពី​ករណី​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ ធ្ងន់ធ្ងរ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ហើយ​ថែម​ទាំង​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​បម្រើ​ ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ផង។

អង្គការ​នេះ​បាន​ស៊ើប​អង្កេត​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​ឲ្យ​គណបក្ស​កាន់​អំណាច មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែងក្លាយ និង​បាន​រៀបចំ​ឲ្យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​អាច​បោះ​ឆ្នោត​បាន​ច្រើន​ កន្លែង។
មេ​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ផ្ដល់​បទសម្ភាសន៍​ដល់ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ដោយ​​បង្ហាញ​ពី​របៀប​ដែល​អាជ្ញាធរ​មូលដ្ឋាន​របស់​គាត់​ក្លែង​បន្លំ​ឯកសារ​ បញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នក​បោះ​ឆ្នោត។ ឯកសារ​នេះ​អាច​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បោះ​ឆ្នោត​បាន ទោះ​បី​ជា​មិន​មាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ស្រប​ច្បាប់​ក៏​ដោយ។
កិច្ចការ ​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេបញ្ជាការ​យោធា​ម្នាក់ និង​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ម្នាក់ ហើយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ត្រូវ​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​ពួក​គេ។
របាយការណ៍​របស់​អង្គការ​នោះ​បាន​បន្ត​ទៀត​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម​ការងារ​ថ្នាក់​មជ្ឈិម​នោះ​​បាន​ចាត់​ចែង​ប្រមូល​ ​ទាហាន​ពី​បញ្ជា​ការដ្ឋាន​មួយ​ក្នុង​ខេត្ត រួម​ទាំង​ភរិយា​​របស់​ពួកគេ ឲ្យ​មក​ថត​រូប​ ហើយ​បន្ទាប់​មក​សាលា​ឃុំ និង​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ចេញ​ឯកសារ​ទាំង​នោះ​ឲ្យ​ពួក​គេ​ដើម្បី​អាច​ទៅ​បោះ​ឆ្នោត​បាន។
មាន​ករណី​មិន​ប្រក្រតី​មួយ​ទៀត​ បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ​គគីរធំ ខេត្ត​កណ្ដាល​ ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​បោះ​ឆ្នោត​បាន​ច្រើន​កន្លែង។ នៅ​ថ្ងៃ​បោះ​ឆ្នោត អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​សម្ភាស​ប្រជាពលរដ្ឋ​ជា​ច្រើន​ ដែល​រស់​នៅ​ទី​នោះ ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ រួម​ទាំង​លោក ហេង សិក្សា អនុ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នៅ​ទី​នោះ។

ង៉ោ សុវណ្ណ
លោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអតីតតំណាងរាស្ត្រគណបក្ស សម រង្ស៉ី។<br />

លោក ង៉ោ សុវណ្ណ​ ត្រូវ​បាន​រក​ឃើញ​ថា មាន​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ ៣​កន្លែង។ ទី​១ នៅ​រាជធានី​ភ្នំពេញ ទី​២ នៅ​ខេត្ត​កណ្ដាល និង​ទី​៣​ នៅ​ខេត្ត​ស្វាយរៀង ហើយ​លោក​ក៏​ជា​បេក្ខជន​​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​កណ្ដាល ផង​ដែរ។
ចំណែក​លោក ហេង សិក្សា​ ដែល​អម​ដំណើរ​លោក ង៉ោ សុវណ្ណ​ ទៅ​បោះ​ឆ្នោត​នៅ​ឃុំ​នោះ​ ក៏​មាន​ឈ្មោះ​បោះ​ឆ្នោត​មិន​តិច​ដែរ។ លោក​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ភ្នំពេញ មួយ និង​នៅ​ខេត្ត​កណ្ដាល មួយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត។
អ្នក​ភូមិ​ដែល​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នោះ​បាន​តវ៉ា​ប្រឆាំង​មិន​ ឲ្យ​ពួក​គេ​បោះ​ឆ្នោត ​ដោយ​ថា​ អ្នក​ទាំង​នោះ​មិន​មែន​ជា​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ទេ តែ​មន្ត្រី​មូលដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​បោះ​ ឆ្នោត។ នៅ​ពេល​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ ពួកគេ​បាន​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ។ ក្រោយ​ពេល​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ មាន​ប៉ូលិស​មួយ​ក្រុម​ដែល​គេ​ហៅ​ថា ប៉ូលិស​ខ្លា​ហោះ បាន​ទៅ​ដល់​តំបន់​នោះ ដើម្បី​ស្វែង​រក​មេខ្លោង​ហ៊ាន​តវ៉ា​ប្រឆាំង​ពួក​គេ​មិន​ឲ្យ​បោះ​ឆ្នោត។ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ​ សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​នោះ បាន​បង្ហាញ​ខ្លួន​ម្ដង​ទៀត ដោយ​មាន​ជន​ស៊ីវិល​ម្នាក់​ប្រដាប់​ដោយ​អាវុធ គំរាម​ថា នឹង​សម្លាប់​អ្នក​ណា​ដែល​ព្យាយាម​លាក់​បាំង​មេខ្លោង។
ចំពោះ​បញ្ហា​នេះ លោក ប្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​មាន​ប្រសាសន៍​​ក្នុង​របាយការណ៍​នោះ​ថា ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀប​ចម្ការ​បោះ​ឆ្នោត​ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​គណបក្ស​កាន់​អំណាច ប្រទេស​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ឯករាជ​អំពី​បញ្ហា​នេះ រួម​ទាំង​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ម្ចាស់​ឆ្នោត​មិន​អាច​​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​ ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​បាន​ទេ។
យូមែន រ៉ៃថ៍ វ៉ច្ឆ ទាមទារ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី
នៅ​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​៣១ កក្កដា នេះ​ដែរ នាយក​ប្រតិបត្តិ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លោក ប្រែដ អាដាម បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​សង្គម​ស៊ីវិល​ឯករាជ្យ និង​ម្ចាស់​ជំនួយ ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដើម្បី​ជឿជាក់​បាន​ថា ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ និង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​នា​ពេល​ខាង​មុខ។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា មាន​ប្រសាសន៍​ថា ចំពោះ​សំណើ​រៀបចំ​អង្គភាព​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​អង្កេត​ទៅ​លើ​ភាព ​មិន​ប្រក្រតី​ណា​មួយ​ទាក់ទង​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​នោះ គ.ជ.ប នឹង​ប្រជុំ​ពិភាក្សា​សម្រេច​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​កក្កដា ហើយ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​សីហា។
គ.ជ.ប និង​ មន្ត្រី​រដ្ឋាភិបាល​បដិសេធ
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​មន្ត្រី​រដ្ឋាភិបាល​ ប្រកាស​ច្រានចោល​របាយការណ៍​អង្កេត​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ នេះ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប មិន​អាច​ទទួល​យក​បាន​ទេ​នូវ​អ្វី​ដែល​បាន​លើក​ឡើង​ថា គ.ជ.ប អាច​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បន្លំ​សន្លឹក​ឆ្នោត​ នោះ ហើយ​រាល់​ចំណុច​អសកម្ម​ទាំង​ឡាយ គ.ជ.ប នឹង​ដោះស្រាយ​តាម​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ប៉ុណ្ណោះ មិន​មែន​ដោះស្រាយ​តាម​របាយការណ៍​របស់ យូមែន រ៉ៃថ័ វ៉ច្ឆ ទេ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ង៉ោ សុវណ្ណ និង​លោក ហេង សិក្សា ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៣។
តែ​ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​បណ្ដឹង និង​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ជា​បន្ទុក​របស់ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ លោក​បន្ត​ថា អង្គការ​អន្តរជាតិ​គួរ​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដោះស្រាយ​បញ្ហា​ខ្មែរ​និង ​ខ្មែរ ដើម្បី​ធានា​ឯករាជភាព និង​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ ហើយ​បុគ្គល ប្រែដ អាដាម មិន​គួរ​មើល​ខ្មែរ​តែ​ផ្លូវ​អាក្រក់​នោះ​ទេ។
លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ជំហរ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ទាំង​នេះ​រួម​គ្នា​ជាមួយ​បក្ស​ប្រឆាំង​ថែម​ទៀត​ផង៖ «គួរ ​តែ ប្រែដ អាដាម ហ្នឹង​វាយ​តម្លៃ​ខ្ពស់​ពី​បរិយាកាស​ល្អ​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​ កាន់​អំណាច ជា​ពិសេស​ថ្មីៗ​នេះ សម្រេច ហ៊ុន សែន លោក​រៀបចំ​គណៈកម្មការ​មួយ​ដើម្បី​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង​ថែម​ទៀត។ មាន​តែ​គណបក្ស​នយោបាយ​ដែល​ជាប់​ពាក់ព័ន្ធ​ទេ ដែល​អាច​ប្ដឹងផ្ដល់ ឬ​តវ៉ា​បាន​ដើម្បី​ឲ្យ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ។ ការិយាយ ឬ​អុចអាល​របស់ ប្រែដ អាដាម មិន​អាច​យក​ជា​ការ​បាន​ទេ»
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រោង​នឹង​ប្រកាស​លទ្ធផល​បោះ​ ឆ្នោត​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៣។ ក្នុង​នោះ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​បាន​បញ្ជាក់​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នៅ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដែល​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ទាក់ទង​នឹង​ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ ឆ្នោត ឈ្មោះ​ស្ទួន វៀតណាម​ចូល​បោះ​ឆ្នោត ទឹក​ថ្នាំ​ជ្រលក់​ដៃ​លុប​ជ្រះ​ជាដើម។
សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ជន​បរទេស​ចូល​បោះ​ឆ្នោត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​រហូត ​ដល់​ពលរដ្ឋ​ខឹងសម្បា ហើយ​ដុត​រថយន្ត​ប៉េអឹម​នៅ​ការិយាល័យ​បោះ​ឆ្នោត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។
ពលរដ្ឋ​នៅ​ស្វាយរៀង​​មិន​ស្គាល់​លោក ង៉ោ សុវណ្ណ

របាយការណ៍ ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លើក​ឡើង​ថា បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ង៉ោ សុវណ្ណ មាន​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ បី​កន្លែង គឺ​នៅ​ភ្នំពេញ ខេត្ត​កណ្ដាល និង​នៅ​ខេត្ត​ស្វាយរៀង។

នៅ​ក្នុង​បញ្ជី​ ឈ្មោះ​បោះ​ឆ្នោត​មួយ​របស់ គ.ជ.ប បង្ហាញ​ឈ្មោះ​លោក ង៉ោ សុវណ្ណ​ នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​បឋម​សិក្សា​ក្រោលគោ នៅ​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា ពួកគាត់​ពុំ​ដែល​​ស្គាល់​រូប​លោក ង៉ោ សុវណ្ណ នោះ​ឡើយ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហ៊ុំ ចំរើន ពី​ខេត្ត​ស្វាយរៀង៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 http://www.rfa.org/khmer/news/politics/hrw-releases-irregularity-of-cam-election-07312013071054.html

0 comments:

Post a Comment

Thank you for your comments!













Search